អា​ល្លឺ​ម៉​ង់​បញ្ជូន​យន្តហោះ​និង​ទាហាន​ដំបូង​មក​កាន់​តួ​ក​គី​ចូលរួម​ធ្វើ​ប្រតិបត្តិការ​នៅ​ស៊ី​រី

យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​អា​ល្លឺ​ម៉​ង់​ថា ប្រទេស​អា​ល្លឺ​ម៉​ង់​ចាប់ផ្តើម​នា​ថ្ងៃ​ទី​១០ ធ្នូ នូវ​បេសកកម្ម​ប្រយុទ្ធ​របស់​ខ្លួន​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​បណ្តា​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ធុន TORNADO និង​កង​ទាហាន​ត្រូវ​បាន​បញ្ជូន​មក​កាន់​មូលដ្ឋាន​អាកាសចរណ៍​មួយ​នៅ​តួ​ក​គី ។

យន្តហោះ​ស៊ើបការណ៍​ធុន TORNADO ២​គ្រឿង និង​យន្តហោះ​ដឹក​ជញ្ជូន​យោធា​ធុន A400M មួយ​គ្រឿង​បាន​ហោះ​ចាក​ចេញពី​មូលដ្ឋាន​របស់​ខ្លួន​នៅ SCHLESWIG HOLSTEIN ជាមួយ​កង​ទាហាន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ៤០​នាក់ ឆ្ពោះ​មក​កាន់​មូលដ្ឋាន​អាកាសចរណ៍​អូតង់ INCIRLIK ក្នុង​ប្រទេស​តួ​ក​គី ។

សរុប​យន្តហោះ​ស៊ើបការណ៍​ធុន TORNADO ៦​គ្រឿង​ត្រូវ​បញ្ជូន​មក​កាន់​មូលដ្ឋាន INCIRLIK ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​នានា​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ការ​ហោះហើរ​ស៊ើបការណ៍​ដំបូង​នៅ​ស៊ី​រី​របស់​កង​យន្តហោះ​អា​ល្លឺ​ម៉​ង់​នេះ​នឹង​ចាប់ផ្តើម​ក្នុង​ខែមករា ។

ក្រៅពី​នេះ​យន្តហោះ​ដឹក​ជញ្ជូន​យោធា​មួយ​គ្រឿង​ក៏​ត្រូវ​បាន​បញ្ជូន​មក​ពី​ព្រ​លាន​យន្តហោះ​មួយ ស្ថិត​នៅ​ក្បែរ​ទីក្រុង​កូ​ឡូញ​ភាគ​ខាងលិច​អា​ល្លឺ​ម៉​ង់​ដែរ ។

សភា​អា​ល្លឺ​ម៉​ង់​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៤ ធ្នូ កន្លង​មកនេះ លើ​ការ​ផ្គត់ផ្គង់​ដល់​បេសកកម្ម​ប្រយុទ្ធ​រួម​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ក្រៅពី​យន្តហោះ​ស៊ើបការណ៍​៦​គ្រឿង និង​យន្តហោះ​ផ្គត់ផ្គង់​ភស្តុ​ភារ​មួយ​គ្រឿង អា​ល្លឺ​ម៉​ង់​នៅ​បាន​បញ្ជូន​នាវា​ពិឃាត​១​គ្រឿង​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​កិច្ច​ការពារ​នាវា​ផ្ទុក​យន្តហោះ​បារាំង CHARLES DE GAULLE  ព្រមទាំង​បញ្ជូន​បុគ្គលិក​ភស្តុ​ភារ និង​ទីបញ្ជាការដ្ឋាន ព្រមទាំង​ទំនាក់ទំនង​ផ្កាយ​រណប​ផង​ដែរ ។

សរុប​អា​ល្លឺ​ម៉​ង់​គ្រោង​បញ្ជូនទាហាន​រហូត​ដល់​១.២០០​នាក់​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សម្ព័ន្ធភាព​អន្តរជាតិ​ក្នុង​សកម្មភាព​តស៊ូ​ប្រឆាំង​ភេរវកម្ម ។ បេសកកម្ម​នេះ​ជា​ការ​ដាក់​ពង្រាយ​ទាហាន​អា​ល្លឺ​ម៉​ង់​យ៉ាងច្រើន​នៅ​បរ​ទេសនា​បច្ចុប្បន្ន ៕