ចិន​បាញ់​បង្ហោះ​ផ្កាយ​រណប​ទូរគមនាគមន៍​ថ្មី

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​នា​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ បាន​បាញ់​បង្ហោះ​ប្រកបដោយ​ជោគជ័យ​នូវ​ផ្កាយ​រណប​ទូរគមនាគមន៍​មួយ​ទៅ​កាន់​តារាវិថី​ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​ស៊ី​ចាង ។

ផ្កាយ​រណប «CHINASAT 1C» ត្រូវ​បាញ់​បង្ហោះ​នា​វេលា​ម៉ោង​០​និង​៤៦​នាទី​ម៉ោង​ក្នុងស្រុក តាម​រយៈ​កាំជ្រួច​បញ្ជូន LONGUE MARCHE-3B ដើម្បី​បម្រើ​សេវាកម្ម​ផ្សាយ​ទូរទស្សន៍​មានគុណ​ភាព​ខ្ពស់ ព្រមទាំង​ផ្តល់​ទិន្នន័យ​ទាំងឡាយ ។

ផ្កាយ​រណប​នេះ​ផលិត​ដោយ​បណ្ឌិតសភា​បច្ចេកវិទ្យា​អវកាស​ចិន ហើយ​ជា​របស់​ក្រុមហ៊ុន CHINA SATELLITE COMMUNICATIONS CO. LTD ។

ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នេះ​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ជា​ការ​បាញ់​បង្ហោះ​លើក​ទី​២២០ តាម​រយៈ​កាំជ្រួច​បញ្ជូន LONGUE MARCHE ផលិត​ដោយ​ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អវកាស​ចិន ៕