វៀតណាម​អួត​បច្ចេកវិទ្យា​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ដ៏​ទំនើប​របស់​ខ្លួន

ប្រទេស​វៀតណាម ៖ ការ​ប្រើ​បច្ចេកវិទ្យា​ដ៏​ទំនើប​ក្នុង​ការ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ដោយ​ចំណាយ​តិច​នោះ គឺជា​ហេតុផល​មួយ​ដែល​វៀតណាម​បាន​ក្លាយជា​អ្នក​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ជាប់​លំដាប់ថ្នាក់​លេខ​១ នៅ​លើ​ពិភពលោក ។

ការ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី គឺ​ស្ថិត​ក្នុង​ចំណោម​ឧស្សាហកម្ម​កម្រ​មួយ​ដែល​បាន​ផលិត​ឡើង​ដោយ​ម៉ាស៊ីន​របស់​វៀតណាម និង​មាន​អំណោយ​ផង​ដែរ ។ ម៉ាស៊ីន​នោះ​អាច​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ប្រកបដោយ​គុណភាព​ខ្ពស់ និង​មាន​តម្លៃ​ទាប​ទៀត​ផង ។

កាលពី​អតីតកាល សហគ្រាស​វៀតណាម​ធ្លាប់​ប្រើ​ម៉ាស៊ីន​ដែល​នាំ​ចូល​ថ្លៃ​មក​ពី​ប្រទេស​អីុតា​លី ដើម្បី​កែ​ច្នៃ​ផលិតផល​នេះ​ក្នុង​តម្លៃ​ខ្ទង់​ប្រមាណ​ជា​២៧.០០០​អឺ​រូ ព្រមទាំង​ទិញ​សម្ភារ​បរិក្ខារ​ថ្លៃ​ៗ​ថែម​ទៀត ហើយ​ត្រូវ​ចំណាយ​ទៅ​លើ​ថ្លៃ​ផលិតកម្ម​ខ្ពស់ ។

ម៉ាស៊ីន​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​មាន​ប្រភព​សំខាន់​ៗ​មក​ពី​ប្រទេស​ចិន អីុ​តា​លី និង​ឥណ្ឌា ។ ទោះជា​យ៉ាងណា ការ​នាំ​ចូល​ម៉ាស៊ីន​ទាំងនោះ​ត្រូវ​បាន​ជំនួស​មក​វិញ​ដោយ​ផលិត​ផល​ដែល​ផលិត​នៅ​ក្នុងស្រុក​វិញ ។ បច្ចុប្បន្ន ម្ចាស់​សហគ្រាស​វៀតណាម​បាន​ចំណាយ​ត្រឹមតែ​២៥០​លាន​ដុ​ង​ប៉ុណ្ណោះ​សម្រាប់​ម៉ាស៊ីន​ដែល​ផលិត​ក្នុងស្រុក ។

ដើម្បី​បង្កើន​ការ​ប្រកួតប្រជែង​ឱ្យ​កាន់តែ​ខ្លាំង​ឡើង អ្នក​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី ស្វែង​យល់​ថា ពួក​គេ​ចាំបាច់​ត្រូវ​បន្ធូរបន្ថយ​ក្នុង​ការ​ពឹងផ្អែក​តែ​លើ​ការ​នាំ​ចូល​ម៉ាស៊ីន​ពី​បរទេស ។
អគ្គ​នាយ​ក្រុមហ៊ុន Khuon May Viet (Viet Prototype) លោក Nguyen Xuan Khoi បាន​កត់​សម្គាល់ថា ៖ « ម៉ាស៊ីន​ដែល​ផលិត​នៅ​វៀតណាម ត្រូវ​ប្រើ​៨​ដំណាក់កាល​ក្នុង​ចំណោម​ដំណាក់កាល​កែ​ច្នៃ​ទាំង​៩ ។ ចំណុច​នេះ​អនុញ្ញាត​ឲ្យ​សហគ្រាស​អាច​សន្សំ​សំចៃ​បាន​ដល់​ទៅ​រាប់​ប៊ី​លាន​ដុ​ង និង​អាច​កាត់​បន្ថយ​ការ​ចំណាយ​បាន​ច្រើន​ទៀត​ផង ។ តម្លៃ​ផលិតផល​ដែល​ផលិត​ក្នុងស្រុក គឺ​ស្មើនឹង​៥០% ទៅ​៨០% នៃ​ការ​នាំ​ចូល » ។

ម្យ៉ាងទៀត ម៉ាស៊ីន​ដែល​ផលិត​ក្នុង​ប្រទេស​នោះ គឺ​មិន​អន់​ជាង​ផលិតផល​ដែល​យក​មក​ពី​បរទេស​ឡើយ ។ ករណី​ខ្លះ ម៉ាស៊ីន​របស់​វៀតណាម​ល្អ​ជាង​ផលិតផល​អុ​ី​តា​លី និង​ឥណ្ឌា​ទៅ​ទៀត ។ ជាក់ស្តែង ម៉ាស៊ីន​វៀតណាម​មាន​ភាគរយ​នៃ​ការ​ជម្រុះ​សម្បក​គ្រាប់ស្វាយចន្ទី ខ្ពស់​ជាង​ម៉ាស៊ីន​របស់​អីុ​តា​លី ។

ឥណ្ឌា គឺជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​ប្រើ​បច្ចេកវិទ្យា​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ទំនើប ហើយ​ក៏​ជា​អ្នក​ផ្គត់ផ្គង់​ម៉ាស៊ីន​ដល់​វៀតណាម​នោះ ក៏​បាន​ទិញ​ម៉ាស៊ីន​ពី​វៀតណាម​ទៅ​ប្រើ​វិញ​ដែរ ។

ទោះជា​យ៉ាងណា គេ​ព្យាករ​ថា វៀតណាម​អាច​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​បាន​ចំនួន​១,៣​លាន​តោន​ក្នុង​មួយ​ឆ្នាំ ៕​