​ប្រធាន​ហិរញ្ញវត្ថុ ISIS ស្លាប់​ដោយសារ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អាមេរិក

អាមេរិក​៖​​មន្ត្រីជាន់ខ្ពស់​អាមេរិកបញ្ជាក់​ថា លោក Abu Saleh ហើយ​មានឈ្មោះ​ពិត​ថា Muwaffaq Mustafa Muhammad al-Karmush អាយុ​៤២​ឆ្នាំ ប្រធាន​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុម​សកម្មប្រយុទ្ធ ISIS បាន​ស្លាប់​ក្រោម​ការវាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ ដឹកនាំ​ដោយ​អា​មេ​រិ​កាលពី​ខែ​មុន​។ នេះ​បើ​យោង​សារព័ត៌មាន​Daily Mail ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែធ្នូ​នេះ​។​

​លោក Abu Saleh ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រធាន​ហិរញ្ញវត្ថុ​របស់​ក្រុម ISIS និង​ជា​បុគ្គល​ដ៏​សំខាន់​នៅក្នុង​ក្រុម ISIS ប៉ុន្តែ​បុរស​ម្នាក់នេះ​ត្រូវបាន​ក្រុម​ស៊ើបអង្កេត​សម្ងាត់​អាមេរិក បង្ហាញថា បាន​ស្លាប់​នៅ​ខែវិច្ឆិកា ខណៈដែល​មានការ​វាយប្រហា​រ​តាម​ដែនអាកាស​ទៅលើ​ក្រុម ISIS ប៉ុន្តែ​អាមេរិក​មិនបាន​បញ្ជាក់ថា Saleh ស្លាប់​នៅក្នុង​ប្រទេស​ស៊ី​រី ឬ​នៅ​អ៊ីរ៉ាក់​នោះទេ​។​

​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នេះដែរ អាមេរិក​ឲ្យ​ដឹងថា ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ស្រូបយក​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី សកម្មភាព​សេដ្ឋកិច្ច​ពី​ក្នុង​តំបន់​ដែល​ពួកវា​គ្រប់គ្រង​។ 

​    ​ក្រុម រដ្ឋ​អ៊ីស្លាម​បានទទួល​ប្រាក់​ជាង​៥០០​លាន​ដុល្លារ​អាមេរិក ពី​ទីផ្សារ​លក់​ប្រេង​ងងឹត ពី​ការ​ប្លន់​ពី​ធនាគារ ពី​តំបន់​ដែល​ពួកគេ​កាន់កាប់ រួមមាន​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ ហើយ​ក្រៅពីនេះ ទឹកប្រាក់​មួយចំនួន​បានមកពី​ការ​ជំរិត​ទារប្រាក់​ជា​ថ្នូរ​នឹង​អាយុជីវិត មនុស្ស​ជាដើម​៕

​ប្រធាន​ហិរញ្ញវត្ថុ ISIS ស្លាប់​ដោយសារ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អាមេរិក