ការ​ទាមទារ​របស់​លោក Donald Trump ឲ្យ​ប្រឆាំង​នឹង​អ្នក​កាន់​សាសនា​ឥស្លាម បង្ក​ឲ្យ​មាន​ប្រតិកម្ម​ដ៏​ខ្លាំង​ក្លា

ការ​ទាមទារ​របស់​លោក Donald Trump ឲ្យ​ប្រឆាំង​នឹង​អ្នក​កាន់​សាសនា​ឥស្លាម  បង្ក​ឲ្យ​មាន​ប្រតិកម្ម​ដ៏​ខ្លាំង​ក្លា

បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump (ខាងលើ) រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​វោហាស័ព្ទ​ប្រឆាំង​សាសនា​ឥស្លាម​។

ការ​រិះ​គន់​ទៅលើ​លោក​មហាសេដ្ឋី Donald Trump ចេញ​មក​ពី​គ្រប់​ទិសទី រាប់​ចាប់​ពី​សេតវិមាន ក្រសួងការបរទេស​អាមេរិក និង​មេដឹកនាំ​នានា​ជុំវិញ​ពិភពល​លោក ព្រមទាំង​ក្រុម​តស៊ូមតិ​សម្រាប់​អ្នក​កាន់​សាសនា​ឥស្លាម​ផងដែរ បន្ទាប់​ពី​បេក្ខជន​នាំ​មុន​របស់​គណបក្ស​សាធារណរដ្ឋ សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​អាមេរិក​រូប​នេះ បាន​អំពាវនាវ​ឲ្យ ​«រាំង​ខ្ទប់​ទាំង​ស្រុង​កុំ​ឲ្យ​អ្នក​កាន់​សាសនា​ឥស្លាម​ចូល​ក្នុង​ទឹកដី​អាមេរិក​បាន»។

អ្នក​នាំពាក្យ​សេតវិមាន លោក Josh Earnest កាល​ពី​ថ្ងៃអង្គារ​ បាន​ហៅ​វោហា​សព្ទ​របស់​លោក​ Trump ថា «បានធ្វើឲ្យ​គេ​អាក់អន​ចិត្ត​និង​មាន​លក្ខណៈ​ពិសពុល»។ អ្នក​នាំ​ពាក្យ​ដដែល​និយាយ​ថា ផែនការ​របស់​លោក Trump «បាន​ធ្វើ​ឲ្យ​គាត់​ មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​ជា​ប្រធានាធិបតី»នោះ​ទេ ពី​ព្រោះ​ លោក Trump នឹង​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ប្រសិន​បើ​គាត់​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២០១៦ ​ហើយ​គាត់​អនុវត្ត​ផែន​ការ​របស់​គាត់​នោះ។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក លោក Peter Cook បាន​គូស​បញ្ជាក់​ពី​ភាព​ជា​ដៃ​គូ​របស់​យោធា​អាមេរិក​ជាមួយ​នឹង​ប្រទេស​កាន់​សាសនា​ឥស្លាម​នានា ព្រមទាំង​កងទ័ព​ដែល​កាន់​សាសនា​ឥស្លាម​នៅ​សហរដ្ឋ​អាមេរិក​ផ្ទាល់។ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ដដែល បាន​កត់​សម្គាល់​ពី​ផលវិបាក​ខាង​សន្តិសុខ ​បណ្តាល​មក​ពី​អ្វី​មួយ ដែល​ជំរុញ​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម អះអាង​ថា សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​សាសនា​ឥស្លាម​នោះ។

លោកបាន​ថ្លែង​ថា «អ្វី​ក៏​ដោយ ដែល​ជួយ​ពួករដ្ឋឥស្លាម​ឲ្យ​បង្ហាញ​ថា​ សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ជំនឿ​សាសនា​ឥស្លាម​នោះ គឺ​មិន​ត្រឹម​តែ​ផ្ទុយ​នឹង​គុណតម្លៃ​របស់​អាមេរិក​នោះទេ តែ​វា​ថែម​ទាំង​ផ្ទុយ​នឹង​សន្តិសុខ​ជាតិ​របស់​អាមេរិក​ផងដែរ។​»

ប្រធាន​សភា​អាមេរិក គឺ​លោក Paul Ryan ​ខាង​គណបក្ស​សាធារណ​រដ្ឋ និយាយ​ថា សំណើរ​របស់​លោក Trump ក្នុង​ការ​រារាំង​អ្នកកាន់​សាសនា​ឥស្លាម មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​អាមេរិក រហូត​ទាល់​តែ​មេដឹកនាំ​អាមេរិក «អាច​ពន្យល់​ពី​ស្ថានភាព​បច្ចុប្បន្ន​ ទាក់ទង​នឹង​ការ​វាយប្រហារ​ភេរវកម្ម​ថ្មី​ៗ​ដែល​នឹង​អាច​កើតឡើង​នោះ» គឺ​មិនមែន​ជា​គោល​ជំហរ​របស់​គណបក្ស​សាធារណ​រដ្ឋ ឬ​សហរដ្ឋ​អាមេរិក​ទេ។

លោក ​Paul Ryan បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា «សេរីភាព​សាសនា គឺ​ជា​គោលការណ៍​គ្រឺះ​នៅក្នុង​រដ្ឋ​ធម្មនុញ្ញ។ វា​ជា​គោលការណ៍​មូលដ្ឋាន សម្រាប់​បង្កើត​សហរដ្ឋ​អាមេរិក»។

​នាយករដ្ឋមន្ត្រី​អង់គ្លេសលោក David Cameron បាន​ហៅ​ផែនការ​របស់លោក​Trump ថា​«មាន​លក្ខណៈ​បំបែក​បំបាក់ មិន​មាន​គុណ​ប្រយោជន៍​ ហើយ​និយាយ​ឲ្យ​ខ្លី គឺ​ខុស​ឆ្គង​តែ​ម្តង»។ ចំនែក​ឯ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក John Kerry វិញ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​នៅ​ទីក្រុង​ប៉ារីស​ថា អត្ថាធិប្បាយ​របស់​លោក​Trump «មិនមាន​លក្ខណៈ​ស្ថាបនា​»នោះ​ទេ។

អ្នក​នាំពាក្យ​ឲ្យ​ទីភ្នាក់ងារទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ ដែល​សម្របសម្រួល​ការចូល​តាំង​លំនៅដ្ឋាន​ជាថ្មី​ក្នុង​ទឹកដីអាមេរិក​ដល់​ប្រជាជន ដោយ​រួម​ទាំង​ជនជាតិ​ស៊ីរី ដែល​អ្នកកាន់សាសនា​ឥស្លាមផងនោះ​ បាន​និយាយ​ក្នុង​ទីក្រុង​ ហ្សឺណែវ​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន«មាន​ការ​ព្រួយ​បារម្ភ​ថា វោហារ​សព្ទ​របស់​លោក Trump ​ ដែល​បាន​ប្រើ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នោះ កំពុង​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​កម្មវិធី​តាំង​ទីលំនៅ​ដ្ឋាន​ជាថ្មី​របស់​ទីភ្នាក់ងារ​នេះ»៕