ប្រទេស​មហាអំណាច​គាំ​ទ្រ​ផែនការ​រួប​រួម​រដ្ឋាភិបាលរបស់​លីប៊ី

ប្រទេស​មហាអំណាច​គាំ​ទ្រ​ផែនការ​រួប​រួម​រដ្ឋាភិបាលរបស់​លីប៊ី

លោក​រដ្ឋ​មន្រ្តី​ការបរទេស​ John Kerry និយាយ​នៅ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​ក្នុង​ទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​

មហា​អំណាចពិភពលោក ​បាន​បញ្ចប់​ជំនួប​ជាមួយ​ក្រុម​អ្នក​តំណាង​នៃ​ភាគី​ច្បាំង​គ្នា​២​នៃ​ប្រទេស​លីប៊ី​ ជាមួយ​នឹង​ការ​បញ្ជាក់​មួយ​នៃ​ការ​គាំទ្រ​សម្រាប់ផែនការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រ​ជាជាតិ​ ដែល​នឹង​បង្កើត​រដ្ឋាភិបាល​រួប​រួម​គ្នា​មួយ។​

​អ្នក​តំណាង​មក​ពី​ប្រទេស​១៧​ហើយ​និង​តំណាង​អង្គការ​ពិភពលោក​៤ ​បាន​ធ្វើ​ការ​ចរ​ចា​ជាមួយ​ក្រុម​មន្រ្តី​លីប៊ី​នៅ​ក្នុង​ទីក្រុង​រ៉ូម​នៃ​ប្រទេស​អ៊ីតាលី​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលម៉ិញ​ នៅ​ក្នុង​ជំនួប​មួយ​ដែល​មាន​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក John Kerry ធ្វើ​ជា​អធិបតីភាព​ ហើយ​និង​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អ៊ីតាលី Paolo Gentiloni។

​ជំនួប​នោះ ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​ប្រកួត​ប្រជែង​គ្នា​២របស់​លីប៊ី ​ប្រុង​ប្រៀប​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀងបង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ​មួយ​នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក​នៅ​ថ្ងៃ​ពុធ។

​នៅ​ក្នុង​សន្និសីទ​កាសែត​ជាមួយ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អ៊ីតាលី​ Gentiloni និង​លោក Marti Kobler​បេសកជន​របស់​អង្គការ​សហប្រជាជាតិ​ លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក John Kerry បាន​មាន​ប្រសាសន៍​ថា​ «វា​ជា​ពេល​វេលា​ដើម្បី​បំបែក​ភាព​ទាល់​ច្រក» ហើយ​និង​ធ្វើ​ឲ្យ​ជឿន​លឿនដល់អនាគត​មួយ​សម្រាប់​ប្រទេស​លីបី។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ John Kerryមាន​ប្រសាសន៍នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​នៅ​ក្នុង​ទីក្រុង​រ៉ូម​ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​មហា​អំណាច ដោយ​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ទាំងអស់​ឲ្យ​សុខ​ចិត្ត​ទទួល​យក​ការ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​និង​ធំ​ទូលាយ​មួយ​ ​នៅពេល​ដែលកិច្ច​ព្រម​ព្រៀង​នោះ ​ត្រូវ​បាន​ចុះ​ហត្ថលេខា។

លោក Kobler បេសកជន​របស់​អង្គការ​សហប្រ​ជាជាតិ ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៅ​កាន់​រដ្ឋាភិបាលប្រកួតប្រជែង​ថា ​កិច្ច​ព្រម​ព្រៀង​នេះ​ក៏នឹង​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ក្រុម​មេដឹកនាំ​ភាគី​ខាង​នយោ​បាយ​និងមន្រ្តី​ផ្សេង​ទៀត​ដែរ៕​