មនុស្ស​ដល់​ជិត​90​នាក់​ស្លាប់​ក្នុង​រលក​នៃ​អំពើ​ហិង្សា​ថ្មី​ៗ​ក្នុង​ប្រទេស​ប៊ូ​រុន​ឌី

កងទ័ព​អះអាង​កាលពី​ថ្ងៃ​ទី​១២ ធ្នូ ថា មនុស្ស​៨៧​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដែល​មានការ​សម្របសម្រួល​គ្នា​លើ​ជំរំ​យោធា​៣​កន្លែង​នៅ​ប្រទេស​ប៊ូ​រុន​ឌី ដែល​នេះ​ជា​តុល្យការ​ធ្ងន់ធ្ងរ​បំផុត ក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច​កាលពី​ខែឧសភា ក្នុង​ប្រទេស​នេះ​ដែល​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​យ៉ាង​ជ្រៅ​មួយ ។

អ្នកនាំពាក្យ​កងទ័ព​ប៊ូ​រុន​ឌី​វរសេនីយ៍ឯក GASPARD BARATUZ ថ្លែងប្រាប់ AFP ថា តុល្យការ​ចុង​ក្រោយ​នៃ​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១១ ធ្នូ ពួក​សត្រូវ​ស្លាប់​៧៩​នាក់ ចាប់ខ្លួន​៤៥​នាក់ ហើយ​អាវុធ​៩៧​ដើម​ត្រូវ​រឹបអូស ។ ខាងយើង​មាន​ទាហាន និង​ប៉ូលិស​ស្លាប់​៨​នាក់ និង​២១​នាក់​រង​របួស ។

តុល្យការ​ដំបូង​របស់​កង​យោធា​រៀបរាប់​នា​ថ្ងៃ​ទី​១១ ធ្នូ ពី​ពួក​ឧទ្ទាម​ស្លាប់​១២​នាក់ និង​២១​នាក់​ចាប់ខ្លួន ។ ក៏​ប៉ុន្តែ​នា​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ ប្រជាជន​ក្រុង​ប៊ូ​យ៉ាំ​ប៊ូ​រ៉ា ប្រទះ​ឃើញ​សាកសព​មនុស្ស​យ៉ាងតិច​៥០​នាក់​ទៀត​តាម​ដង​វិ​ថី​នានា​នៃ​បណ្តា​សង្កាត់​ដែល​ល្បី​ប្រឆាំង​ប្រធានាធិបតី​របស់​ប្រទេស​លោក PIERRE NKURUNZIZA ។

អ្នកនាំពាក្យ​យោធា​ប៊ូ​រុន​ឌី​និយាយ​ថា ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត​នា​ពេល​យប់ ហើយ​សាកសព​មនុស្ស​ទាំងឡាយ​ដែល​រក​ឃើញ​ក្នុង​សង្កាត់​ទាំងនេះ​នា​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ សុទ្ធតែ​ជា​សាកសព​របស់​ពួក​សត្រូវ ។

ក្នុង​សង្កាត់​ជា​ច្រើន​នៃ​រដ្ឋធានី​ប៊ូ​យ៉ាំ​ប៊ូ​រ៉ា ប្រជាជន​បាន​ចោទប្រកាន់​កងកម្លាំង​ប៉ូលិស​ថា ចាប់ខ្លួន​យុវជន​ទាំងអស់​ដែល​ជួប​ប្រទះ ហើយ​សម្លាប់​ពួក​គេ​ច្រើន​ម៉ោង បន្ទាប់​ពី​ការ​វាយប្រហារ​នា​ព្រឹក​ព្រលឹម​របស់​ពួក​បះបោរ​លើ​ជំរំ​យោធា​៣​កន្លែង​នៃ​រដ្ឋធានី ។ ជន​រង​គ្រោះ​មួយ​ចំនួន​ត្រូវ​គេ​ចងស្លាបសេក ហើយ​មួយ​ចំនួន​ទៀត​បាញ់​សម្លាប់​ត្រង់​ៗ​តែ​ម្តង។

វរសេនីយ៍ឯក BARATUZA បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ប្រយុទ្ធ​គ្នា​និង​ថា​តើ​ជន​រង​គ្រោះ​ទាំងឡាយ​ត្រូវ​ស្លាប់​បែប​ណា ។

រដ្ឋាភិបាល​នា​ថ្ងៃ​ទី​១២ ធ្នូ បាន​ប្រមូល​សាកសព​មនុស្ស​តាម​ដង​វិ​ថី​នានា​នៃ​ទីក្រុង​ប៊ូ​យ៉ាំ​ប៊ូ​រ៉ា ហើយ​យោង​តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន​ថា សាកសព​មនុស្ស​ទាំងនេះ​ត្រូវ​បាន​គេ​ប្រមូល​យក​ទៅ​កប់​ភ្លាម​ៗ​ក្នុង​រណ្តៅ​រួម​នានា ដើម្បី​រារាំង​ដល់​ការ​ចម្លងជំងឺ ។ ក៏​ប៉ុន្តែ​ប្រជាជន​និយាយ​ថា បែប​នេះ​ក៏​ព្រោះតែ​អាជ្ញាធរ​ចង់​លុប​បំបាត់ភស្តុតាង​នៃ​ការ​សម្លាប់​រង្គាល​ដោយ​កងកម្លាំង​សន្តិសុខ ។

អំពើ​ហិង្សា​ទាំងនេះ​ជា​អំពើ​ហិង្សា​យ៉ាង​អាក្រក់​បំផុត នៅ​ប្រទេស​ប៊ូ​រុន​ឌី ចាប់តាំងពី​រដ្ឋប្រហារ​មិន​បាន​សម្រេច កាលពី​ខែឧសភា កើតឡើង​ព្រោះតែ​ប្រធានាធិបតី លោក NKURUNZIZA ចង់​ឈរឈ្មោះ​ប្រធានាធិបតី​អាណត្តិ​ទី​៣​មួយទៀត ហើយ​អាណត្តិ​នេះ​លោក​បាន​ទទួល​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ខែកក្កដា ។

តាំងពី​ចាប់ផ្តើម​ចលាចល​ពី​ដំណាច់​ខែមេសា​មក មនុស្ស​ជា​ច្រើន​រយ​នាក់​ត្រូវ​សម្លាប់ រួច​មនុស្ស​ជាង​២០០.០០០​នាក់​រត់​ចាក​ចេញពី​ប្រទេស ៕