គំរាមកំហែង​ភេរវកម្ម​ចាប់ខ្លួន​មនុស្ស​2​នាក់​នៅ​ក្រុង​ហ្សឺ​ណែវ

ប្រទេស​ស្វ៊ី​ស​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​ពី​ការ​គំរាមកំហែង​ភេរវកម្ម ។ គឺ​សារ​របស់​ភ្នាក់ងារ​ស៊ើបការណ៍​អា​មេ​រិ​ក ដែល​ប្រាប់​ដល់​អាជ្ញាធរ​ស្វ៊ី​ស​ពី​ការ​គំរាមកំហែង​នេះ​ដែល​ចង់​វាយប្រហារ​ទីស្នាក់ការ អ​.​ស​.​ប ប្រចាំ​ក្រុង​ហ្សឺ​ណែវ ។

ជនសង្ស័យ​២​នាក់​បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១១ ធ្នូ ពេល​ប្រទះ​ឃើញ​ពួក​គេ​នៅ​តាម​ផ្លូវ​មួយ​រវាង​ក្រុង​ហ្សឺ​ណែវ និង​ក្រុង THONON ពេល​ពួក​គេ​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​បារាំង ហើយ​ឥរិយាបថ​របស់​ពួក​គេ​នាំ​ឱ្យ​ប៉ូលិស​សង្ស័យ ។ បុរស​ទាំង​២​នាក់​នេះ​មាន​សញ្ជាតិ​ស៊ី​រី ដោយ​អាជ្ញាធរ​សម្រេច​ឆែកឆេរ​រថយន្ត​ពួក​គេ​បន្ទាប់​មក​ឈាន​ដល់​ការ​ចាប់ខ្លួន ។ ការ​ត្រួតពិនិត្យ​បង្ហាញ​ពី​វត្តមាន​នៃ​ដាន​គ្រឿងផ្ទុះ​ដែល​កំពុងធ្វើការ​វិភាគ ។ សម្រាប់​ពួក​អ្នកស៊ើប​អង្កេត​យល់​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ​ពុំ​មាន​ទំនាក់ទំនង​ណាមួយ​ជាមួយ​បុរស​៤​នាក់ ដែល​កំពុង​តាម​រក​ចាប់ខ្លួន​ចាប់តាំងពី​ថ្ងៃ​ទី​៩ ធ្នូ មក​ឡើយ ។

ជន​ទាំង​៤​នាក់​នេះ​សង្ស័យ​ជា​មនុស្ស​ជំនិត​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​កំពុង​តាម​ប្រមាញ់​នៅ​តំបន់​ក្រុង​ហ្សឺ​ណែវ និង​ក្នុង​ប្រទេស​ស្វ៊ី​ស​ទាំងមូល ។ នៅ​ជុំវិញ​ទីស្នាក់ការ អ​.​ស​.​ប ប្រចាំ​ក្រុង​ហ្សឺ​ណែវ​នៅ​តែ​មាន​វត្តមាន​របស់​ប៉ូលិស ក៏​ប៉ុន្តែ​ពុំ​មាន​ព្រឹត្តិការណ៍​ណាមួយ​ត្រូវ​បាន​លុប​ចោល​ឡើយ ។ នា​ចុង​ស​ប្តា​ហ៍​នេះ​ក្រុង​ហ្សឺ​ណែវ​រៀបចំ​ទទួល​មនុស្ស​ជា​ច្រើន​ពាន់​នាក់ សម្រាប់​បុណ្យប្រពៃណី​ក្រោម​កិច្ច​ការពារ​សន្តិសុខ​ខ្ពស់ ៕