​ហ្វីលីពីន​ត្រៀម​ជម្លៀស​ប្រជាជន​ចេញ​តំបន់ឆ្នេរ​សមុទ្រ និង​តំបន់​ទំនាប

ហ្វីលីពីន​៖​ភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​របស់​ហ្វីលីពីន​លោក Alexander Pama បាន​បញ្ជា​ឲ្យ​ត្រៀមកម្លាំង​រៀបចំ​ជម្លៀស​ប្រជាជន​ដែល​រស់នៅ តាម​តំបន់​ឆ្នេរសមុទ្រ តំបន់​ទំនាប និង​តំបន់ភ្នំ​នៅ​ភាគ​កណ្ដាល​ប្រទេស​ហ្វីលីពីន ដោយសារ​ព្យុះ​ទី​ហ្វុ​ង​មួយទៀត នឹង​បោកបក់​ទៅលើ​តំបន់​ទាំងនោះ​។ នេះ​បើ​យោងតាម​ចុះ​របស់​សារព័ត៌មាន Channelnews Asia​។​

​តាម​ប្រភព​ដដែល​បញ្ជាក់ថា ព្យុះ​ទី​ហ្វុ​ង Melor ឬ​អ្នកស្រុក​ហៅថា Nona មាន​ល្បឿន​ដល់ ៤៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅលើ​សមុទ្រ កំពុងធ្វើដំណើរ​នៅ​កាន់​ខេត្ត Samar ភាគ​ខាងជើង និង​បក់​ទៅកាន់​ភាគ​ខាងលិច​ប្រទេស ដែល​នឹងធ្វើ​ឲ្យ​បាក់​ដី​នៅ​យប់​ថ្ងៃ​ចន្ទ​នេះ​។ ព្យុះ Melor អាច​នឹង​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែលមាន​អង្កត់ផ្ចិត ៣០០​គីឡូម៉ែត្រ និង​បណ្ដាល​ឲ្យ​កើត​ទឹកជំនន់ និង​បាក់​ដី​នៅ​កោះ Samar និង Leyte ថែមទាំង​នៅ​តំបន់ Bicol ភាគ​អាគ្នេយ៍​កោះ Luzon ផង​។​

​ដោយឡែក​ភ្នាក់ងារ​ផ្ដល់ព័ត៌មាន​អាកាសធាតុ AccuWeather និយាយថា​ព្យុះ Melor នឹងមាន​ទឹកភ្លៀង​កម្ពស់ ៣០០​មី​លី​ម៉ែត្រ មុនពេល​ចុះថមថយ​កម្លាំង​នៅ​កាន់​តំបន់​ត្រូ​ពិ​ក និង​ចាក​ចេញពី​ហ្វីលីពីន​នៅ​ថ្ងៃ​សុក្រ​ខាងមុខ​។ ចំណែក​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក Herminio Coloma និយាយថា​រដ្ឋាភិបាល​បាន​កំពុង​រៀបចំ​គម្រោង​ជម្លៀស​ប្រជាជន​មិន ឲ្យ​បាត់​បង់ជីវិត និង​ផ្លាស់​ទី​ទៅកាន់​តំបន់​ខ្ពស់ និង​កន្លែង​សុវត្ថិភាព​នានា​៕

​ហ្វីលីពីន​ត្រៀម​ជម្លៀស​ប្រជាជន​ចេញ​តំបន់ឆ្នេរ​សមុទ្រ និង​តំបន់​ទំនាប