ពួក​ប្រឆាំង​ស៊ី​រី​ព្រម​ជួប​ចរចា​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​នា​ខែមករា​ខាង​មុខ​នេះ

លោក ABDOULAZIZ AL SAGER ជនជាតិ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដែល​ដឹកនាំ​ធ្វើ​រយៈពេល​២​ថ្ងៃ​នូវ​សន្និសីទ​មួយ​របស់​ក្រុមប្រឆាំង​ប្រធានាធិបតី លោក​បា​ចា អាល់​អាសា​ដ ជា​ច្រើន​ក្រុម​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​១០ ធ្នូ ថា គណៈប្រតិភូ​រួម​មួយ​របស់​បណ្តា​ក្រុមប្រឆាំង​នឹង​ជួប​រង្វង់​១០​ថ្ងៃ​ដំបូង​នៃ​ខែមករា បណ្តា​តំណាង​របស់​រដ្ឋាភិបាល​ស៊ី​រី ។

នោះ​នឹង​ជា​ការ​ជួប​ពិភាក្សា​បែប​នេះ​លើក​ដំបូង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​២​ឆ្នាំ​មក​ហើយ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អ្នក​ទទួលខុសត្រូវ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត រូប​នេះ​ជា​នាយក​របស់​មជ្ឈមណ្ឌល GULF RESEARCH CENTER និយាយ​ថា នៅ​ខែមករា​នឹង​មាន​កិច្ចប្រជុំ​មួយ​សម្រេច​ដោយ​បេសកជន អ​.​ស​.​ប លោក STAFFAN DE MISTURA ។ វា​នឹង​ជា​ការ​ជួប​គ្នា​រវាង​ពួក​ប្រឆាំង និង​របប​ស៊ី​រី ដើម្បី​ឈាន​ឆ្ពោះទៅ​រក​ដំណាក់កាល​ឆ្លងកាត់​មួយ ។ ការ​ជួប​គ្នា​នេះ​នឹង​មាន​ក្នុង​រង្វង់​១០​ថ្ងៃ​ដំបូង​នៃ​ខែមករា ។

សេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​អនុម័ត​បន្ទាប់​ពី​កិច្ចប្រជុំ​នេះ បណ្តា​តំណាង​របស់​ពួក​ប្រឆាំង​អំពាវនាវ​ឱ្យ​បង្កើត​រដ្ឋ​ស៊ី​វិល​សុទ្ធសាធ និង​ប្រជាធិបតេយ្យ​មួយ​នៅ​ស៊ី​រី រួច​ទាមទារ​ឱ្យ​ប្រធានាធិបតី លោក​បា​ចា អាល់​អាសា​ដ ចាក​ចេញពី​អំណាច​ពី​ពេល​ចាប់ផ្តើម​ដំណាក់កាល​ឆ្លងកាត់​ទៅ ។

សេចក្តីថ្លែងការណ៍​រូ​ម​នៃ​សន្និសីទ​ពួក​ប្រឆាំង​ស៊ី​រី​នៅ​ទីក្រុង​រី​យ៉ា​ដ​អះអាង​ថា នឹង​ពុំ​មាន​ក្នុង​ប្រទេស​ស៊ី​រី​ថ្មី​នូវ​ការ​រើសអើង​ចំពោះ​មូលដ្ឋាន​សាសនា ឬ​ជនជាតិភាគតិច​ឡើយ ។ សេចក្តីថ្លែងការណ៍​នេះ​សន្យា​រក្សា​ទុក​បណ្តា​ស្ថាប័នរដ្ឋ និង​បណ្តា​រចនាសម្ព័ន្ធ​របស់​កងទ័ព និង​បណ្តា​ភ្នាក់ងារ​សន្តិសុខ ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ថា ពួក​ប្រឆាំង​ក៏​អំពាវនាវ​ផង​ដែរ ដល់​រដ្ឋាភិបាល​ស៊ី​រី ឱ្យ​សម្តែង​កាយវិការ​សុ​ឆន្ទៈ​នានា​មុន​ចាប់ផ្តើម​ការ​ចរចា​សន្តិភាព​ដោយ​ដោះ​លែង​ពួក​អ្នកទោស​នយោបាយ និង​ដោយ​លុប​ចោលការ​ឡោម​ព័ទ្ធ​របស់​យោធា​បណ្តា​តំបន់​ឧទ្ទាម ។

ក្រុម​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម AHRAR AL CHAM ជា​ចលនា​ប្រដាប់​អាវុធ​ខ្លាំង​បំផុត​មួយ​ដែល​ចូលរួម​ក្នុង​សន្និសីទ​នេះ​ដែរ ប្រកាស​នា​ថ្ងៃ​ទី​១០ ធ្នូ ពី​ការ​ដកខ្លួន​ចេញ ក៏​ប៉ុន្តែ​ទីបំផុត​ក៏​ព្រម​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​នេះ​ដែរ ។

ពួក​បះបោរ​អ៊ិ​ស្លា​ម​និយម​បាន​បរិហារ​ចំពោះ​ការ​ផ្តល់​តួនាទី​ដ៏​ធំធេង​ដល់​ក្រុមប្រឆាំង​នយោបាយ​ខាងក្នុង គឺ​ក្រុម​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កងកម្លាំង​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាធិបតេយ្យ CNCD មាន​មូលដ្ឋាន​នៅ​ក្រុង​ដា​ម៉ាស់ ដែល​ក្រុម​នេះ​ពួក​គេ​យល់​ថា ជា​អ្នក​ជិតដិត​ខ្លាំង​នឹង​របប​លោក​បា​ចា អាល់​អាសា​ដ ។

មុន​នេះ​បន្តិច​សមាជិក​ម្នាក់​នៃ​ក្រុមចម្រុះ​ជាតិ​ស៊ី​រី CNS ជា​អង្គការ​ប្រឆាំង​សំខាន់​នៅ​ក្រៅប្រទេស​ថ្លែង​ថា ពួក​ប្រឆាំង​បាន​ព្រមព្រៀង​គ្នា​លើ​គោលការណ៍​នៃ​ការ​បង្កើត​គណៈប្រតិភូ​រួម​មួយ ដែល​ប្រមូលផ្តុំ​បណ្តា​ចលនានយោបាយ និង​ក្រុម​ប្រដាប់​អាវុធ ។ គណៈប្រតិភូ​នេះ​នឹង​មាន​សមាជិក​២៥​រូប ដែល​រួម​មាន​សមាជិក​៦​រូប​របស់ CNS តំណាង​៦​រូប​របស់​បណ្តា​ក្រុម​ឧទ្ទាម​តំណាង​៥​រូប​របស់ CNCD និង​ឥស្សរជន​ឯករាជ្យ​៨​រូប ។ អ្នក​ទាំងនេះ​នឹង​តំណាង​ឱ្យ​គ្រប់​ក្រុមប្រឆាំង​នយោបាយ និង​យោធា ហើយនឹង​ទទួល​បន្ទុក​ធ្វើការ​សម្រេចចិត្ត​នានា ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​នយោបាយ​មួយ ។

ទោះបី​យ៉ាងណា ក្នុង​សន្និសីទ​នៅ​ទីក្រុង​រី​យ៉ា​ដ ពួក​ប្រឆាំង​នៅ​តែ​អះអាង​ជា​ថ្មី​ថា ប្រធានាធិបតី​ស៊ី​រី​បច្ចុប្បន្ន លោក​បា​ចា អាល់​អាសា​ដ នឹង​ពុំជា​ផ្នែក​មួយ​នៃ​អនាគត​របស់​ប្រទេស​ដែល​កំពុង​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​នេះ​ឡើយ ។

ពួក​ប្រឆាំង​ទាមទារ​តាំងពី​យូរ​មក​ហើយ​ឱ្យ​លោក​អាសា​ដ ចាក​ចេញពី​អំណាច​ខណៈ​ដែល​ប្រទេស​គាំទ្រ​លោក​ដូច​ជា​រុ​ស្ស៊ី និង​អីុ​រ៉​ង់​ជាដើម​យល់​ថា អនាគត​របស់​ស៊ី​រី​ត្រូវ​រួម​បញ្ចូល​គ្រប់​ភាគី​ទាំងអស់​នៃ​ប្រទេស ។

អនុរដ្ឋមន្ត្រី​ការ​បរទេស​អីុ​រ៉​ង់​ទទួល​បន្ទុក​កិច្ចការ​អា​រ៉ាប់ និង​អាហ្វ្រិក លោក HOSSEIN AMIR ABDOLLAHIAN គូសបញ្ជាក់​ថា ប្រទេស​របស់​លោក​ពុំ​គាំទ្រ​កិច្ចប្រជុំ​របស់​ពួក​ប្រឆាំង​ស៊ី​រី​នៅ​ក្រុង​រី​យ៉ា​ដ​ឡើយ ព្រោះ​ក្រុម​មួយ​ចំនួន​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក៏​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ហើយ​ពួក​ភេរវ​ករ​ដាច់ខាត​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​សេចក្តី​សម្រេចចិត្ត​លើ​អនាគត​របស់​ស៊ី​រី​ឡើយ ៕