រថយន្ត​ជិត​1​ពាន់​គ្រឿង​បុក​បំផ្លាញ​សម្បត្តិ​រដ្ឋ តម្លៃ​បាក់​រនាំង​ដែក​1​ផ្ទាំង​200$ ថ្ម​1​កង់​30$

រថយន្ត​ជិត​1​ពាន់​គ្រឿង​បុក​បំផ្លាញ​សម្បត្តិ​រដ្ឋ តម្លៃ​បាក់​រនាំង​ដែក​1​ផ្ទាំង​200$ ថ្ម​1​កង់​30$

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​វិធានការ​ក្តៅ​របស់​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការ​ចាប់​ឃាត់​រថយន្ត​បុក​ទ្រព្យសម្បត្តិ​សាធារណៈ​នៅ​តាម​ដងផ្លូវ​គិត​តាំងពី​ថ្ងៃ​ទី​២១ ឧសភា ឆ្នាំ​២០០៩ រហូត​ដល់​ពេល​នេះ សមត្ថកិច្ច​ចាប់​ឃាត់​រថយន្ត​ទាំងនោះ​បាន​ជិត​១​ពាន់​គ្រឿង​នៅ​រាជធានី​ភ្នំពេញ ភាគច្រើន​បុក​របាំង​ចែក​ទ្រូងផ្លូវ ដោយសារ​អ្នកបើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ។ នេះ​មិន​ទាន់​គិត​ពី​រថយន្ត​ដែល​បុក​សម្បត្តិ​សាធារណៈ​ហើយ​បើក​រត់ និង​មួយ​ផ្នែក​គ្រាន់តែ​ប៉ះពារ​បន្តិច​ប​ន្ទួ​ច​ចាប់​បាន​ហើយ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ រួច​ដោះ​លែង​វិញ​នោះ​ទេ ។

ក្នុង​ចំណោម​រថយន្ត​ដែល​ចាប់​បាន​ខាងលើ ត្រូវ​បាន​ដោះ​លែង​វិញ បន្ទាប់​ពី​ធ្វើការ​អប់រំ និង​ផាកពិន័យ​រួច ចំណែក​រថយន្ត​ដែល​នៅ​សល់​រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ ។ 

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា បន្ទាប់​ពីសា​លា​រាជធានី​ភ្នំពេញ​បាន​ដាក់​ចេញ​នូវ​វិធានការ​ក្តៅ គឺ​ត្រូវ​ចាប់​ឃាត់​រថយន្ត​ទាំងឡាយ​ណា​ដែល​បុក​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ តាម​ដងផ្លូវ​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ឃាត់​រថយន្ត​បាន​ជិត​១​ពាន់​គ្រឿង ហើយ​វិធានការ​ក្តៅ​នេះ​បាន​ចាប់​អនុវត្តន៍​ពី​ថ្ងៃ​ទី​២១ ឧសភា ឆ្នាំ​២០០៩ ។ តែ​សម្រាប់​ឆ្នាំ​២០១៥​គិត​ត្រឹម​ខែវិច្ឆិកា រថយន្ត​ដែល​បុក​របាំង​បែងចែក​ទ្រូងផ្លូវ​មាន​ចំនួន​៧៥​គ្រឿង ចំនួន​គ្រោះថ្នាក់​មានការ​ថយ​ចុះ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ។ រីឯ​ចំនួន​អ្នក​ស្លាប់ មានការ​កើនឡើង​។ រថយន្ត​ដែល​បុក​តាម​ដងផ្លូវ​នោះ​ភាគច្រើន គឺ​បុក​របាំង​ចែកផ្លូវ​តែ​ម្តង ដែល​បង្ក​ឡើង​ពី​ម្ចាស់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​បើកបរ​ដោយ​មានការ​ធ្វេសប្រហែស ដូច​ជា​និយាយ ឬ​រវល់​ចុច​ទូរស័ព្ទ​ឱន​រើស​ទូរស័ព្ទ និង​សាសង​គ្នា​ក្នុង​រថយន្ត​នៅ​ពេល​យប់ ។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា ចំពោះ​វិធានការ​ផាកពិន័យ សាលា​រាជធានី​ភ្នំពេញ​បាន​កំណត់​យក សំណង​ជា​ប្រាក់​ចំនួន​២០០​ដុល្លារ ក្នុង​១​ផ្ទាំង​សម្រាប់​របាំង​ដែក ។ ចំណែក​របាំង​ថ្ម​១​កង់​៣០​ដុល្លារ និង​ការ​ផាកពិន័យ​គុណ​នឹង​២​ថែម​ទៀត ។ សាលា​រាជធានី​ភ្នំពេញ​មិន​ត្រូវការ​លុយ​ដែល​បាន​មក​ពី​ការ​ផាកពិន័យ​នោះ​ទេ តែ​សំខាន់ ជា​ការ​ព្រមាន​ឱ្យ​មានការ​រាងចាល​តែ​ម្តង ៕​