ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ដោយសារ​ស្កុប​ពី​បុក​គ្នា​ជាមួយ​គោ​យន្ត​ច្នៃ​នៅ​ស្រុក​មង្គលបុរី

ខេត្តបន្ទាយមានជ័យ ៖ អ្នក​បើក​ម៉ូតូ​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​ជិះ​ក្រោយ​រង​របួសធ្ងន់​បាក់ឆ្អឹង​ដើមដៃ​ខាងស្តាំ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូ​រី ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​គ្នា​ជាមួយ​គោ​យន្ត​ច្នៃ កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​រោង​ម៉ាស៊ីនទឹក​ក ស្ថិត​ក្នុងភូមិ​សាលា​ដែង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ប្រ​ភ​ភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ​ឈ្មោះ ថា ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​អូរ​ញ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង រីឯ​អ្នក​ជិះ​ពីក្រោយ​ដែល​រង​របួសធ្ងន់​មានឈ្មោះ ថា តាន់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ជាមួយ ។ ចំណែក​អ្នក​បើក​គោ​យន្ត​ច្នៃ​ឈ្មោះ ចៅ យឺន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​បឹង​ឃ្លាំង​លិច ឃុំ​តា​ឡំ ស្រុក​មង្គលបុរី ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ដំបូង​មាន​គោ​យន្ត​ច្នៃ​ដឹក​ទឹកកក​១​គ្រឿង ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បាន​ធ្វើ​ដំណើរ​ពី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ពេល​ដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ ស្រប​ពេល​នោះ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ក្រហម​-​ស ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1G-1861 ជិះ​គ្នា​២​នាក់​មក​ពីក្រោយ​ស្រប​ទិស​គ្នា បាន​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង ឯ​អ្នក​ជិះ​ពីក្រោយ​រង​របួសធ្ងន់​បាក់ឆ្អឹង​ដើមដៃ​ស្តាំ ។

ប្រភព​ដដែល​បាន​បញ្ចា​ក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្តាល​មក​ពី​អ្នក​បើក​គោ​យន្ត​បត់​ឆ្វេង​មិន​ប្រយ័ត្ន​ឧបសគ្គ​ខាងក្រោយ ចំណែក​ម៉ូតូ​បើក​លឿន​ជាន់​ហ្វ្រាំង​មិន​ជាប់​គេច​ទៅ​ខាងឆ្វេង​ទាក់​នឹង​កាង​មុខ​គោ​យន្ត​បណ្តាល​ឲ្យ​ដួល​បោក​នឹង​ថ្នល់​រហូត​មាន​អ្នក​ស្លាប់ និង​របួស ។

ក្រោយ​ពេល​កើតហេតុ អ្នក​បើក​គោ​យន្ត​ត្រូវ​បាន​ឃាត់ខ្លួន ដើម្បី​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំពោះ​វត្ថុ​តាង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ៕