រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ត្រៀម​តទល់​គ្នា​នៅ​តុលាការ​រឿង​បំណុល

ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​៩ ធ្នូ បាន​ចេញ​បញ្ជា​ដល់​រដ្ឋាភិបាល​លោក​ឱ្យ​តតាំង​ជាមួយ​អ៊ុយ​ក្រែ​ន​នៅ​មុខ​តុលាការអន្តរជាតិ ប្រសិនបើ​អ៊ុយ​ក្រែ​ន​ពុំ​សងបំណុល​ខ្លួន​៣​ពាន់​លាន​ដុល្លារ​ក្នុង​ខែ​នេះ ដែល​ក្រុង​គៀវ​បដិសេធ​លក្ខខណ្ឌ​បច្ចុប្បន្ន ។

ភ្លាម​ៗ​នៅ​ទីក្រុង​គៀវ​នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោក ARSENI IATSENIOUK ឆ្លើយ​តប​ថា ប្រសិនបើ​រុ​ស្ស៊ី​ប្តឹង​អ៊ុយ​ក្រែ​ន យើង​ត្រៀម​ឡើង​តុលាការ​ជាមួយ​រុ​ស្ស៊ី ។

ប្រទេស​ជិតខាង​ទាំង​២​មាន​វិបត្តិ​ជាមួយ​គ្នា​យ៉ាង​ខ្លាំង ចាប់តាំងពី​មានការ​បះបោរ​ស្និទ្ធ​អឺរ៉ុប ដែល​នាំ​ទៅ​ដល់​ការ​ដួល​រលំ​របប​ស្និទ្ធ​រុ​ស្ស៊ី​របស់​ប្រធានាធិបតី លោក​វិក​ទ័​រ អីុ​យ៉ា​នូ កូ​វីត និង​ការ​បញ្ចូល​តំបន់​គ្រី​មេ​ក្នុង​ដែនដី​រុ​ស្ស៊ី បន្ទាប់​មក​ជម្លោះ​នៅ​ភាគ​ខាងកើត​ប្រទេស​ជាមួយ​ពួក​បំបែក​ខ្លួន​និយម ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៩.០០០​នាក់​ហើយ ។

ក្នុង​ចំណោម​រឿង​ទាស់​គ្នា​ជា​ច្រើន​បច្ចុប្បន្ន​ក្រុង​មូ​ស្គូ និង​ក្រុង​គៀវ​ប្រកាន់​ជំហរ​រឹង​រៀង​ៗ​ខ្លួន​ទាក់ទិន​នឹង​ប្រាក់​បំណុល​ដែល​អ៊ុយ​ក្រែ​ន​ជំពាក់​រុ​ស្ស៊ី​៣​ពាន់​លាន​ដុល្លារ ផ្តល់​ឱ្យ​របប​លោក​អុ​ី​យ៉ា​នូ កូ​វីត ប៉ុន្មាន​ស​ប្តា​ហ៍​មុន លោក​ចាក​ចេញពី​អំណាច ។

ពេល​សួរ​ដោយ​បណ្តា​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី​ពី​រឿង​បំណុល​នេះ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រុ​ស្ស៊ី លោក​អាន​តុ​ន ស៊ី​លូ អា​ណូ​វ បញ្ជាក់​ថា យោង​តាម​បណ្តា​បទដ្ឋាន​អន្តរជាតិ​ពេល​ថ្ងៃ​កំណត់​ចុង​ក្រោយ​សម្រាប់​សងបំណុល​ផុត​ត្រឹម​ថ្ងៃ​ទី​២០ ធ្នូ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​នឹង​មាន​ពេល​១០​ថ្ងៃ​ទៀត​សម្រាប់​សង​មុន​ពេល​រុ​ស្ស៊ី​ប្តឹង​ទៅ​តុលាការអន្តរជាតិ ៕