ស.រ.អា​ឲ្យ​ដឹង​ថា ​​ក្រុម​រដ្ឋ​ឥស្លាម​មាន​សមត្ថភាព​បោះពុម្ព​លិខិត​ឆ្លងដែន

ស.រ.អា​ឲ្យ​ដឹង​ថា ​​ក្រុម​រដ្ឋ​ឥស្លាម​មាន​សមត្ថភាព​បោះពុម្ព​លិខិត​ឆ្លងដែន

អ្នក​ដំណើរ​ពី​ក្រៅ​ប្រទេស​ចូល​មក​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុង​ Los Angeles ដោយ​ប្រើ​ទូរ​ឆែក​លិខិតឆ្លងដែន​ស្វ័យប្រវត្តិ​ថ្មី។

រដ្ឋាភិបាល​ស.រ.អា​បាន​ចេញ​សេចក្តី​ព្រមាន​ជាថ្មី​ទៀតថា​ ក្រុម​រដ្ឋ​ឥស្លាម​ប្រហែល​ជាមាន​សមត្ថភាព​ក្នុង​ការផលិត​លិខិត​ឆ្លងដែន​ក្លែងក្លាយ​ដែល​ដូច​នឹង​លិខិត​ឆ្លងដែន​ស៊ីរី។ នេះ​ជាការ​ព្រួយ​បារម្ភ​ជាថ្មី​ទៀត​ថា​ ក្រុម​ជ្រុល​និយម​នេះ​អាច​នឹង​បន្លំ​ចូល​ទៅ​បស្ចឹម​ប្រទេស​បាន។​

យោងតាម​របាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​អន្តោប្រវេសន៍​ និង​គយ​របស់​អាមេរិក​បាន​ឲ្យដឹង​ថា ​ក្រុម​រដ្ឋ​ឥស្លាម​នេះ​មាន​ម៉ាស៊ីន​បោះពុម្ភ​លិខិត​ឆ្លង​ដែន​ស៊ីរី​ សៀវភៅ​លិខិត​ឆ្លង​ដែន​មិន​ទាន់​ប្រើ​ និង​ទិន្នន័យ​ពី​ពលរដ្ឋ​ពិតៗ​របស់​ពលរដ្ឋ​ស៊ីរី។

របាយការណ៍​នេះ​បាន​ផ្សាយ​ដោយ​ទូរទស្សន៍​ស៊ីអឹនអឹន (​CNN) កាលពីថ្ងៃ​សុក្រ​ ហើយ​បាន ចេញ ផ្សាយ​ដោយ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​ស.រ.អា ដែលមាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​អំពី​សុវត្ថិភាព​តាម​ព្រំដែន​ បន្ទាប់​ពី​មាន​ការវាយ​ប្រហារ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដែល​មាន​ជាប់​ទាក់​ទិន​នឹង​ក្រុម​រដ្ឋ​ឥស្លាម។​

​ទូរទស្សន៍ ​ABC រាយការណ៍​ថា របាយការណ៍​របស់​រដ្ឋាភិបាល​ក៏​បាន​ព្រមាន​ថា ​«អាច​មាន​លទ្ធភាព​ដែល​មាន​មនុស្ស​មក​ពី​ប្រទេសស៊ីរី​កាន់​លិខិត​ឆ្លងដែន​ដែល​ចេញ​ដោយ​ទីក្រុង​ដែល​គ្រប់​គ្រងដោយ​ក្រុម​រដ្ឋ​ឥស្លាម​ ឬ​មាន​លិខិត​ឆ្លង​ដែន​មិន​ទាន់​ប្រើ​អាច​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី​ស.រ.អា។​

លោក​ John Kirby ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ស.រ.អា​បាន​និយាយ​កាលពីថ្ងៃ​សៅរ៍​ថា​ លោក​បាន​ដឹង​ពី​សេចក្តី​រាយការណ៍​នោះ ដោយ​លោក​បន្ថែម​ថា​ មន្ត្រី​នានា​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​គំរាម​កំហែង​នេះ​ ហើយ​បាន​ហ្វឹកហ្វឺន​មន្ត្រី​កុងស៊ុល​ឲ្យ​ចេះ​ពិនិត្យ​មើល​ឯកសា​រ​ក្លែងក្លាយ៕