សន្និសីទ​ក្រុង​រ៉ូ​ម​គាំទ្រ​កិច្ចព្រមព្រៀង​មួយ​អំពី​លី​ប៊ី

ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ភេរវកម្ម​កាន់តែ​ខ្លាំង​ដែល​កំពុង​រីក​រាលដាល​នៅ​លី​ប៊ី សហគមន៍​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ផ្តល់​ការ​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​មួយ និង​ការ​បង្រួបបង្រួម​រវាង​បណ្តា​សមាសភាព​នយោបាយ​សំខាន់​ៗ​របស់​ប្រទេស​។

សេចក្តី​ប្រកាស​មួយ​ដែល​បិទ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​លី​ប៊ី​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ នៅ​ទីក្រុង​រ៉ូ​ម​ខិតខំ​ត្រួសត្រាយ​ផ្លូវ​ដ៏​លំបាក​នៃ​ការ​វិល​ទៅ​រក​សន្តិសុខ និង​អធិប​តេយ្យ​ភាព​ក្នុង​ប្រទេស​នេះ ។ សេចក្តី​ប្រកាស​នោះ​អំពាវនាវ​ដល់​ប្រជាជន​លី​ប៊ី​ឱ្យ​គាំទ្រ​កិច្ចព្រមព្រៀង​នយោបាយ​បង្រួបបង្រួម​ជាតិ ដែល​ត្រូវ​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​១៦ ធ្នូ នៅ​ទី​ក្រុង SKHIRAT ប្រទេស​ម៉ា​រ៉ុ​ក ដោយ​តំណាង​នៃ​សភា​លី​ប៊ី​ទាំង​២ គឺ​សមាជជាតិ​ក្រុង​ទ្រី​ប៉ូ​លី និង​សភា​តំណាង​ក្រុង TOBROUK ។

ដោយ​អះអាង​ថា ប្រជាជន​លី​ប៊ី​ភាគច្រើន​ប្តេជ្ញា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​សម្រេច​បាន​ដោយ​ការ​ចរចា​របស់​ជនជាតិ​លី​ប៊ី ខ្លួនឯង​ផ្ទាល់ រដ្ឋមន្ត្រី​ការ​បរទេស​អា​េ​ម​រិ​ក លោក​ច​ន ឃ័​រ​រី ដែល​ជា​សហ​ប្រធាន​សន្និសីទ រួម​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អុ​ី​តា​លី លោក PAOLO GENTILONI គូសបញ្ជាក់​ថា កិច្ចព្រមព្រៀង​ក្រុង SKHIRAT នឹង​បើកផ្លូវ​ឆ្ពោះទៅ​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​មួយ​នៅ​ក្រុង​ទ្រី​ប៉ូ​លី ក្នុង​រយៈពេល​៤០​ថ្ងៃ ។ នៅ​មាន​ឯកសារ​ការងារ​មួយទៀត​ដើម្បី​ឱ្យ​សម្រេច​បានការ​បង្កើត​រដ្ឋាភិបាល​នេះ ។ លោក​អំពាវនាវ​ដល់​ប្រជាជន​លី​ប៊ី​កុំឱ្យ​នៅ​ធ្វើ​ចំណាប់ខ្មាំង​របស់​មនុស្ស​ម្នាក់ ឬ​២​នាក់ ។

លោក​ច​ន ឃ័​រ​រី ពុំ​បាន​លើក​ឡើង​ពី​ការ​លំបាក​នានា ដែល​នឹង​ជួប​ប្រទះ​ឡើយ ក៏​ប៉ុន្តែ​លោក​អះអាង​ថា លោក​មានការ​ជឿជាក់​លើ​កិច្ចព្រមព្រៀង​ក្រុង SKHIRAT ថា​នឹង​អាច​ស្តារ​ឯកភាព សន្តិសុខ និង​ស្ថេ​រ​ភាព​ឡើង​វិញ ក្នុង​ប្រទេស​ដែល​ចាប់តាំងពី​យូរ​មក​ហើយ ជួប​ប្រទះ​នឹង​ភាព​មិន​ច្បាស់លាស់ ។

ចំណែក​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ប្រហែលជា​ត្រូវ​រួម​ប្រជុំ​មុន​បុណ្យ​ណូអែល​ដើម្បី​អនុម័ត​ដំណោះស្រាយ​មួយ​គាំទ្រ​ទាំងស្រុង​ចំពោះ​រដ្ឋាភិបាល​ថ្មី​លី​ប៊ី ៕