គួរឲ្យរន្ធត់! ជនសង្ស័យម្នាក់ ប្រឹងសំងំលាក់ខ្លួន គេចពីភ្នែកប៉ូលីស តែធ្លាក់ខ្លួន ក្លាយជាចំណី របស់សត្វក្រពា ដ៏ធំមួយក្បាល ទៅវិញ

សហរដ្ឋអាមេរិក៖ វាជារឿងដ៏គួរឲ្យ ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ បន្ទាប់ពីបុរសម្នាក់ដែលជា ជនសង្ស័យក្នុង អំពើចោរកម្មបាន ទៅសំងំលាក់ខ្លួននៅក្នុងបឹងមួយ ដើម្បីគេចពីភ្នែករបស់ក្រុម សមត្ថកិច្ចតែក្រោយមក រូបគេក៏បានក្លាយទៅជា ចំណីរបស់សត្វក្រពា នៅក្នុងបឹងនោះទៅវិញ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ដ៏មិនគួរឲ្យជឿនេះ កើតឡើងនៅក្នុងទីក្រុង Palm Bay នៃរដ្ឋ Florida សហរដ្ឋអាមេរិក ដោយក្នុងនោះបុរសម្នាក់ឈ្មោះថា Matthew Riggins អាយុ២២ឆ្នាំ និងជាជនសង្ស័យដែល បានធ្វើសកម្មភាពគាស់ផ្ទះ របស់ប្រជាជនក្នុងតំបន់ ត្រូវបានសត្វក្រពា មួយក្បាលចាប់អូសទាញ ចូលទៅក្នុងទឹកជ្រៅ រួចហែកស៊ីជាចំណី តែម្តង។

ប្រភពដដែលនេះ បានបញ្ជាក់ថារឿងហេតុនេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកានេះ ពោលគឺនៅពេលដែលប្រជាជន រស់នៅក្នុងសហគមន៍ Barefoot Bay បានរាយការណ៍ទៅកាន់ ប៉ូលីសថាមាន ជនសង្ស័យ២នាក់ ជាចោរគាស់ផ្ទះ ដែលក្នុងនោះមានម្នាក់គឺជា Riggins កំពុងដើរខាងក្រោយផ្ទះ។ ក្រោយមកប៉ូលីសក៏បាន ទៅដល់ទីតាំង រួចធ្វើការដេញតាមចាប់ ជនសង្ស័យទាំងនោះ ដោយមានទាំងប្រើប្រាស់ ឆ្កែប្រដេញនិង ឧទ្ធម្ភាគចក្រផងដែរ។

គួរឲ្យរន្ធត់! ជនសង្ស័យម្នាក់ ប្រឹងសំងំលាក់ខ្លួន គេចពីភ្នែកប៉ូលីស តែធ្លាក់ខ្លួន ក្លាយជាចំណី របស់សត្វក្រពា ដ៏ធំមួយក្បាល ទៅវិញ
Matthew Riggins ជនសង្ស័យជា ចោរគាស់ផ្ទះ ធ្លាក់ខ្លួនក្លាយជា ចំណីរបស់សត្វក្រពា

យ៉ាងណាមិញ នៅយប់ដដែល ក្រុមប៉ូលីសមិនអាចចាប់ ជនសង្ស័យទាំង២នាក់ នោះបានឡើយ ហើយម្យ៉ាងវិញទៀត គ្រួសាររបស់ Riggins ក៏បានរាយការណ៍ថា រូបគេបានបាត់ខ្លួនពីផ្ទះ នៅថ្ងៃនោះដែរ។ លោក Tod Goodyear នាយប៉ូលីសប្រចាំតំបន់ បានប្រាប់ឲ្យដឹងថា “១០ថ្ងៃក្រោយ ពីការដេញតាមចាប់ របស់ពួកយើង ក៏មានការប្រទះឃើញ នូវសាកសពរបស់ Riggins អណ្តែតនៅ ក្នុងទឹកបឹង ហើយនៅក្បែរនោះ គឺមានសត្វក្រពា ដ៏ធំនិងកាចសាហាវមួយ ដែលធ្វើឲ្យយើងសង្ស័យ ថារូបគេនឹង អាចក្លាយទៅជាចំណី របស់សត្វក្រពាមួយនោះ បាត់ទៅហើយ”។

នាយប៉ូលីសរូបនេះ បានបន្តទៀតថា “អ្វីដែលរឹតតែច្បាស់ គឺនៅពេលដែល ក្រុមស៊ើបអង្កេតរបស់ ពួកយើងចាប់សត្វក្រពានោះ រួចវះពោះមក អ្វីដែលយើងបានឃើញ នោះគឺសុទ្ធសឹងតែជា បំណែកសាកសពរបស់ Riggins ពិតប្រាកដមែន”។

នេះគឺជារឿងដ៏កម្រមួយ ដែលជនសង្ស័យម្នាក់ រត់ទៅសំងំលាក់ខ្លួន ពួនអាត្មានៅក្នុងទឹកបឹង ដើម្បីគេចពីការតាមចាប់ របស់ប៉ូលីស តែបែរជាដូចយកខ្លួន ទៅដាក់នៅក្នុងមាត់ សត្វក្រពាដែល កំពុងនៅទីនោះ ទៅវិញ៕

គួរឲ្យរន្ធត់! ជនសង្ស័យម្នាក់ ប្រឹងសំងំលាក់ខ្លួន គេចពីភ្នែកប៉ូលីស តែធ្លាក់ខ្លួន ក្លាយជាចំណី របស់សត្វក្រពា ដ៏ធំមួយក្បាល ទៅវិញ
សត្វក្រពា ដ៏ធំនិងកាចសាហាវ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត