ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អះអាង​ពី​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ហូ​ម​ស្លាប់​20​នាក់

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អះអាង​កាលពី​ថ្ងៃ​ទី​១២ ធ្នូ ពី​ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រាប់បែក​នានា​នៅ​ទីក្រុង​ហូ​ម ភាគ​កណ្តាល​ស៊ី​រី ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២០​នាក់ ហើយ​មនុស្ស​ជា​ច្រើន​សិប​នាក់​ទៀត​រង​របួស ។

ការ​វាយប្រហារ​ទាំងនេះ​កើត​មាននៅ​ស្រុក AL ZAHRA ជា​ស្រុក​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​ស៊ី​រី ។ ក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​គូសបញ្ជាក់​ថា ដំបូង មនុស្ស​របស់​ខ្លួន​បាន​បំផ្ទុះ​រថយន្ត​មួយ​គ្រឿង​នៅ AL ZAHRA ហើយ​ជន​អត្តឃាត​ម្នាក់​បាន​ជ្រៀតចូល​ក្នុង​ចំណោម​មនុស្ស​ម្នា​ដែល​ចោមរោម​រថយន្ត រួច​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​បន្ត ។ ការ​វាយប្រហារ​ភេរវកម្ម​ទាំងនេះ​កើត​មាន​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​និយម​កណ្តាល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ក្រោម​ការ​ធ្វើ​អាជ្ញាកណ្តាល​របស់ អ​.​ស​.​ប ដែល​តាម​កិច្ចព្រមព្រៀង​នោះ បណ្តា​យុទ្ធ​ជន​ឧទ្ទាម និង​គ្រួសារ​ចាក​ចេញពី​បណ្តា​ទីតាំង​របស់​ខ្លួន​នៅ​ស្រុក AL WAER ជា​មូលដ្ឋាន​ចុង​ក្រោយ​ពួក​គេ​នា​ភាគ​ខាងលិច​ក្រុង​ហូ​ម ។

រដ្ឋាភិបាល​ស៊ី​រី​បាន​ថ្កោលទោស​ការ​វាយប្រហារ​ភេរវកម្ម​ទាំងនេះ​ថា ជា​អំពើ​ភេរវកម្ម​ដ៏​កំសាក​សំដៅ​ប្រឆាំង​ការ​ខិតខំ​ប្រឹងប្រែង​បង្រួបបង្រួម​ក្នុង​ខេត្ត​ហូ​ម ។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ រដ្ឋាភិបាល​ស៊ី​រី​គូសបញ្ជាក់​ថា ការ​វាយប្រហារ​ភេរវកម្ម​ទាំងនេះ​នឹង​ពុំ​អាច​បំភ័យ​ប្រជាជន​ស៊ី​រី​បាន​ឡើយ ខណៈ​ពេល​កំពុង​ដើរ​លើ​ផ្លូវ​នៃ​ការ​បង្រួបបង្រួម ក៏​ប៉ុន្តែ​បែរជា​ពង្រឹង​ការ​តាំងចិត្ត​បន្ត​ការ​តស៊ូប្រឆាំង​ភេរវកម្ម ហើយ​ពង្រឹង​ឯកភាព​ជាតិ ៕