លោក ​Carter៖ សហគមន៍​អន្តរជាតិ​ត្រូវ​បង្កើន​ការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម

លោក ​Carter៖ សហគមន៍​អន្តរជាតិ​ត្រូវ​បង្កើន​ការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម

រដ្ឋមន្រ្តី​ការពារប្រទេស​អាមេរិក Ash Carter ពេល​មក​ដល់​មន្ទីរបញ្ចកោណ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៩ ខែធ្នូ ដើម្បី​ផ្តល់​កសិណសាក្សីនៅមុខ​គណៈ​កម្មាធិការ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ព្រឹទ្ធសភា​ អំពី​ស្ថានភាព​របស់​ក្រុម​រដ្ឋឥស្លាម។

លោក​រដ្ឋ​មន្រ្តី​ការពារប្រទេស​សហ​រដ្ឋ​អាមេរិក​ Ash Carter ​បាន​មាន​ប្រសាសន៍​ថា ​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ មុនពេល​មាន​ការ​វាយ​ប្រហារ​ភេរវកម្ម​មួយ​ទៀតដូច​ជា​ការ​វាយ​ប្រហារនៅ​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា ក្នុង​ទីក្រុង​ប៉ារីស។

នៅ​ក្នុង​ការ​ផ្តល់​កសិណ​សាក្សី​នៅ​ខាង​មុខ​គណៈ​កម្មាធិការ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ពុធ ​លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស ​Carter ​បាន​ជំរុញឲ្យ​ប្រទេស​តួកគី​ធ្វើ​ឲ្យ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ដើម្បី​ត្រួតត្រា​ព្រំ​ដែន​ចន្លោះ​ប្រហោង​ជាមួយ​ប្រទេស​រុស្ស៊ី​ ហើយ​លោក​រដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស ​បាន​រិះគន់​ប្រទេស​អារ៉ាប៊ីសាអូឌីត ​ហើយ​និង​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​តំបន់​ឈូងសមុទ្រ​ពែកចំពោះ​ការ​ធ្វើ​ឲ្យ​ជម្លោះ​ក្នុង​ប្រទេស​យេម៉ែន​កាន់​តែ​ធ្ងន់​ធ្ង​រឡើង ​ហើយ​និង​មិន​យក​ចិត្តទុក​ដាក់​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម។

លោករដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេសអាមេរិកាំង​ក៏​មាន​ប្រសាសន៍​ដែរថា៖ «វា​ដល់​ពេល​វេលាហើយ​ ដែល​ប្រទេស​រុស្ស៊ី​ត្រូវ​ផ្តោត​ទៅ​លើ​គោល​ដៅ​ត្រឹម​ត្រូវក្នុង​ការ​ប្រយុទ្ធ​នេះ‍»។ ​ប្រទេស​លោក​ខាង​លិច​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ពីការ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើការ​វាយ​ប្រហារ​របស់​ខ្លួន​ទៅ​លើ​ពួក​អ្នក​ប្រយុទ្ធ​របស់​ក្រុម​ប្រឆាំង​ស៊ីរី ក្នុង​ការ​គាំទ្រ​ប្រធានា​ធិបតី​ស៊ីរី​ Bashar al- Assad​ ដែល​ជាសម្ព័ន្ធ​របស់​រុស្ស៊ី ​តែ​ការ​ចោទ​ប្រកាន់​នេះ ​បាន​ត្រូវ​ពួក​មន្រ្តី​រុស្ស៊ី​ច្រាន​ចោល។

លោករដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​អាមេរិកាំង ​Carter​ បាន​សុំ​ឲ្យ​ប្រទេស​ប្រហែល​៤០​ចូលរួម​ចំណែកកាន់​តែ​ច្រើ​ន​ឡើង​ថែម​ទៀត ​រួមមានកងទ័ព​ កិច្ច​ប្រតិបត្តិការ​ពិសេស​និង​អាវុធ​ជា​ដើម។

ក្នុង​ខណៈ​នោះ ​លោក​រដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​អាមេរិកាំង Carterក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ​សហរដ្ឋ​អាមេរិក​បាន​ប្រុង​ប្រៀប​ដាក់​ពង្រាយ​ទី​ប្រឹក្សា​និង​ឧទ្ធម្ភាគ​ចក្រ​សម្រាប់​វាយ​ប្រហារដើម្បី​ជួយ​កងទ័ព​អ៊ី​រ៉ាក់​ក្នុង​ការ​ដណ្តើម​យក​ទីក្រុង​រ៉ាម៉ាឌី​ពី​ពួក​ជន​សកម្ម​ប្រយុទ្ធ​មក​វិញ។​

ទាក់​ទិន​នឹងកងទ័ព​ពិសេស​សហរដ្ឋ​អាមេរិក​ដែល​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី ​លោករដ្ឋ​មន្រ្តី​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ពង្រីក​ការ​ដាក់​ពង្រាយ​កងទ័ព​ពិសេស​នេះ​ទេ ​នៅពេល​យើង​ឃើញ​ឱកាស​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​មក​ដល់​នោះ‍»។