ការ​ចរចា​អន្តរ​កូរ៉េ​បញ្ចប់​ដោយ​ពុំ​មាន​លទ្ធផល

ការ​ចរចា​កម្រិត​ខ្ពស់​រវាង​គណៈប្រតិភូ​កូរ៉េ​ទាំង​២​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​១២ ធ្នូ ដោយ​ពុំ​មាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ ។ ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP លោក HWANG BOOGI ប្រធាន​គណៈប្រតិភូ​កូរ៉េ​ខាងត្បូង​ថ្លែង​ថា កូរ៉េ​ទាំង​២​ពុំ​មានកម្ម​វិធី​ជួប​គ្នា​ថ្មី​ៗ​ទៀត​ឡើយ រួច​ក៏​ពុំ​មាន​សេចក្តី​ប្រកាស​រួម​ណាមួយ​ត្រូវ​បាន​ចេញផ្សាយ​ដែរ ។ លោក​បន្ត​ថា កូរ៉េ​ខាងជើង​លើក​ឡើង​យ៉ាង​ទទូច​ពី​បញ្ហា​ទេសចរណ៍​នៅ​ភ្នំ KUMGANG ជា​អាទិភាព​សម្រាប់​អាទិភាព​នៃ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ជំរុញ​ទេសចរណ៍​នៅ​តំបន់​នោះ ។ ចំណែក​កូរ៉េ​ខាងត្បូង​វិញ​ទាមទារ​ឱ្យ​មានការ​ធានា​សន្តិសុខ​ពួក​អ្នកទេសចរ ។

ស្ត្រី​អ្នកទេសចរ​កូរ៉េ​ខាងត្បូង​ម្នាក់​ត្រូវ​បាញ់​ស្លាប់​កាលពី​ឆ្នាំ​២០០៨ នៅ​តំបន់​ភ្នំ​ទេសចរណ៍ KUMGANG ដោយ​កង​ឆ្មាំ​កូរ៉េ​ខាងជើង បន្ទាប់​ពី​គាត់​វង្វេង​ដើរ​ហួស​ពី​រង្វង់​អនុញ្ញាត ។ ប៉ុន្មាន​ខែ​ក្រោយមក ទីតាំង​ទេសចរណ៍​នេះ​ត្រូវ​បិទទ្វារ ។

បន្ទាប់​ពី​ការ​ចរចា​ក្រុង​ព្យុ​ង​យ៉ាង​បាន​ទម្លាក់​កំហុស​ដល់​កូរ៉េ​ខាងត្បូង​ថា ធ្វើ​ឱ្យ​បរាជ័យ​ដល់​ការ​ចរចា​នេះ ។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA ថា ក្រុង​សេ​អ៊ូ​ល​បដិសេធ​ពុំ​ពិភាក្សា​លើ​បណ្តា​បញ្ហា​សំខាន់​ៗ​ដូច​ជា ការ​បើក​ធ្វើ​ឡើង​វិញ​នូវ​ដំណើរ​ទេសចរណ៍ ហើយ​នៅ​តែ​ធ្វើការ​អះអាង​ដោយ​អយុត្តិធម៌​នានា ។

ការ​ជួប​គ្នា​កម្រិត​ខ្ពស់​នេះ​ជា​ការ​ជួប​គ្នា​លើក​ដំបូង​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ន័យ​នេះ​សម្រេច​បាន​កាលពី​ខែសីហា បន្ទាប់​ពី​ឧប្បត្តិហេតុ​ធ្ងន់ធ្ងរ​នានា​នៅ​តាម​ព្រំដែន​កូរ៉េ​ទាំង​២​មក ៕