ប្រធានាធិបតី​តួ​ក​គី​អះអាង​ពី​ការ​មិន​ដក​កងទ័ព​ចេញពី​អីុរ៉ា​ក់

ប្រធានាធិបតី​តួ​ក​គី លោក​រី​សេ​ប តៃ​យី​ប អ័​រ​ដូ​ហ្គា​ន អះអាង​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ថា​កា​រដក​កងទ័ព​តួ​ក​គី​ចេញពី​អីុ​រ៉ា​ក់​មិន​អាច​ធ្វើ​ទៅ​បាន ហើយ​លោក​បន្ត​ថា កង​ទាហាន​តួ​ក​គី​នៅ​អីុ​រ៉ា​ក់​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ជួយ​បណ្តុះបណ្តាល ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​អ័​រ​ដូ​ហ្គា​ន ថ្លែង​ថា ការ​ដាក់​ពង្រាយ​កងទ័ព​តួ​ក​គី​នៅ​អីុ​រ៉ា​ក់​មាន​តាំងពី​ឆ្នាំ​២០០២ រួច​កង​ទាហាន​តួ​ក​គី​បន្ថែម​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​ឆ្នាំ​២០០៤ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់ លោក​ហៃ​អីុឌ័​រ អាល់​អា​បា​ឌី ។

ប្រធានាធិបតី​តួ​ក​គី​ពោល​ថា កង​ទាហាន​តួ​ក​គី​មាន​វត្តមាន​ជិត​ក្រុង​ម៉ុ​ស​ស៊ុ​ល​ពុំ​មែនមាន​តួនាទី​ប្រយុទ្ធ​ឡើយ តែ​ជា​អ្នក​ជួយ​បណ្តុះបណ្តាល ។ ចំនួន​ទាហាន​តួ​ក​គី​អាច​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​តាម​ចំនួន​ពួក​យុទ្ធ​ជន​ឃើ​ត ហៅ​ពួក PESHMERGAS ។ សម្រាប់​ពេល​នេះ​ពុំ​មែន​ជា​ពេល​ដែល​កង​ទាហាន​ទាំងនោះ​ត្រូវ​ដកថយ​ឡើយ ។

លោក​អ័​រ​ដូ​ហ្គា​ន ក៏​ធ្វើ​អត្ថាធិប្បាយ​ផង​ដែរ​ចំពោះ​សំណើ​របស់​រុ​ស្ស៊ី​ដែល​ស្នើ​ដល់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ឱ្យ​ចេញ​សេចក្តី​ប្រកាស​មួយ​ប្រឆាំង​ការ​ដាក់​ពង្រាយ​កង​ទាហាន​តួ​ក​គី ។ លោក​ថា ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បាន​បដិសេធ​សំណើ​នេះ ។ យើង​នឹង​តាមដាន​ដំណើរការ​ទាក់ទិន​នឹង​ឧប្បត្តិហេតុ​នោះ ។ ទោះបី​យ៉ាងណា តួ​ក​គី​បាន​ជ្រើសរើស​យក​ការ​រួម​សហការ​ជាមួយ​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

វិបត្តិ​ចាប់ផ្តើម​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ពេល​មាន​ព័ត៌មាន​នានា​រាយការណ៍​ពី​ការ​ដាក់​ពង្រាយ​ទាហាន​តួ​ក​គី​មួយ​កងវរសេនាតូច​បំពាក់​ដោយ​រថពាសដែក និង​រថក្រោះ​នៅ​ជិត​ក្រុង​ម៉ូ​ស​ស៊ុ​ល ដើម្បី​ជួយ​បណ្តុះបណ្តាល​បណ្តា​ក្រុម​ជីវពល​អីុ​រ៉ា​ក់​ដែល​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

មុន​នេះ​នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់ លោក​ហៃ​អីុឌ័​រ អាល់​អា​បា​ឌី បាន​ស្នើ​ដល់​អូតង់​ឱ្យ​បង្ខំ​តួ​ក​គី​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​អីុ​រ៉ា​ក់​ជា​បន្ទាន់ ៕