រូបមន្ត​សម្អាត​សម្រាប់​ស្ត្រី​មេផ្ទះ​

​រូបមន្ត​សម្អាត​សម្រាប់​ស្ត្រី​មេផ្ទះ​ថ្ងៃ​េ​នះ​ពិសេស​តែម្តង ព្រោះ​វា​ជា​រូបមន្ត​ងាយៗ​ដែល​ប្រើ​សម្អាត​បាន​ជ្រះ​ស្អាត​ល្អ គ្មាន បន្សល់​សារធាតុ​គីមី ហើយ​ថែមទាំង​សំចៃ​ថវិកា​បាន​ទៀតផង ។​

១-​បេ​ឃី​ង​សូ​ដា + ទឹកខ្មេះ​
​ចាត់ទុកថា​ជា​ដៃគូ​កម្ចាត់​ភាពកខ្វក់​ដ៏​ល្អ​ជាង​ទ្រី​អុី​ន​វ័ន (3 in 1)​ទៅទៀត ព្រោះ​ក្រៅពី​យក​ទុក​ធ្វើ​អាហារ ធ្វើ​នំ ឬ លាង​បន្លែ​ឱ្យ​ស្អាត​ហើយ រូបមន្ត​នេះ​ថែមទាំង​ប្រើ​កម្ចាត់​កម្អែល​ខ្លាញ់​បាន​សព្វសារពើ មិន​ចំពោះ​ថា​ជា​បរិវេណ​ចង្ក្រានហ្គាស កញ្ច្រែង​របស់​ម៉ាស៊ីន​បឺត​ផ្សែង ឬ ប្រដាប់​ត្រង​កាកសំណល់​អាហារ​នៅ​អាង​លាងចាន​ដែល​ច្រើន​តែមាន​កម្អែល​ខ្លាញ់ និង កម្ទេច​កាកសំណល់​អាហារ​នៅជាប់​រហូត​ទាល់តែ​កកស្ទះ ។ ដូច្នេះ​ត្រូវ​លាយ​បេ​ឃី​ង​សូ​ដា​(Baking Soda)​ជាមួយនឹង​ទឹកខ្មេះ ប្រើ​ជូត​សម្អាត ព្រមទាំង​ប្រើ​ច្រាស​ដុសធ្មេញ​ខាត់​តាម​កន្លុកកន្លៀត​ផ្សេងៗ នឹង​ជួយ​កម្ចាត់​កម្អែល​កប់​ណែ​ន​បាន​យ៉ាង​ងាយ ។​

អ្វីដែល​ពិសេស​ជាងនេះទៀត​នោះ​គឺ​រូ​បម​ន្ត្ត​នេះ​អាច​ប្រើ​សម្អាត​ក្នុង​បន្ទប់​ទឹកបាន​គ្រប់​ច្រកល្ហក មិន​ចំពោះ​ថា​លាងជម្រះ កម្អែល​សាប៊ូ កម្អែល​ផ្សិត​លើ​ផ្ទៃ​ឥដ្ឋ និង ជញ្ជាំង​បន្ទប់​ទឹកបាន​យ៉ាង​ប្រសើរ ។ ប្រើ​ខាត់​សម្អាត​អាង​ងូតទឹក ឬ ឡា​បូ​លាងមុខ ឱ្យ​ស្អាត​គួរឱ្យ​ចង់​ប្រើ កម្ចាត់​កម្អែល​កក​លឿងៗ​ក្នុង​ចាន​បង្គន់​បាន​រហ័ស​ទាន់​ចិត្ត ឬ អាច​ប្រើ​ខាត់​ក្បាល​រ៉ូ​ប៊ី​ណេ​ឱ្យ​ស្អាត មាន​ពន្លឺ ហើយ​ថែមទាំង​ជួយ​បំបាត់​ក្លិន​មិនល្អ​ក្នុង​បន្ទប់​ទឹកបាន​ទៀតផង ។​

រូបមន្ត​សម្អាត​សម្រាប់​ស្ត្រី​មេផ្ទះ​

២-​ទឹកខ្មេះ​+​ទឹក​
​រូបមន្ត​ងាយៗ​នេះ​ប្រើ​ត្រឹមតែ​ទឹកខ្មេះ​ជាមួយនឹង​ទឹក​ក្នុង​អត្រា​ស្មើៗ​គ្នា ប៉ុន្តែ​អាច​សម្អាត​របស់របរ​ផ្សេងៗ​បាន​ច្រើន​មុខ ដូចជា ប្រើ​ជូត​ផ្ទៃ​ឈើ​ឱ្យ​ស្អាត​ប្រាសចាក​មេរោគ ជូត​គ្រឿង​ផ្ទះបាយ​ឱ្យ​រលើបរលោង ឬ ប្រើ​ជូត​សម្អាត​ខាងក្នុង​ទូទឹកកក​ក៏​នឹង ជួយ​កម្ចាត់​ក្លិន​បាន​ផងដែរ ។ ក្រៅពីនេះ​ថែមទាំង​ប្រើ​ធ្វើជា​ទឹក​ថ្នាំ​ជូត​កញ្ចក់​ឱ្យ​ភ្លឺ​ចែងចាំង​បាន​ទៀតផង ។​

រូបមន្ត​សម្អាត​សម្រាប់​ស្ត្រី​មេផ្ទះ​

៣-​ប្រេង​អូ​លីវ​+​ទឹកក្រូច​ឆ្មារ ឬ ទឹកខ្មេះ​
​ជួយ​រក្សា​ភាព​រលើបរលោង​ដល់​គ្រឿងសង្ហារិម​ធ្វើ​ពី​ឈើ​បាន ដោយ​គ្រាន់តែ​ប្រើ​ប្រេង​អូ​លីវ ២ កូនចាន លាយ​ជាមួយ ទឹកក្រូច​ឆ្មារ ឬ ទឹកខ្មេះ ១ កូនចាន​ទៀត ។ យក​កំណាត់​ទន់ៗ​ជ្រក់​លក់​គ្រឿងផ្សំ រួច​យកមក​ជូត​គ្រឿងសង្ហារិម​ធ្វើ​ពី​ឈើ​ឱ្យ​ភ្លឺ រលើបរលោង​ម្តងទៀត ថែមទាំង​ជួយ​លុបបំបាត់​ស្នាម​ឆ្កូត​លើ​ផ្ទៃ​សាច់​ឈើ​បាន​ទៀតផង ។ ប្រសិនបើ​គ្រឿងសង្ហារិម​ធ្វើ​ពី​ស្បែក ត្រូវ​បន្តក់​ប្រេង​អូ​លីវ​បន្តិច​ទៅលើ​កំណាត់​ទន់ៗយកមក​ដុស​ត្រង់​ស្នាម​ឆ្កូត​ស្រាលៗ នឹងធ្វើ​ឱ្យ​ស្នាម​កូត​នោះ​រលុប​បាត់ ៕​​ឆាន់ ចំ​រ៉ា​

រូបមន្ត​សម្អាត​សម្រាប់​ស្ត្រី​មេផ្ទះ​