លោក​យាយ​វ័យ​៨៩​ឆ្នាំ​​ ទទួល​បាន​បរិញ្ញាបត្រ​​ជា​លើក​ដំបូង

លោក​យាយ​វ័យ​៨៩​ឆ្នាំ​​ ទទួល​បាន​បរិញ្ញាបត្រ​​ជា​លើក​ដំបូង

​គ្រប់​គ្នា​ដែល​​មិន​បាន​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​កាល​​នៅ​វ័យ​ក្មេង​​ភាគ​ច្រើន ​យល់​​ថា​​​​ពួកគេ​តែង​តែ​មានឱកាស​​​​​ត្រលប់​ទៅ​យក​សញ្ញាប័ត្រ​​ដដែល ​ប្រសិន​​បើ​​ពួកគេ​​​ចង់​បាន។ ​​ការ​យល់​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​លោក​យាយ​ម្នាក់​បាន​លះ​បង់​ពេល​វេលា​ និង​កម្លាំង​កាយ​ចិត្ត​ ដើម្បី​ទទួល​បាន​សញ្ញាប័ត្រ​នៅ​អាយុ ៨៩ឆ្នាំ។

 

លោក​យាយ Betty Reilly ​​មាន​កូន៥នាក់ ​​ចៅ​បង្កើត​១២​នាក់ និង​ចៅ​ទួត​ ១៣នាក់ បាន​ពាក់​មួក​ និង​ឈុត​ទទួល​សញ្ញាប័ត្រ​​​នៅ​​សាកល​វិទ្យាល័យ​ Florida Atlantic ​ក្នុង​​ក្រុង​ Boca Raton រដ្ឋ​ Florida ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

 

លោក​យាយ​វ័យ​៨៩​ឆ្នាំ​​ ទទួល​បាន​បរិញ្ញាបត្រ​​ជា​លើក​ដំបូង

 

លោក​យាយ​បាន​កើត​ធំ​ដឹង​ក្ដី​នៅ​សង្កាត់​ Upper East Side ​ទីក្រុង​ញ៉ូយ៉ក និង​​បាន​គ្រោង​​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ Columbia ក្រោយ​ពី​បញ្ចប់​​ថ្នាក់​វិទ្យាល័យ។​ប៉ុន្តែ​​លោក​យាយ​បាន​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ A ​និង​បាន​​ឈប់​រៀន​តាំង​ពី​ពេល​នោះ។ ក្រោយ​មក​​លោក​យាយ​​បាន​ដាក់​ពាក្យ​សុំ​ធ្វើការ​ជា​ស្មៀន​ រហូត​បាន​ជួប​គូ​ជីវិត​នៅ Wall Street។

 

​នៅ​ពេល​​លោក​យាយ​​​​​អាយុ ៧៨ឆ្នាំ​ បណ្ណារក្ស​​ម្នាក់​បាន​​​ប្រាប់​ឲ្យ​លោក​យាយ​ដាក់​ការ​ងារ​នៅ​បណ្ណាល័យ​មួយ​ក្នុង​ក្រុង​ Sunrise រដ្ឋ​ Florida ​កន្លែង​ដែល​គាត់​រស់​នៅ​ តែ​លោក​យាយ​​អាក់​អន់​ចិត្ត​ជា​ខ្លាំង​ពេល​គេ​​ទាម​ទារ​​តម្រូវ​ការ​ច្រើន ព្រោះ​លោក​យាយ​រៀន​បាន​ត្រឹម​​ថ្នាក់​​វិទ្យាល័យ​​ ដែល​មិន​ទាន់​ចប់​ប៉ុណ្ណោះ។

 

​​​​ការ​តូច​ចិត្ត​នេះ​បាន​ជំរុញ​ឲ្យ​លោក​យាយ​សម្រេច​​ស្វែង​រក​​ការ​អប់រំ​ខ្ពស់​ជាង​នេះ។ ​ក្រោយ​មក​លោក​យាយ​​បាន​សម្រេច​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​រង​នៅ​មហាវិទ្យាល័យ Broward Community រដ្ឋ​Florida ក្នុង​ឆ្នាំ​ ២០០៧​នៅ​អាយុ ​៨១ឆ្នាំ។ លោក​យាយ​ថា​ ​គាត់​​ខ្មាស​អៀន​ជា​ខ្លាំង​ពេល​ចូល​ដំបូង និង​មិត្ត​រួម​ថ្នាក់​ក្មេង​ៗ​ស្មើ​ចៅ​ៗ​​សម្លឹង​ដាក់​គាត់​​ហាក់​ភ្ញាក់​ផ្អើល។ ​តែ​ទោះ​ជា​បែប​នេះ​លោក​យាយ​បាន​រៀន​ចប់​ទទួល​សញ្ញាប័ត្រ​ និង​​បាន​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកល​វិទ្យាល័យ Florida Atlantic ​ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស។​​

 

​ដោយ​សារ​តែ​ក្ដី​រំជើប​រំជួល​ នៅ​ថ្ងៃ​ចែក​​សញ្ញាប័ត្រ​លោក​យាយ​​បាន​ឡើង​ឆាក​ទទួល​ដោយ​ក្ដី​ត្រេកអរ​ និងរាំ​លើ​ឆាក​ផង។ ​បើ​តាម​មន្ត្រី​​ប្រចាំ​សាលា​​និយាយ​ថា លោក​យាយ​ជា​សិស្ស​​ចំណាស់​ជាង​គេ​បំផុត​​មួយ​​ដែល​បញ្ចប់​ការ​សិក្សា​ក្នុង​​​សាកលវិទ្យាល័យ​នេះ៕

 

ចុចអាន៖ កូន​ក្រមុំ​ប្រគល់​សញ្ញាបត្រ​បញ្ជាក់​​​​​ភាព​បរិសុទ្ធ​​ ឲ្យ​ឪពុក​ថ្ងៃ​រៀប​ការ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ abcnews