Yahoo សម្រេចចិត្ត​ថា មិន​ផ្តាច់​ចេញ​ភាគហ៊ុន​នៅ​ក្នុង Alibaba ឡើយ

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Yahoo បានឱ្យ​ដឹង​ថា ខ្លួន​នឹង​រិះរក​មធ្យោបាយ​ដែល​មិន​ផ្តាច់​ចេញ​នូវ​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​អីុ​ន​ធើ​រ​ណេ​ត​យក្ស​របស់​ចិន Alibaba ដែល​នឹង​បែងចែក​នូវ​ប្រតិបត្តិការ​ស្នូល​របស់​ក្រុមហ៊ុន​អីុ​ន​ធើ​រ​ណេ​ត​នេះ​ពី​ភាគហ៊ុន​របស់​ខ្លួន ។

ក្រុមហ៊ុន​អ្នកត្រួសត្រាយ​អីុ​ន​ធើ​រ​ណេ​ត​មួយ​នេះ​ថែម​ទាំង​លើក​ឡើង​ថា ការ​ផ្លាស់​ប្តូរ​នា​ពេល​នេះ នឹង​បង្កើត​នូវ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​សាធារណៈ​ដាច់​ដោយឡែក​ចំនួន​ពីរ ដោយ​រាប់​បញ្ចូល​ទាំង​ក្រុមហ៊ុន​មួយ​ជា​គ្រឹះ​សំខាន់​របស់ Yahoo ដែល​កំពុង​ពុះពារ​នឹងឧបសគ្គ ។

Yahoo ឱ្យ​ដឹង​ទៀត​ថា ខ្លួន​កំពុង​តែ​ពន្យារពេល​នូវ​គម្រោង​លើក​មុន​របស់​ខ្លួន ដើម្បី​បង្កើត​នូវ​ស្ថាប័ន​ថ្មី​មួយ ដែល​នឹង​កាន់កាប់​ភាគហ៊ុន​ជា​ច្រើន​ប៊ី​លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន​យក្ស Alibaba​។

ជំនួញ​នេះ​ត្រូវ​បាន​គេ​ប្រមើល​មើល​ថា នឹង​រួច​ពន្ធ ប៉ុន្តែ​មន្ត្រី​សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា ពួក​គេ​អាច​មិន​រ៉ាប់រង​លើ​កិច្ចការ​ទាំងនេះ​ក្នុង​ការ​ធ្វើ​ឲ្យ​លូតលាស់​ទៅ​មុខ​នោះ​ឡើយ ។
គម្រោង​ថ្មី​នេះ​នឹង​ផ្ទេរ​នូវ​ទ្រព្យសកម្ម និង​ទ្រព្យអកម្ម (​បំណុល​) របស់ Yahoo ជា​ជាង​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Alibaba ទៅ​ក្នុង​ក្រុមហ៊ុន​ដែល​បង្កើត​ថ្មី ចំណែក​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​នឹង​ត្រូវ​បែងចែក​ឲ្យ​ម្ចាស់​ហ៊ុន​របស់ Yahoo ។

វា​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ភ្លាម​ៗ​នោះ​ទេ ចំពោះ​អ្វី​ដែល​ជំនួញ​នេះ​នឹង​ផ្តោត​លើ​សម្រាប់​ប្រតិបត្តិការ​ស្នូល​របស់ Yahoo ។ អ្នកវិភាគ​មានការ​ជឿជាក់​ថា Yahoo ចាំ​បាច់​​ត្រូវ​កាត់​បន្ថយ​យ៉ាងច្រើន​នូវ​ប្រតិបត្តិការ​មួយ​ចំនួន ឬ​ការ​លក់​ក្នុង​ក្រុមហ៊ុន ជាដើម ។

ក្រុមហ៊ុន​កំពុង​ស្វែងរក​នូវ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ជោគវាសនា​របស់​ខ្លួន ក្រោម​ការ​ដឹកនាំ​របស់​នាយក​ប្រតិបត្តិ Marissa Mayer ប៉ុន្តែ​ប្រ​តិ​ប​តិ្ត​ការ​ស្នូល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា នៅ​មាន​កម្រិត​តិចតួច ឬ​ពុំ​មាន​តម្លៃ​ទីផ្សារ​តែ​ម្តង ។

តម្លៃ​ទីផ្សារ​របស់ Yahoo បាន​ពឹងផ្អែក​ទៅ​លើ​តម្លៃ​ផ្សារ​ហ៊ុន​របស់​ខ្លួន គឺ​ច្រើន​ជាង​៣២​ប៊ី​លាន​ដុល្លារ ប៉ុន្តែ​ភាគច្រើន​ក្នុង​ចំណោម​ភាគហ៊ុន​ទាំងនោះ គឺ​ផ្អែក​ទៅ​លើ​តម្លៃ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Alibaba ។ ពាណិជ្ជកម្ម​ស្នូល​រាប់​បញ្ចូល​ទាំង​សមាសភាព​ស្រាវជ្រាវ​អីុន​ធើ​រ​ណេ​តរបស់​ក្រុមហ៊ុន និង​កម្រិត​នៃ​ការ​ផ្សព្វផ្សាយ​តាម​អន​ឡាញ ព្រម​ទាំង​ប្រតិបត្តិការ​នៃ​ព័ត៌មាន​ឌី​ជី​ថ​ល ។

កាលពី​ខែ​មុន មូលនិធិ​ការពារ​ហានិភ័យ និង​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Yahoo បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​លក់​ពាណិជ្ជកម្ម​ស្នូល​របស់​ខ្លួន ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​ស្រាយ​តម្លៃ​កាន់តែ​ច្រើន​សម្រាប់​ម្ចាស់​ហ៊ុន​ទាំងឡាយ ។ Yahoo លើក​ឡើង​ទៀត​ថា គម្រោង​ថ្មី​នេះ​នឹង​ផ្តល់​គុណប្រយោជន៍​ដល់​ម្ចាស់​ភាគហ៊ុន​របស់​ខ្លួន ។

លោក Marissa Mayer មាន​ប្រសាសន៍​ថា ៖ « ក្រៅពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើន​តម្លៃ និង​បន្ថយ​នូវ​ភាព​មិន​ច្បាស់លាស់​សម្រាប់​វិនិយោគិន ការ​ខណ្ឌ​ចែក​ផ្តាច់មុខ​នៃ​ភាគហ៊ុន​របស់​យើង​ក្នុង Alibaba នឹង​ក្លាយជា​សារសំខាន់​សម្រាប់​បន្ត​ផ្ទេរ​ជំនួញ » ។

នៅ​ក្នុង​ឆ្នាំ​២០១៦ យើង​នឹង​ធ្វើការ​រឹត​បន្តឹង​លើ​ការ​វិនិយោគ​ជា​អាទិភាព​បន្ថែម​ទៀត ដើម្បី​ជំរុញ​នូវ​លទ្ធភាព​ចំណេញ និង​កំណើន​រយៈពេល​យូរអង្វែង ៕