កាប់រាប់​សិប​កាំបិត​និង​អារផ្តាច់​បំពង់កសម្លាប់ ព្រោះ​​រឿង​គំនុំព្រំដីជាប់គ្នា

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​ឃាតករ​សម្លាប់​យ៉ាង​សាហាវ​ព្រៃ​ផ្សែ​ដោយ​​កាប់​រាប់​សិប​កាំបិត​តាំងពី​ក្បាល​ដល់​ចុងជើង និង​អារផ្តាច់​បំពង់ក​ដល់​ឆ្អឹង រួច​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹក​បឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ជិត​៧​យប់ ថ្ងៃ​ទី​១៣ ធ្នូ ២០១៥ នៅ​ចំណុច​ព្រែក​កំពង់​សំរោង ស្ថិត​នៅ​ខាងត្បូង​ភូមិ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ដែល​ត្រូវ​ឃាតករ​សម្លាប់​យ៉ាង​សាហាវឃោរឃៅ​នេះ​មានឈ្មោះ ហេង ទូច អាយុ​៣០​ឆ្នាំ មានមុខរ​បរជា​អ្នក​ដាំ​ឈូក មាន​ទីលំនៅ​ក្នុងភូមិ​ត្នោត ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ។

លោក អ៊ុ​ង ផា​ន អធិការ​នគរបាល​ស្រុក​ពោធិ៍​រៀង​បានអោយ​ដឹង​ថា នៅ​ពេល​កើតហេតុ​នោះ​គឺ​មាន​បុរស​ម្នាក់​ដែល​កំពុង​បេះ​ឈូក​នៅ​ក្បែ​កន្លែង​កើតហេតុ​បានឮ​សំឡេង​ជន​រង​គ្រោះ​ស្រែក​អោយ​គេ​ជួយ លុះ​ពេល​ដែល​បុរស​ម្នាក់​នោះ​ទៅ​ដល់​បែរជា​មិនឃើញ​មាន​នរណា​ម្នាក់​សោះ លុះ​ពេល​ត្រឡប់​មក​ដល់​ភូមិ​វិញ​ទើប​ឮ​សាច់ញាតិ​ជន​រង​គ្រោះ​ដើរ​សួរ​គេឯង​រក​ជន​រង​គ្រោះ ព្រោះ​មិនឃើញ​មក​ផ្ទះ​វិញ ទើប​សង្ស័យ​សំឡេង​ស្រែក​អោយ​ជួយ​នោះ​ក៏​នាំ​គ្នា​ផ្អើល​ទៅ​កន្លែង​កើតហេតុ នាំ​គ្នា​ចុះ​រាវរក​នៅ​ក្នុង​ទឹក ស្រាប់តែ​ឃើញ​សាកសព​ជន​រង​គ្រោះ​ត្រូវ​គេ​ពន្លិច​នៅ​ក្នុង​ទឹក ដោយ​ដងខ្លួន​ត្រូវ​កាប់​ជា​ច្រើន​កាំ​បិត​តាំងពី​ក្បាល​រហូត​ដល់​ចុងជើង និង​អារ​ផ្តាច់​បំពង់​ក​រហូត​ដល់​ឆ្អឹង​ទៀត ទើប​នាំ​គ្នា​សែង​យក​មក​ផ្ទះ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​អោយ​ចុះ​ទៅ​ពិនិត្យ និង​ស្រាវជ្រាវ​តាម​រក​ជន​ដៃដល់ ។

ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា តាម​ការ​ពិនិត្យ​សាកសព ជន​រង​គ្រោះ​គឺ​ត្រូវ​ជនល្មើស​កាប់​នឹង​កាំបិត ហើយ​ពេល​ធ្វើ​សកម្មភាព​នោះ​ជនល្មើស​អាច​មាន​គ្នា​ចាប់ពី​២​ទៅ​៣​នាក់ ហើយ​ជា​មនុស្ស​ដែល​ស្គាល់គ្នា​ថែម​ទៀត​ផង ។

លោក​អធិការ​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ធ្នូនេះ ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​អស់​រយៈពេល​១​យប់ គឺ​បាន​រក​ឃើញ​មុខសញ្ញា​ដែល​ជា​ជនល្មើស​ហើយ ពួក​គេ​គឺជា​អ្នក​ដែល​មាន​ដី​នៅ​ជាប់​សងខាង​នឹង​ដី​របស់​ជន​រង​គ្រោះ​តែ​ម្តង ហើយ​មូលហេតុ​ដែល​ឈាន​ទៅ​ការ​រៀបចំ​គម្រោង​សម្លាប់​ជន​រង​គ្រោះ​នេះ គឺ​ដោយសារ​តែ​ពួក​គេ​មាន​គំនុំ​ជាមួយ​ជន​រង​គ្រោះ​រឿង​ទំនាស់​ដី​ជាប់​ព្រំ​គ្នា ហើយ​មក​ដល់​ពេល​នេះ​បាន​រត់គេច​ខ្លួន​អស់ហើយ ប៉ុន្តែ​សមត្ថកិច្ច​ក៏​កំពុង​តែ​តាម​ប្រមាញ់​ដែរ ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕