បណ្តា​ក្រុមហ៊ុន​ផលិត​អាវុធ​លោក​ខាងលិច​ជួប​ការ​ប្រកួតប្រជែង​ខ្លាំង​របស់​រុ​ស្ស៊ី

យោង​តាម​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ វិទ្យាស្ថាន​ស្រាវជ្រាវ​លើ​សន្តិភាព​អន្តរជាតិ​ក្រុង​ស្តុក​ខូ​ល SIPRI រៀបរាប់​ថា បណ្តា​ក្រុមហ៊ុន​ផលិត​អាវុធ​លោក​ខាងលិច​នៅ​តែ​រកស៊ី​កាក់កប​លើ​ទីផ្សារ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤ ក៏​ប៉ុន្តែ​ការ​លក់​អាវុធ​របស់​ពួក​គេ​មានការ​ថយ​ចុះ ។ ផ្ទុយ​ទៅ​វិញ បណ្តា​ក្រុមហ៊ុន​ផលិត​អាវុធ​រុ​ស្ស៊ី​ជា​គូប្រជែង បែរជា​កំពុង​កាក់កប​ខ្លាំង ។

របាយការណ៍​នេះ​បន្ត​ថា ដោយ​មានការ​ចុះ​ថយ​រយៈពេល​៤​ឆ្នាំ​ជាប់​ៗ​គ្នា តួលេខ​ជំនួញ​របស់​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ជាងគេ​ទាំង​១០០​នៃ​ពិភពលោក​កាលពី​ឆ្នាំទៅ​មិ​ញ​ធ្លាក់​ចុះ​១,៥% នៅ​ត្រឹម​៤០១​ពាន់​លាន​ដុល្លារ ស្មើនឹង​ជាង​១០០​ដង​លើស​ថវិកា​ប្រចាំឆ្នាំ​នៃ​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់ អ​.​ស​.​ប ។

ទោះបី​បណ្តា​សហគ្រាស​អាវុធ​ដែល​មា​នទី​តាំងនៅ​សហរដ្ឋអាមេរិក និង​នៅ​អឺរ៉ុប​ខាងលិច​គ្រប់គ្រង​ជាង​៨០% នៃ​ទីផ្សារ​អាវុធ​ការ​លក់​អាវុធ​របស់​ពួក​គេ​មានការ​ថយ​ចុះ​៣,២% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ។ សហគ្រាស​៣​ក្នុង​ចំណោម​សហគ្រាស​ទាំងនេះ​បាន​របូត​ចេញពី TOP 100 ។

SIPRI ធ្វើការ​កត់​សម្គាល់ថា ជាមួយ​ការ​ថយ​ចុះ​រួម​គ្នា​៧,៤% នៃ​ការ​លក់​អាវុធ​របស់​ពួក​គេ បណ្តា​សហគ្រាស​អាវុធ​លោក​ខាងលិច​យល់​ថា ការ​ស្រុត​ចុះ​នៃ​ការ​លក់​នេះ​មក​ពី​ការ​លំបាក​នានា​ខាង​សេដ្ឋកិច្ច​របស់​តំបន់ ។

ផ្ទុយ​ទៅ​វិញ​សហគ្រាស​៣០​ក្នុង TOP 100 ប្រមូល​ចំណូល​កើន​ដល់​២៥% ពិសេស​ការ​លក់​អាវុធ​របស់​បណ្តា​សហគ្រាស​រុ​ស្ស៊ី​មាន​កំណើន​ដល់​ជិត​៥០% ។ ការ​លក់​អាវុធ​របស់​រុ​ស្ស៊ី​ហាក់​ពុំ​មាន​ឧបសគ្គ​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​ជាអន្តរជាតិ​ឡើយ ។ ម៉ូយ​អាវុធ​សំខាន់​ៗ​របស់​រុ​ស្ស៊ី​មាន​ជា​ពិសេស​ឥណ្ឌា និង​ចិន ។ ប្រទេស​ស៊ី​រី​ក៏​ទទួល​ការ​ផ្គត់ផ្គង់​អាវុធ​យ៉ាងច្រើន​ពី​រុ​ស្ស៊ី​ដែរ ៕