ស្រ្តី​អារ៉ាប៊ី​សាអូឌីត​បោះ​ឆ្នោត​ជាលើក​ដំបូង

ស្រ្តី​អារ៉ាប៊ី​សាអូឌីត​បោះ​ឆ្នោត​ជាលើក​ដំបូង

ស្រ្តី​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត​ធ្វើ​ការ​បោះ​ឆ្នោត​ជា​លើក​ដំបូង​នៅ​ក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ី សាអូឌីត​នា​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៥។

ស្រ្តី​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីតកំពុង​ទៅ​បោះ​ឆ្នោត​ជា​លើក​ទីមួយ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាក្រុង ដែល​ថែម​ទាំង​មាន​បេក្ខនារី​ជាលើក​ដំបូង សម្រាប់​តំណែង​ក្រុម​ប្រឹក្សា​ក្រុង​ផង​ដែរ។

​បុរស​និង​ស្រ្តី​បាន​ចាប់​ផ្តើម​ចូល​ទៅ​កន្លែង​បោះ​ឆ្នោត​ ដែល​បែង​ចែក​ភេទ​នៅ​ទូទាំង​ប្រទេស ​ពី​ម៉ោង ៨​ព្រឹក​ម៉ោង​ក្នុង​ស្រុក​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ពេល​ការ​បោះ​ឆ្នោត​បាន​បើក​ជា​ផ្លូវការ។

ការ​ផ្លាស់​ប្តូរ​នេះជា​ផ្នែកមួយ​នៃ​កេរ​ដំណែល​របស់​អតីត​ព្រះ​មហាក្សត្រ Abdullah ដែល​បាន​សោយ​ទី​វង្គត​កាល​ពី​ខែ​មករា ។ កាល​ពី​ឆ្នាំ ២០១១ ព្រះ​អង្គ​ទ្រង់​បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​មួយ អនុញ្ញាត​ឲ្យ​ស្រ្តី​បោះ​ឆ្នោត។ ព្រះ​រាជ​ក្រឹត្យនោះ​ចែង​ថា ចាប់​ពី​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ទៅ ស្រ្តី​មាន​សិទ្ធិ​ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខនារី​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាក្រុង។

ការ​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោតមិន​មែន​ជា​ការ​ងាយ​ស្រួល​សម្រាប់​បេក្ខនារី​ទេ។ ប្រទេស​អារ៉ាប៊ី សាអូឌីត​មាន​វិន័យបែង​ចែក​ភេទ​យ៉ាង​តឹង​រឹង ដូច្នេះ​បេក្ខនារី​មិន​អាច​និយាយ​ជាមួយអ្នក​បោះ​ឆ្នោត​ភេទ​ប្រុស​ទេ លើក​លែង​តែ​មាន​របាំង​មួយ។ វិធីមួយទៀត​ដែល​ពួកគេ​អាច​ទាក់​ទង​ជាមួយ​អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​នោះ គឺ​តាម​រយៈ​សាច់ញាតិ​ប្រុស​របស់​ពួកគេ​តែប៉ុណ្ណោះ។

«ពួក​យើង​បាន​រង់​ចាំ​ការ​ផ្តល់​ឱកាស​នេះ​អស់​ពេល​១០​ឆ្នាំ​ហើយ ដើម្បី​ឲ្យ​ស្ត្រី​អាច​ចូលរួម​ក្នុង​ការ​សម្រេច​រឿង​នយោបាយ និង​សង្គម​ក្នុង​ប្រទេស» នេះ​ជា​សម្តី​របស់បេក្ខនារី​ម្នាក់។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ​និយាយថា​ ស្រ្តី​មាន​ការ​ពិបាក​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ អង្គការ​នេះ​និយាយ​ថា​មជ្ឈ​មណ្ឌល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ស្ថិត​នៅឆ្ងាយ​ពី​ទី​លំនៅ​របស់​អ្នក​បោះ​ឆ្នោត​ភេទ​ស្រី ហើយ​ថា​ពួកគេ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​កន្លែ​ង​ចុះ​ឈ្មោះ​ទាំងនោះ។ ម្យ៉ាង​ទៀត ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​បើ​ក​បរ​រថយន្តទេ៕