នាយករដ្ឋមន្រ្តី​ជប៉ុន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌា

នាយករដ្ឋមន្រ្តី​ជប៉ុន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌា

នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ Shinzo Abe និង​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក Narendra Modi សើបច​នៅ​អំឡុងពេល​ចុះ​ហត្ថលេខា​នៅ​សភា Hyderabad ក្នុង​ក្រុង​ New Dehli ប្រទេស​ឥណ្ឌា នា​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥។

​នៅ​ថ្ងៃ​អាទិត្យ​នេះ លោក Shinzo Abe ​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន ​បាន​បញ្ចប់​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​រយៈ​ពេល​៣​ថ្ងៃ​របស់​លោក​ទៅកាន់​ប្រទេសឥណ្ឌា​ ដែល​នៅ​ទី​នោះ​លោក​នាយករដ្ឋ​មន្រ្តី​បាន​ចុះ​ហត្ថលេខាង​លើ​កិច្ច​ព្រម​ព្រៀង​ក្នុង​វិស័យ​សំខាន់​ៗ​មួយ​ចំនួន។

​កាល​ពី​ថ្ងៃ​សៅរ៍​ ​ប្រទេស​ទាំង​២ ​បានពង្រឹង​ចំណង​ទាក់​ទង​ដ៏​កក់​ក្តៅ​របស់​ខ្លួន​ដោយ​មាន​កិច្ច​ព្រម​ព្រៀង​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​តូក្យូ​បង្កើត​រថភ្លើង​ល្បឿន​លឿន​លើក​ដំបូង​សម្រាប់​ប្រទេស​ឥណ្ឌា ​សន្ធិសញ្ញា​វិស័យការពារ​ប្រទេសដែល​នឹង​ត្រួសត្រាយ​ផ្លូវសម្រាប់​ជប៉ុន​លក់​អាវុធ​ទៅ​ឲ្យ​ឥណ្ឌា ​និងការ​បោះជំហាន​ទៅ​មុខ​លើ​កិច្ច​ព្រម​ព្រៀង​នុយក្លែអ៊ែរ​ស៊ីវិល។

​កិច្ច​ព្រម​ព្រៀង​ទាំង​នោះ​បាន​ត្រូវ​ប្រកាស ​បន្ទាប់​ពី​ជំនួប​រវាង​លោក​នាយករដ្ឋមន្រ្តី ជប៉ុន Abe ​និង​នាយក​រដ្ឋ​មន្រ្តី​ឥណ្ឌា Narendra Modi នៅ​ក្នុង​រដ្ឋ​ធានី​ញូដេលី។

​មេដឹកនាំ​ជាតិ​និយម​ទាំង​២ ​មាន​ទំ​នាក់​ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ ​ហើយ​ភាព​ជាដៃ​គូ​ខាង​សេដ្ឋកិច្ច និង​សន្តិសុខ​រវាង​ប្រទេស​ទាំង​២ ​បាន​ទទួល​ការលើក​តម្កើងយ៉ាង​ខ្លាំង​ចាប់​តាំង​ពី​លោក​នាយករដ្ឋ​មន្រ្តី Modi ​បាន​ឡើង​កាន់​តំណែង​កាល​ពី​ឆ្នាំ​ទៅ​មក។

​លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុន Abe ​បាន​ពណ៌​នា​កិច្ច​ព្រម​ព្រៀង​នោះ​ថា ​ជាសញ្ញា​នៃ​សករាជ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២។ ​លោក​នាយករដ្ឋ​មន្រ្តី Abe ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា «ឥណ្ឌា​ខ្លាំង​មួយ​ ជាការ​ល្អ​សម្រាប់​ជប៉ុន​ ហើយ​ជប៉ុន​ខ្លាំង ​ជាការ​ល្អ​សម្រាប់​ឥណ្ឌា‍។ ​នេះ​ជា​គោល​ការណ៍​សំខាន់​របស់​ខ្ញុំ »។

​ជប៉ុន​នឹង​ផ្តល់​ប្រាក់​១២​ពាន់​លាន​ដុល្លា​រដើម្បី​បង្កើតរថ​ភ្លើងល្បឿនលឿន​ដែល​នឹង​រត់​រវាងទី​ក្រុង​ភាគ​ខាង​លិច​ប្រទេស​ឥណ្ឌាគឺ ​ទីក្រុង Mumbai​ និង​ទីក្រុង Ahmedabad។​ លោក​នាយករដ្ឋ​មន្រ្តី​ឥណ្ឌា Modi ដែល​ស្វះស្វែង​រក​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ដាក់​មូលធន​ចូល​ក្នុង​ហេដ្ឋារចនា​សម្ព័ន្ធឥណ្ឌា​បាន​និយាយ​ថា «សហគ្រាស​នឹង​ចាប់​ផ្តើម​បដិវត្តន៍​មួយ​នៅ​ក្នុង​វិស័យ​អយស្ម័យយាន​របស់​ឥណ្ឌា​ និង​បង្កើនល្បឿន​ការ​ធ្វើ​ដំណើរ​របស់​ឥណ្ឌា​នៅ​ថ្ងៃ​អនាគត‍»។

នៅ​ក្រោមសន្ធិសញ្ញាការពារ​ជាតិរបស់​ប្រទេស​ទាំង​២​ដែល​បាន​ចុះ​ហត្ថលេ​ខា​នោះ ​ប្រទេស​ទាំង​២ ​នឹង​ចែក​រំលែក​បច្ចេក​វិទ្យា ​ឧបករណ៍​ និង​ព័ត៌មាន​យោ​ធា៕