ស៊ី​រី ៖ ជន​ស៊ី​វិ​​ល​យ៉ាងតិច​45​នាក់​ស្លាប់​ក្នុង​ការ​បាញ់​ផ្លោង​លើ​ទីតាំង​ពួក​ឧទ្ទាម

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព  ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​រាយការណ៍​ថា ជន​ស៊ី​វិល​យ៉ាងតិច​៤៥​នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ហើយ​មនុស្ស​ជា​ច្រើន​សិប​នាក់​ទៀត​រង​របួស​ដោយសារ​ការ​បាញ់​ផ្លោង​យ៉ាង​ខ្លាំងក្លា​លើ​ទីតាំង​មួយ​របស់​ពួក​ឧទ្ទាម​ដែល​ជាប់​ការ​ឡោម​ព័ទ្ធ​ជិត​ក្រុង​ដា​ម៉ាស់ ។

យោង​តាម​អង្គការ​នោះ​ថា គ្រាប់​រ៉ុក្កែត​ត្រូវ​បាន​កងទ័ព​ស៊ី​រី​បាញ់​ស្រោច​ដាក់​មូលដ្ឋាន​ឌូ​ម៉ា ហា​រ៉ា​ស្តា សាក​ប្រា និង​អា​ប៊ី​ន នៅ​GHOUTA ខាងកើត ជា​តំបន់​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​ប្រឆាំង ។

នាយក OSDH លោក​រ៉ា​មី​អាប់​ដែល​រ៉ា​ហ៍​ម៉ា​ន់ ក៏​រៀបរាប់​ផង​ដែរ ពី​ការ​វាយប្រហារ​តាម​អាកាស​លើ​មូលដ្ឋាន​ទាំងនោះ ក៏​ប៉ុន្តែ​គេ​ពុំ​ដឹង​ថា តើ​ការ​វាយប្រហារ​តាម​អាកាស​នោះ​ធ្វើ​ឡើង​ដោយ​កង​យន្តហោះ​ស៊ី​រី ឬ​កង​យន្តហោះ​រុ​ស្ស៊ី​ឡើយ ។ លោក​បញ្ជាក់​ថា កុមារ​យ៉ាងតិច​១០​នាក់​និង​នារី​៤​នាក់ ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ហើយ​អ្នក​រង​របួស​មាន​ច្រើន​សិប​នាក់ ។

លោក​បន្ត​ថា ការ​ទម្លាក់​គ្រាប់បែក​មួយ​ត្រូវ​ចំ​លេណដ្ឋាន​មួយ​កន្លែង​ឋិត​នៅ​ជិត​សាលារៀន​មួយ​នៅ​ក្រុង​ឌូ​ម៉ា ដោយ​សម្លាប់​នាយិកា​សាលា​នោះ ។ មនុស្ស​ម្នា​នាំ​គ្នា​យក​ក្មេង​ៗ​ចេញពី​គំនរ​បាក់បែក នៃ​អគារ​រង​ការ​បំផ្លាញ ។ រូបថត​នានា​បញ្ជូន​តាម FACEBOOK ដោយ​ក្រុម​សកម្មប្រយុទ្ធ​មួយ​នៅ​ក្រុង​ឌូ​ម៉ា​ក៏​បង្ហាញ​ផង​ដែរ​ពី​កុមារ​ច្រើន​នាក់​រង​របួសធ្ងន់​កំពុង​ត្រូវ​បាន​សង្គ្រោះ ។

ក្រុង​ឌូ​ម៉ា ទីតាំង​ពួក​ឧទ្ទាម​នៅ​តំបន់ GHOUTA ខាងកើត​នា​ភាគ​ខាងកើត​ក្រុង​ដា​ម៉ាស់ តែង​រង​ការ​វាយប្រហារ​តាម​អាកាស​ជាប់​រដឹក​បី​កង​យន្តហោះ​ស៊ី​រី​និង​រុ​ស្ស៊ី ។ ចំណែក​ពួក​ឧទ្ទាម​ក៏​បាន​បាញ់​ផ្លោង​គ្រាប់កាំភ្លើង​ត្បាល់​ចេញពី​ទីក្រុង​នេះ ដាក់​រដ្ឋធានី​ស៊ី​រី​ដែរ ។ នៅ​ក្រុង​ដា​ម៉ាស់​នា​ថ្ងៃ​ទី​១៣ ធ្នូ មនុស្ស​៣​នាក់​ក្នុង​នោះ​មាន​កុមារ​ម្នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ត្បាល់ ។ ចំណែក​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ហើយ​ច្រើន​នាក់​រង​របួស​ដោយសារ​ការ​បាញ់​គ្រាប់កាំភ្លើង​ត្បាល់​ដាក់​ជាយក្រុង​ដា​ម៉ាស់ ត្រួតត្រា​ដោយ​កងកម្លាំង​រដ្ឋាភិបាល ៕