នាវា​ពិឃាត​រុ​ស្ស៊ី​បាញ់​ព្រមាន​នាវា​តួ​ក​គី​1​គ្រឿង ដើម្បី​ចៀសវាង​ការ​បុក​គ្នា ខណៈ​មាន​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​2

ប្រទេស​រុ​ស្ស៊ី​ដែល​មាន​ភាព​តានតឹង​ជាមួយ​តួ​ក​គី ក្រោយ​ការ​បាញ់​ទម្លាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុ​ស្ស៊ី​មួយ​គ្រឿង កាលពី​ជិត​១​ខែ​មុន​អះអាង​ថា នាវា​ពិឃាត​រុ​ស្ស៊ី​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ បាន​បាញ់​ព្រមាន​ដើម្បី​ចៀសវាង​ការ​បុក​គ្នា​ជាមួយ​នាវា​តួ​ក​គី​មួយ​គ្រឿង​នៅ​សមុទ្រ EGEE ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ក្នុង​សេចក្តី​ប្រកាស​មួយ​អះអាង​ថា ក្រុម​នាវិក​នៃ​នាវា​ពិឃាត​រុ​ស្ស៊ី SMETLIVY ដែល​ស្ថិត​នៅ​ចម្ងាយ​២២​គីឡូម៉ែត្រ ពី​កោះ LEMNOS របស់​ក្រិ​ក​នា​ភាគ​ខាងជើង​សមុទ្រ EGEE ត្រូវ​ប្រើប្រាស់​អាវុធ​ដើម្បី​ចៀសវាង​ការ​បុក​គ្នា​ជាមួយ​នាវា​នេសាទ​តួ​ក​គី​មួយ​គ្រឿង ដែល​បើក​មក​ក្បែរ​ខ្លួន​ក្នុង​ចម្ងាយ​ត្រឹម​ប្រមាណ​ជា​៦០០​ម៉ែត្រ ។ សេចក្តី​ប្រកាស​នេះ​បន្ត​ថា យើង​បាន​កោះហៅ​សេនានុព័ន្ធ​តួ​ក​គី​ក្រោយ​ឧប្បត្តិ​ហេតុនេះ ។

សេចក្តី​ប្រកាស​បន្ត​ថា ក៏​ប៉ុន្តែ​ចម្ងាយ​ឃ្លាត​គ្នា​រវាង​នាវា​ទាំង​២​ធានា​មិន​ឱ្យ​នាវា​តួ​ក​គី​ត្រូវ​គ្រាប់​ឡើយ ។ កា​ពី​តែ​ន​នាវា​នេសាទ​តួ​ក​គី​បាន​បដិសេធ​ថា មានការ​បាញ់ប្រហារ​សំដៅលើ​នាវា​ខ្លួន​តែ​ម្តង ។ មេបញ្ជាការ​នាវា​រូប​នេះ លោក MUZAFFER GECICI ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី DOGAN ថា រុ​ស្ស៊ី​និយាយ​កុហក​ព្រោះ​ពុំ​មានការ​បាញ់​ព្រមាន​បែប​នេះ​ឡើយ ។ លោក​ថា យើង​បើកបរ​មិន​ដល់​មួយ​ម៉ា​យ​ផង​ពី​នាវាចម្បាំង​មួយ​គ្រឿង​ដែល​បោះ​យុថ្កា ។ យើង​ពុំ​ទាំង​ដឹង​ថា នាវាចម្បាំង​នេះ​ជា​នាវា​របស់​រុ​ស្ស៊ី​ផង ដោយ​យើង​គិត​ថា ជា​នាវា​របស់​អូតង់ ។

ប្រទេស​តួ​ក​គី និង​រុ​ស្ស៊ី​កំពុង​ឆ្លងកាត់​វិបត្តិ​ការទូត​យ៉ាង​អាក្រក់​មួយ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​បញ្ចប់សង្គ្រាម​ត្រជាក់​មក បន្ទាប់​ពី​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​របស់​រុ​ស្ស៊ី​ត្រូវ​កង​យន្តហោះ​តួ​ក​គី​បាញ់​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​ជិត​ព្រំដែន​ស៊ី​រី​មក ។

យោង​តាម​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថា នាវា​ពិឃាត​រុ​ស្ស៊ី​ដែល​កំពុង​បោះ​យុថ្កា​កត់សម្គាល់​ឃើញ​ការ​បើក​មក​កៀក​ប្រមាណ​១​ម៉ា​យ​របស់​នាវា​េ​ន​សាទ​តួ​ក​គី​ពី​ខាងស្តាំ​នាវា​រុ​ស្ស៊ី ។ ទោះបី​មានការ​ប៉ុនប៉ង​ជា​ច្រើន​លើក​ទាក់ទង​តាម​វិទ្យុ ក៏​ក្រុម​នាវិក​នៃ​នាវា​តួ​ក​គី​ពុំ​ឆ្លើយ​តប​ដែរ ហើយ​ក៏​ពុំ​អើពើ​ចំណាយ​ការ​ផ្តល់​សញ្ញា​នានា​ដែរ ។ បន្ទាប់​ពី​ការ​បាញ់​ព្រមាន​ទើប​នាវា​តួ​ក​គី​នោះ​ប្តូរ​ទិស​ភ្លាម​ៗ ហើយ​បន្ត​ទៅ​មុខ​ហួស​ពី​នាវា SMETLIVY ចម្ងាយ​ប្រមាណ​៥៤០​ម៉ែត្រ រួច​ក៏​គ្មាន​ការ​ទាក់ទង​មក​ក្រុម​នាវិក​រុ​ស្ស៊ី​ដដែល ។

អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​អាណា​តូ​លី អាន​តូ​ណូ​វ បាន​កោះហៅ​សេនានុព័ន្ធ​តួ​ក​គី លោក AHMET HAKAM GUNES បន្ទាប់​ពី​ឧប្បត្តិ​ហេតុនេះ ។ លោក​បាន​ធ្វើការ​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់​មួយ​ប្រឆាំង​ផលវិបាក​អាក្រក់​នានា​នៃ​អំពើ​ខ្វះ​ការ​ពិចារណា​នេះ​របស់​ក្រុង​អង់កា​រ៉ា​ចំពោះ​កងកម្លាំង​យោធា​រុ​ស្ស៊ី​ដែល​បញ្ជូន​មក​ស៊ី​រី​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ លោក​បញ្ជាក់​ទៀត​ថា រុ​ស្ស៊ី​សម្តែង​ជា​ពិសេស​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​របស់​ខ្លួន​ចំពោះ​បណ្តា​អំពើ​បង្កហេតុ​របស់​តួ​ក​គី​ចំពោះ​នាវា​ពិឃាត​រុ​ស្ស៊ី SMETLIVY ។ លោក​ថា នេះ​ជា​ការ​ចៃដន្យ​ល្អ​ដែល​គេ​អាច​ចៀសវាង​សោកនាដកម្ម​មួយ ។

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១១ ធ្នូ បាន​ចេញ​បញ្ជា​ឱ្យ​កងទ័ព​រុ​ស្ស៊ី​ឱ្យ​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​រាល់​កម្លាំង​ដែល​គំរាមកំហែង​ខ្លួន​នៅ​ស៊ី​រី។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​តួ​ក​គី លោក MEVLUT CAVUSOGLU អំពាវនាវ​ដល់​រុ​ស្ស៊ី​មានការ​ស្ងប់ស្ងាត់ ក៏​ប៉ុន្តែ​ព្រមាន​ថា ការ​អត់ធ្មត់​របស់​ក្រុង​អង់កា​រ៉ា​មាន​ព្រំដែន ។ លោក​អះអាង​ថា យើង​ពុំ​ចង់បាន​ភាព​តានតឹង​ឡើយ តែ​ចង់បាន​ការ​ចរចា ។ លោក​បញ្ជាក់​ថា ក្រុង​អង់កា​រ៉ា​ចេញ​បញ្ជា​ឱ្យ​បើក​ការ​ស៊ើបអង្កេត​មួយ​លើ​ឧប្បត្តិ​ហេតុនេះ ៕