វៀតណាម​ទាមទារ​ឱ្យ​តៃវ៉ាន់​បញ្ឈប់​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ខ្លួន​នៅ​សមុទ្រ​ខាងកើត

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ថា អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម លោក LE HAI BINH ថ្លែង​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ថា ប្រទេស​វៀតណាម​បាន​ស្នើ​ដល់​តៃវ៉ាន់​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​នានា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ខ្លួន ។

កាលពី​ថ្ងៃ​ទី​១២ ធ្នូ លោក CHEN WEI ZEN ប្រមុខ​រដ្ឋបាល​មហាផ្ទៃ​តៃវ៉ាន់ ព្រមទាំង​មន្ត្រី​ឯទៀត​ៗ​នៃ​អាជ្ញាធរ​តៃវ៉ាន់​បាន​ទៅ​កាន់​កោះ​បា​ប៊ិ​ញ ដើម្បី​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ការ​សំណង់​នានា​នៅ​លើ​កោះ​នេះ​ដែល​វៀតណាម​ថា ជា​កោះ​របស់​ខ្លួន​នៃ​ប្រជុំ​កោះ​ទ្រឿ​ង​សា (​ស្ប្រា​ត​លី​) ។

លោក LE HAI BING គូសបញ្ជាក់​ថា វៀតណាម​តវ៉ា​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​អំពើ​នេះ ហើយ​បដិសេធ​ដាច់ខាត ។ លោក​បន្ត​ថា វៀតណាម​ស្នើ​ដល់​តៃវ៉ាន់​ឱ្យ​ចៀសវាង​កុំ​ប្រព្រឹត្ត​រាល់​អំពើ​បែប​នោះ​ទៀត ។

យោង​តាម​អ្នកនាំពាក្យ​រូប​នេះ​ថា ក្រសួងការបរទេស​វៀតណាម​យល់​ថា ប្រការ​ដែល​តៃវ៉ាន់ ទោះបី​មានការ​ព្រួយបារម្ភ​របស់​វៀតណាម ក៏​ដូច​ជា​ប្រទេស​នានា និង​សហ​គមន៍​​អន្តរជាតិ​ក៏​ដោយ បញ្ជូន​មន្ត្រី​ទៅ​កាន់​កោះ​បា​ប៊ិ​ញ ហើយ​បន្ត​ប្រកាស​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​សំណង់​នានា លើ​កោះ​នេះ​គឺជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អធិប​តេយ្យ​ភាព​របស់​វៀតណាម ។ ម្យ៉ាងទៀត អំពើ​នេះ​នាំ​ឱ្យ​មាន​ភាព​តានតឹង និង​ភាព​ស្មុគស្មាញ​ដល់​ទំនាក់ទំនង​នៅ​សមុទ្រ​ខាងកើត ។ វៀតណាម​មាន​មូលដ្ឋាន​ច្បាប់​គ្រប់​គ្រាន់ ព្រមទាំង​ភស្តុ​តាង​ប្រវត្តិសាស្ត្រ​នានា ដើម្បី​បញ្ជាក់​ដោយ​ពុំ​អាច​ប្រកែក​បាន​ពី​អធិបតេយ្យភាព​របស់​ខ្លួន​លើ​កោះ​២​គឺ​កោះ HOANGSA និង​កោះ​ទ្រឿ​ង​សា ។ រាល់​អំពើ​ប្រព្រឹត្ត​ដោយ​បណ្តា​ភាគី​ក្នុង​តំបន់ ដោយ​គ្មាន​ការ​អនុញ្ញាត​របស់​វៀតណាម​គឺ​ខុសច្បាប់ ហើយ​គ្មាន​តម្លៃ​អ្វី​ទាំងអស់ ៕