ភ័យបះសក់ ឃើញបង្គួយយក្ស កំពុងតោងជាប់ សន្យាបផ្ទះ

អូស្ត្រាលី៖ បុរសចំណាស់ម្នាក់ ភ័យចង់បះសក់ ពេលដែលប្រទះភ្នែកជាមួយ សត្វបង្គួយយក្សដ៏ចំលែកមួយក្បាល ប្រវែងជាងមួយម៉ែត្រ កំពុងតោងជាប់សន្យាបផ្ទះ។

គេហទំព័របរទេសមួយបានឲ្យដឹងថា បុរសចំណាស់ម្នាក់ ឈ្មោះថា Eric Holland អាយុ ៨០ឆ្នាំ រស់នៅក្នុងទីក្រុង Thurgoona រដ្ឋ New South Wales ប្រទេសអូស្ត្រាលី បានឃើញបង្គួយយក្ស (ជាប្រភេទសត្វល្មូន Lace Monitor) កំពុងតោងជាប់នឹងសន្យាបផ្ទះរបស់គាត់។

ក្នុងហេតុការណ៍នោះ លោកតា បានប្រាប់ឲ្យដឹងថា ពេលគាត់កំពុងតែជួសជុលរបស់ នៅក្នុងរោងទុកអីវ៉ាន់ ស្រាប់តែរំពេចនោះ គាត់បានឃើញអ្វីម្យ៉ាង ក៏បើកទ្វារមើល​ តែវាបានរត់ គេចបាត់ទៅ។ រួចគាត់ក៏ចូលទៅក្នុងរោងនោះវិញ ប៉ុន្តែបន្តិចក្រោយមក គាត់បានលឺសម្លេងគោះ ចេញពីជំហៀងផ្ទះម្តង។

គួរឲ្យព្រឺក្បាល ព្រោះពេលគាត់ចេញទៅមើលម្តងទៀតនោះ គាត់បានឃើញសត្វបង្គួយដ៏ធំមួយក្បាល នៅចំហៀងផ្ទះ ហើយកន្ទុយរបស់វា គោះទៅលើបំពង់ទុយោរទឹកនៅទីនោះ។ ពេលភ្លាមៗនោះ លោកតា Holland បានថតរូប របស់វា ដែលមានប្រវែងដងខ្លួន ដល់ទៅ ១ម៉ែត្រកន្លះឯណោះ។ លោកតាបន្តថា គាត់រស់នៅទីនេះ អស់រយៈ ពេល ១៨ឆ្នាំហើយ តែមិនដែលបានឃើញបង្គួយអីធំសម្បើម បែបនេះនោះទេ។

គួរបញ្ជាក់ផងដែរថា ពូជបង្គួយ Lace Monitors នេះ អាចមានប្រវែងទៅដល់ ២ម៉ែត្រ និងទម្ងន់រហូតទៅដល់ ២០គីឡូក្រាម ហើយមានដើមកំណើតមកពី ​​​ភាគ​ខាង​កើត ​នៃ​ប្រទេស​អូស្ត្រាលី៕

ភ័យបះសក់ ឃើញបង្គួយយក្ស កំពុងតោងជាប់ សន្យាបផ្ទះ
រូបភាព របស់បង្គួយចំលែកនោះ

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត