តើ​មាន​អ្វី​ប្រែប្រួល​បើ​ឈប់​លេបថ្នាំ​ពន្យារកំណើត ?

វិធី​ពន្យារកំណើត​មាន​ច្រើនយ៉ាង ដូចជា វិធី​ដាក់​កង និង ចាក់​ថ្នាំ​ជាដើម តែ​វិធី​ដែល​ស្ត្រី​ភាគច្រើន​និយមប្រើ គឺ​ការ​លេបថ្នាំ ។ បើតាម​ស្ថិតិ​ពី​មជ្ឈមណ្ឌល​ទប់ស្កាត់ និង លុបបំបាត់​ជំងឺ​(CDC) នៅ​សហរដ្ឋអាមេរិកបាន​ប៉ាន់ប្រមាណ​ឃើញថា មាន​ស្ត្រី​ចំនួន​ជាង ៩,៦ លាន​នាក់ នៅ​សហរដ្ឋអាមេរិក​បានជ្រើសរើស​ប្រើ​វិធី​លេបថ្នាំ ។

តើ​មាន​អ្វី​ប្រែប្រួល​បើ​ស្ត្រី​មានបំណង​ចង់បាន​កូន និង ឈប់​ប្រើ​ថ្នាំ​ភ្លាមៗ​នោះ ? បើ​យោងតាម​យោបល់​ពី​លោក​វេជ្ជបណ្ឌិត​មួយចំនួន​បានឱ្យដឹងថា បើ​ស្ត្រី​មានបំណង​ចង់​ឈប់​ប្រើ​ថ្នាំ​ពន្យារកំណើត ស្ត្រី​គួរ​មាន​ផែនការ​ជាមុន និង ត្រូវ​លេប​បង្ហើយ​បន្ទះ​ថ្នាំ​ចុងក្រោយ​ឱ្យអស់​ជាមុនសិន ។ បើ​ស្ត្រី​ឈប់​លេប​នៅ​ពាក់កណ្តាល​ទី វា​អាច​បណ្តាលឱ្យមាន​ការធ្លាក់​ឈាម​ខុស​ប្រក្រតី ។ នៅពេល​ស្ត្រី​ឈប់​លេបថ្នាំ​ពន្យារកំណើត​ភ្លាមៗ​អ័រម៉ូន​នឹងមាន​ការប្រែប្រួល តែបើ​ស្ត្រី​ឈប់​លេបថ្នាំ​ដោយ​បញ្ចប់​បន្ទះ​ថ្នាំ​ចុងក្រោយ រដូវ​របស់​ស្ត្រី​នឹង​វិល​មករក​សភាព​ធម្មតា វិញ​ក្នុង​កំលុង​ចាប់ពី ៤ ទៅ ១២ សប្តាហ៍ ក្រោយពី​ឈប់​លេប ។

បើតាម​លោក​វេជ្ជបណ្ឌិត Alexadra Sowa មកពី​សាកលវិទ្យាល័យ Weill Cornell Medical College នៅ​ទីក្រុង​ញូវយ៉ក​បានឱ្យដឹងថា ស្ត្រី​មិនចាំបាច់​បារម្ភ​អ្វី​ទេ​ដែលថា​អាច​នឹង​បាត់​រដូវ​យូរ​នោះ គឺ​វា​នឹង​ត្រឡប់មក​សភាព​ធម្មតា​វិញ​ពុំខាន ។ បើ​ស្ត្រី​មិនមាន​រដូវ​ទេ​គេ​គួរ​ពិនិត្យ​សុខភាព​ជាបន្ទាន់ ព្រោះ​អាច​បណ្តាល មកពី​ស្ត្រី​អាចមាន​ផ្ទៃពោះ​ភ្លាមៗ​ក្រោយពេល​ឈប់​លេបថ្នាំ គឺអាច​មាននៅ​តាំងពី​ខែ​ដំបូង ក្រោយ​ឈប់​លេបថ្នាំ​ពន្យារកំណើត ។

ចំពោះ​ស្ត្រី​ខ្លះ​ការប្រើ​ថ្នាំ​ពន្យារកំណើត​ពិតជា​ជួយ​ឱ្យ​កម្រិត​អ័រម៉ូន​ស្ត្រី​ដំណើរការ​មក​សភាព​ប្រក្រតី​វិញ រក្សា​លំនឹង​នៃ​វដ្ត​រដូវ​បង្ក​ពង​អូវុល ជួយ​បំបាត់​អាការ រមួលក្រពើ​ពេល​ពពោះ កាត់បន្ថយ​អាការ​ឈឺក្បាល និង បញ្ហា​ធ្លាក់ឈាម​ច្រើន​ខុស​ប្រក្រតី​នៅពេល​សម្រាលកូន ។ បើតាម​លោក​វេជ្ជបណ្ឌិត Jabal Uffelman ជំនាញ​រោគ​ស្ត្រី​បាន​ប្រាប់​ឱ្យដឹងថា ស្ត្រី​បច្ចុប្បន្ន​បានជ្រើសរើស​ការ​លេបថ្នាំ​ពន្យារកំណើត ព្រោះ​វា​អាចជួយ​ទប់ស្កាត់​បញ្ហា​សុខភាព​ទាំងអស់នោះ ជាពិសេស​អាច​កាត់បន្ថយ​អត្រា​កើត​ជំងឺមហារីក​ស្បូន​បាន​ផងដែរ បើ​គេ​បាន​ប្រើ​ចាប់ពី ៥ ទៅ ១០ ឆ្នាំ ឡើងទៅ ៕

តើ​មាន​អ្វី​ប្រែប្រួល​បើ​ឈប់​លេបថ្នាំ​ពន្យារកំណើត ?