បាតុកម្ម​ប្រឆាំង​លោកស្រី​ប្រធានាធិបតី​ប្រេ​ស៊ី​ល​មាន​អ្នកចូលរួម​តិច​ជាង​មុន

មនុស្ស​ជា​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ប្រេ​ស៊ី​ល​ទាមទារ​ឱ្យ​ដក​តំណែង​លោកស្រី​ប្រធានាធិបតី DILMA ROUSSEFF នា​ឱកាស​ទិវា​តវ៉ា​ជាតិ តែ​ការ​ប្រមូលផ្តុំ​មនុស្ស​តវ៉ា​នេះ​ហាក់​មាន​អ្នកចូលរួម​តិច​ជាង​កាលពី​បណ្តា​ខែ​កន្លង​ទៅ ។

កាន់​អំណាច​ចាប់តាំងពី​ឆ្នាំ​២០១០​មក លោកស្រី ROUSSEFF ប្រឈម​មុខ​នឹង​នីតិ​វិធីដក​តំណែង​លោកស្រី​ដែល​លើក​ឡើង​នា​ដើមខែ​នេះ​ក្នុង​សភា ។ ពួក​ប្រឆាំង​ចោទ​ប្រកាន់​លោកស្រី​ថា ក្លែងបន្លំ​យក​មូលនិធិ​សាធារណៈ ហើយ​បន្លំ​បណ្តា​គណនី​សាធារណៈ ដើម្បី​ធានា​ឱ្យ​លោកស្រី​ជាប់​ឆ្នោត​ជា​ថ្មី​កាលពី​ខែតុលា​ឆ្នាំ​២០១៤ ។

មេដឹកនាំ​បាតុកម្ម​ម្នាក់​នៅ​រដ្ឋធានី​ប្រា​ស៊ី​លី​យ៉ា ជា​កន្លែង​ប្រមូលផ្តុំ​អ្នក​តវ៉ា​៦.០០០​នាក់​ថ្លែង​ថា យើង​មានការ​នឿយណាយ ហើយ​យើង​ចង់ឱ្យ​មានការ​ផ្លាស់​ប្តូរ ។ របប​ពុក​រលួយ​នេះ​ត្រូវ​តែ​ដក​ចេញ ។

នៅ​ទីក្រុង​សាវ​ប៉ូ​ឡូ ក្បួន​បាតុកម្ម​ប្រឆាំងពុំ​មាន​ធំ​ដូច​មុន​ៗ​ឡើយ រួច​នៅ​ក្រុង​រី​យ៉ូ​ដឺ​ហ្សា​នេ​រ៉ូ​វិញ ចំនួន​បាតុករ មាន​រិ​ត​តែ​តិច​ជាង​នេះ​ទៀត ។

សរុប​ការ​ប្រមូលផ្តុំ​មនុស្ស​ប្រឆាំង​លោកស្រី​ប្រធានាធិបតី ROSSEFF មាន​អ្នកចូលរួម​តិច​ជាង​បាតុកម្ម​កាលពី​បណ្តា​ខែ​មុន​ៗ ។ កាលពី​ពាក់កណ្តាល​ខែមីនា មាន​មនុស្ស​ចូលរួម​បាតុកម្ម​ដល់​ទៅ​១​លាន​នាក់ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ស្រុត​ចុះ​នៃ​សភាពការណ៍​សេដ្ឋកិច្ច​របស់​ប្រទេស​អតិផរណា និង​អំពើ​ពុក​រលួយ ព្រមទាំង​ទាមទារ​ឱ្យ​ដកហូត​តំណែង​លោកស្រី​ប្រធានាធិបតី ។

ចំណែក​នីតិវិធី​ដកហូត​តំណែង​លោកស្រី ROUSSEFF ត្រូវ​ផ្អាក​ដោយ​តុលាការ​កំពូល ដើម្បី​ទុក​ពេល​ពិនិត្យ​ពី​សុពលភាព​នៃ​រដ្ឋធម្មនុញ្ញ​ចំពោះ​ការ​ផ្តួចផ្តើម​គំនិត​នេះ ។ តុលាការ​កំពូល​នឹង​រួម​ប្រជុំ​ជា​ថ្មី​នា​ថ្ងៃ​ទី​១៦ ធ្នូ ៕