អនុម័ត​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​បរិយាកាស

ក្នុង​សន្និសីទ​លើក​ទី​២១ ស្តី​ពី​ការ​ផ្លាស់​ប្តូរ​បរិយាកាស​នៅ BOURGET ជិត​ក្រុងប៉ារីស បណ្តា​អ្នកចូលរួម​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​កាលពី​យប់​ថ្ងៃ​ទី​១២ ធ្នូ នូវ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ស្តី​ពី​ការ​ផ្លាស់​ប្តូរ​បរិយាកាស ។

គម្រោង​នៃ​កិច្ចព្រមព្រៀង​នេះ​ដែល​ការ​អនុម័ត​គ្រោង​ធ្វើ​ដំបូង​នា​ថ្ងៃ​ទី​១១ ធ្នូ ត្រូវ​បាន​បង្ហាញ​ដល់​បណ្តា​ភាគី​ចូលរួម​នា​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ ដោយ​លោក LAURENT FABIUS រដ្ឋមន្ត្រី​ការ​បរទេស​បារាំង និង​ជា​ប្រធាន​របស់ COP21 ។ កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មាន​៣២​ទំព័រ នេះ​រួម​មាន​២៩​មាត្រា ដែល​មាន​ចេតនា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ការ​សម្រប​ខ្លួន​នឹង​ការ​ផ្លាស់​ប្តូរ​បរិយាកាស ការ​ខាតបង់ និង​ការ​ខូចខាត ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ បច្ចេកវិទ្យា ព្រមទាំង​តម្លាភាព​។​ល​។

រដ្ឋមន្ត្រី​ការ​បរទេស​អា​េ​ម​រិ​ក លោក​ច​ន ឃ័​រ​រី ចាត់​ទុក​ការ​អនុម័ត​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នេះ​ថា​ជា​ជ័យជម្នះ​មួយ​សម្រាប់​ភព​ផែនដី​ទាំងមូល និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ៗ ។

ចំណែក​ប្រធាន​គណៈប្រតិភូ​ចិន លោក XIE ZHEWHUA  ថ្លែង​ថា កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ជា​កិច្ចព្រមព្រៀង​ត្រឹមត្រូវ សាកល មាន​តុល្យភាព ស្ថិតស្ថេរ និង​មានការ​ចាប់បង្ខំ​ខាង​ផ្លូវច្បាប់​មួយ ដែល​នោះ​ជា​សញ្ញា​ខ្លាំង និង​វិជ្ជមាន​មួយ​សម្រាប់​អនុវត្ត​វិធីសាស្ត្រ​នៃ​ការ​អភិវឌ្ឍន៍​បៃតង ហើយ​ស្រូប​យក​សារធាតុ​កា​បោ​ន ។

ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ថ្លែង​ថា ពេល​នេះ​ពិភពលោក​បាន​ស​សេរ​ទំព័រ​ថ្មី​មួយ​នៃ​ប្រវត្តិសាស្ត្រ មាន​សារធាតុ​កា​បោ​ន​ទាប ។ លោក​គូសបញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​ពុំ​មែន​ជា​រឿង​ចុង​ក្រោយ​ទេ តែ​ជា​ការ​ចាប់ផ្តើម​មួយ ហើយ​បារាំង​នឹង​ខិតខំ​ជំរុញ​ចលនា ។ លោក​បញ្ជាក់​ថា ទោះបី​យ៉ាងណា ថ្ងៃ​ទី​១២ ធ្នូ ២០១៥ នឹង​ជា​កាលបរិច្ឆេទ​ធំ​មួយ​សម្រាប់​ភព​ផែនដី ។

អគ្គលេខាធិការ អ​.​ស​.​ប លោក​បាន គី​មូ​ន អះអាង​ថា កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ធានា​ពី​ការ​ទ្រទ្រង់​គ្រប់គ្រាន់ និង​មាន​តុល្យភាព​មួយ​ចំពោះ​ការ​កាត់​បន្ថយ និង​ការ​សម្រប​ខ្លួន​ចំពោះ​ការ​ផ្លាស់​ប្តូរ​បរិយាកាស​ជា​គុណប្រយោជន៍​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ពិសេស​បណ្តា​ប្រទេស​ក្រីក្រ​តោកយ៉ាក​បំផុត ។

លោក​បាន គី​មូ​ន ថា ភាគី​ចំនួន​១៨៧ បាន​បង្ហាញ​រួច​ហើយពី​ផែនការ​ពួក​គេ​ទាក់ទិន​នឹង​ការ​រួមចំណែក​ជាតិ ដោយ​លោក​ស្នើ​ដល់​ភាគី​ឯទៀត​ដែល​ពុំ​ទាន់​បង្ហាញ​ឱ្យ​ដាក់​ផែនការ​របស់​ខ្លួន​ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នេះ​មាន​គោលបំណង​អនុវត្ត​ឱ្យ​បាន​ល្អ​ប្រសើរ​បណ្តា​ទិស​ដៅ​នៃ​អនុសញ្ញា​ក្រប​ខណ្ឌ អ​.​ស​.​ប ស្តី​ពី​ការ​ផ្លាស់​ប្តូរ​បរិយាកាស​ហៅ​កាត់​ថា CCNUCC ហើយ​សំដៅ​ទប់ស្កាត់​ការ​កើន​កំ​ដៅ​មធ្យម​ត្រឹម​២​អង្សា​សេ ហើយ​ខិតខំ​កម្រិត​ការ​កើន​កំ​ដៅ​នេះ​ឱ្យ​ធ្លាក់​មក​ត្រឹម​១,៥​អង្សា​សេ រហូត​ដល់​ឆ្នាំ​២១០០ បើ​ប្រៀបធៀប​ទៅ​នឹង​សករាជ​មុន​ឧស្សាហកម្ម ។

ម្យ៉ាងទៀត គេ​បាន​គ្រោង​ទឹកប្រាក់​១០០​ពាន់​លាន​ដុល្លារ ក្នុង​១​ឆ្នាំ សម្រាប់​ជួយ​ទ្រទ្រង់​ខាង​ហិរញ្ញវត្ថុ​គ្រោង​រហូត​ដល់​ឆ្នាំ​២០២០ សម្រាប់​ជួយ​បណ្តា​ប្រទេស​កំពុង​អភិ​វឌ្ឍន៍៕