Swansea City បណ្ដេញ​លោក Gary Monk ចេញពី​តំណែង

​កីឡា​៖​លោក Gary Monk អ្នកចាត់ការ​ក្លិប​ក្ងាន​ព្រៃ Swansea City ត្រូវ​ក្លិប​ប្រកាស​បណ្ដេញ​ចេញពី​តំណែង ដោយសារ​ដឹកនាំ​ក្លិប​មួយ​នេះ​ធ្លាក់​ដុនដាប​យ៉ាងខ្លាំង​។  

​    ​ក្លិប ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​វែ​ល​មួយ​នេះ​បានធ្វើការ​បណ្ដេញចេញ​លោក Gary Monk បន្ទាប់ពី​លោក​បាន​ដឹកនាំ​ក្លិប​ទទួល​ជ័យជម្នះ​ត្រឹមតែ​១​ប្រកួត​ប៉ុណ្ណោះ នៅ​១១​ប្រកួត​ចុងក្រោយ​ក្នុង​ក្របខ័ណ្ឌ English Premier League ។ 

​      ម្ចាស់​ក្លិប​ក្ងាន​ព្រៃ Swansea City លោក Huw Jenkins និយាយប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​មួយ​នេះ​ថា លោក​ក៏មាន​ការស្ទាក់ស្ទើរ​ក្នុងការ​បណ្ដេញ​លោក Gary Monk ចេញពី​តំណែង​ជា​អ្នកចាត់ការ​របស់​ក្លិប​ផងដែរ ប៉ុន្តែ​នេះ​ក៏ដោយ​សារ​លោក Gary Monk ក៏​នឹង​ផុត​កិច្ចសន្យា​ជាមួយ​ក្លិប​នៅ​រយៈពេល ៣​ខែ​ខាងមុខ ហើយ​ក្លិប​របស់​យើង​ក៏​នឹង​ប្រកាស​តែងតាំង​អ្នកចាត់ការ​ថ្មី​ឲ្យ​បាន ឆាប់រហ័ស​តាមតែ​អាចទៅរួច​។  

​    ​លោក Huw Jenkins បន្ថែមទៀតថា ការសម្រេចចិត្ត​បណ្ដេញចេញ​លោក Gary Monk ក៏មាន​ការគិត​ពិចារណា​ពី​សំណាក់​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ក្លិប ក្ងាន​ព្រៃ Swansea City ហើយក៏​មានការ​ឯកភាព​គ្នា​ផងដែរ​ក្រោយ​ពេលដែល​លោក​បាន​ដឹកនាំ​ក្លិប​រង បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង​ក្រោម​ថ្វី​ជើង​របស់​ក្លិប​កញ្ជ្រោង Leicester City ៣-០ កាលពី​ថ្ងៃ​សៅរ៍​។ 

​      គួរ​បញ្ជាក់ថា ស្នាដៃ​របស់លោក Gary Monk ក្នុងការ​ដឹកនាំ​ក្លិប​ក្ងាន​ព្រៃ Swansea City គឺ​បានត្រឹមតែ​ជួយ​ឲ្យ​ក្លិប​មួយ​នេះ​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​៨​តែប៉ុណ្ណោះ ក្នុង​តារាង​ចំណាត់ថ្នាក់​ក្របខ័ណ្ឌ English Premier League កាលពី​រដូវ​កាល​មុន​៕  

Swansea City បណ្ដេញ​លោក Gary Monk ចេញពី​តំណែង