AEC នឹង​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​អចលនទ្រព្យ​វៀតណាម

ប្រទេស​វៀតណាម ៖ អ្នកជំនាញ​និយាយ​ថា ការ​បង្កើត​ឡើង​នូវ​សមាគម​សេដ្ឋកិច្ច​អាស៊ាន (AEC) នឹង​នាំ​មក​នូវ​កាលានុវត្តភាព​ច្រើន​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ផ្នែក​អចលនទ្រព្យ ជា​ពិសេស ការិយាល័យ និង​ទីធ្លា​លក់រាយ​សម្រាប់​ជួល​តែ​ម្តង ។

តម្រូវការ​សម្រាប់​ការិយាល័យ និង​ទីធ្លា​លក់រាយ​នឹង​កើនឡើង ដោយសារ​តែ​គេ​ប៉ាន់​ប្រមាណ​ពី​កំណើន​នៃ​ការ​ហូរ​ចូល​ពាណិជ្ជកម្ម​មក​ទីផ្សារ​វៀតណាម បន្ទាប់​ពី​ប្រទេស​នេះ​សម្រេច​ធ្វើ​សមាហរណកម្ម​អន្តរជាតិ ជាមួយនឹង​ការ​បង្កើត​សមាគម​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​នេះ ។

យោង​តាម​អគ្គនាយក​ក្រុមហ៊ុន Dat Lanh Real Estate លោក Nguyen Van Duc បាន​មាន​ប្រសាសន៍​ថា ៖ « ការ​កើនឡើង​នៃ​តម្រូវការ​នេះ នឹង​ជួយ​ឲ្យ​មានការ​ទិញ​ស្តុក​នូវ​ការិយាល័យ និង​ទីធ្លា​លក់រាយ​តាម​សេចក្តី​ត្រូវការ » ។

ចំណែក​លោក Desmond Sim ថ្នាក់ដឹកនាំ​ក្រុមហ៊ុន CBRE Research សម្រាប់​សិង្ហ​បុរី និង​អាស៊ី​អាគ្នេយ៍ ត្រូវ​បាន​សារព័ត៌មាន​វៀតណាម​ញូ​វ ដកស្រង់​សម្តី​ថា ៖ « សមាគម​សេដ្ឋកិច្ច​អាស៊ាន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​ទៅ​លើ​ទីផ្សារ​វិនិយោគ​ក្នុង​តំបន់​អាស៊ាន ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​វិនិយោគ​បរទេស​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​នីមួយ​ៗ » ។

យើង​សង្កេត​ឃើញ​ថា បណ្តា​វិនិយោគិន​បរទេស ក៏​កំពុង​សម្លឹង​មើល​នូវ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​សមាគម​សេដ្ឋកិច្ច​អាស៊ាន​ដែរ ។ លោក Desmond Sim បាន​ថ្លែង​បន្ត​ថា ៖ « កាលានុវត្តភាព​វិនិយោគ គួរតែ​ជា​ប្រភព​មក​ពី​ទីផ្សារ​ដែល​កំពុង​រើប​ឡើង​ដូច​ជា​វៀតណាម » ។

តាម​ការ​ស្ទង់​មតិ​ដោយ​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ Alternaty បាន​រក​ឃើញ​ថា​ទីផ្សារ​អចលនទ្រព្យ​របស់​វៀតណាម កំពុង​ផ្តល់​នូវ​កាលានុវត្តភាព​វិនិយោគ​ដែល​គួរ​ឲ្យ​ទាក់ទាញ​បំផុត​នៅ​ក្នុង​តំបន់​ជាមួយ​សក្តានុពល និង​ភាព​អាច​ជោគជ័យ​នៃ​ប្រាក់​ចំណេញ​របស់​ខ្លួន ។ លើស​ពី​នេះ​ទៀត សេដ្ឋកិច្ច​វៀតណាម គឺ​ស្ថិត​នៅ​លើ​ផ្លូវ​នៃ​ការ​រើប​ឡើង​វិញ​ដ៏​រឹង​មាំ ហើយ​ប្រព័ន្ធ​ច្បាប់​វិនិយោគ និង​ពាណិជ្ជកម្ម​លើ​ផ្នែក​អចលនទ្រព្យ ក៏​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​ផង​ដែរ ។

តាម​តួលេខ​ចុង​ក្រោយ​របស់​ទីភ្នាក់ងារ​វិនិយោគ​បរទេស​បង្ហាញ​ថា ពាណិជ្ជកម្ម​ពី​បណ្តា​សមាជិក​អាស៊ាន​ទាំងឡាយ​បាន​បញ្ចូល​នូវ​ទឹកប្រាក់​សរុប​ជាង​១៦,៩​ប៊ី​លាន​ដុល្លារ​ក្នុង​គម្រោង​អចលនទ្រព្យ​ចំនួន​៩៧ នៅ​ទូ​ទាំង​ប្រទេស​វៀតណាម បើ​គិត​មក​ដល់​ថ្ងៃ​ទី​២០ តុលា​នេះ ។

រីឯ​របាយការណ៍​ថ្មី​ៗ​នេះ​របស់ CBRE បង្ហាញ​ថា សមាគម​សេដ្ឋកិច្ច​អាស៊ាន គឺជា​ការ​ជំរុញ​នូវ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ ម្យ៉ាងទៀត AEC នឹង​លើកទឹកចិត្ត​ដល់ទី​ផ្សារ​ឧស្សាហកម្ម​ដែល​នឹង​ងាក​ទៅ​រក​លទ្ធផល​វិជ្ជមាន​ខ្លះ​ៗ​លើ​ទីផ្សារ​លក់រាយ និង​ការិយាល័យ ស្រប​ពេល​ក្រុមហ៊ុន​ជា​ច្រើន​បាន​ឈាន​ជើង​ចូល​ក្នុង​តំបន់​នេះ ហើយ​ក្រុមហ៊ុន​មួយ​ចំនួន ក៏​បាន​ពង្រីក​ខ្លួន​ផង​ដែរ ។

របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា បណ្តា​អ្នក​លក់រាយ​បរទេស​ជា​ច្រើន ក៏​គ្រោង​នឹង​ផ្សងព្រេង​នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ ។ ទោះបីជា​យ៉ាងណា វៀតណាម​ចាំបាច់​ត្រូវធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង​ការិយាល័យ និង​ទីធ្លា​លក់រាយ ដើម្បី​ការពារ​ភាព​ងាយ​នឹង​ប្រែប្រួល​នៃ​ការ​ជួល​លក់រាយ ។

ជាង​នេះ​ទៀត អចលនទ្រព្យ​ទេសចរណ៍ ក៏​បាន​ផ្តល់​នូវ​កាលានុវត្តភាព​វិនិយោគ​ដ៏​ប្រសើរ​ផង​ដែរ ស្រប​ពេល​ដែល​វិស័យ​ទេសចរណ៍​ជា​ចំណុច​ភ្លឺស្វាង​មួយ​សម្រាប់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​ការ​បោះ​ជំហាន​នៃ​សមាគម​សេដ្ឋកិច្ច​អាស៊ាន ដែល​ផ្តោត​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​មក​ទស្សនា​តំបន់នេះ ៕