ម្តាយ​ឈ្លក់​វង្វេង​ក្នុង​កា​សី​ុ​ណូ​កូន​អត់បាយ​ក្រហាយ​ទឹក

ម្តាយ​ឈ្លក់​វង្វេង​ក្នុង​កា​សី​ុ​ណូ​កូន​អត់បាយ​ក្រហាយ​ទឹក

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​ពី​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បានឱ្យ​ដឹង​ថា មាន​កុមារី​តូច​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ អាយុ​ប្រហែល​៣​ទៅ​៤​ឆ្នាំ បាន​អង្គុយ​រង់ចាំ​ម្តាយ​ដែល​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​មួយ​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ រហូត​ដល់​ងងុយដេក រួច​ប្រះ​ខ្លួន​ដេក​នៅ​លើ​កម្រាល​ឥដ្ឋ​មុខ​ផ្លូវ​គេ​ដើរ​ចេញចូល​ចុះឡើង​ៗ ដ៏​គួរ​ឱ្យ​ខ្លោច​ចិត្តជា​ទីបំផុត ។ លុះ​គេ​ដាស់​ឱ្យ​ភ្ញាក់ពីដេក​រួច​សួរនាំ ស្រាប់តែ​ក្មេង​ស្រី​តូច​រូប​នេះ​និយាយ​ប្រាប់​ថា រង់ចាំ​ម្តាយ​ចូល​ទៅ​លេងល្បែង​ក្នុង​កាស៊ីណូ មិន​ទាន់​ឃើញ​ចេញ មក​វិញ ។
ការ​ប្រទះ​ឃើញ​ក្មេង​ស្រី​តូច​មិន​ស្គាល់​អត្តសញ្ញាណ ដេក​នៅ​លើ​ឥដ្ឋ​នេះ គឺ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែធ្នូ កន្លង​ទៅ​នៅ​មុខ​កាស៊ីណូ​ក្រោ​ន ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។
ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ភ្ញៀវ​ខ្មែរ​ដែល​ចេញពី​កាស៊ីណូ​ខាងលើ​ម្នាក់​ប្រទះ​ឃើញ​ក្មេង​ស្រី​តូច​ម្នាក់​នេះ​ដេក​លង់លក់​នៅ​លើ​កម្រាល​ឥដ្ឋ​ក្នុង​បរិវេណ​កាស៊ីណូ ក៏​ដាស់​ឱ្យ​ភ្ញាក់ រួច​សួរនាំ​ឈ្មោះ​។ ប៉ុន្តែ​នាង​មិន​បាន​ប្រាប់​ទេ ដោយ​គ្រាន់តែ​និយាយ​ទាំង​សម្តី​មិន​ច្បាស់​និង​មមីមមើ​ព្រោះ​ងងុយដេក​ថា នាង​នៅ​ភូមិ​ផ្សារ​ព្រំ ហើយ​ត្រូវ​ម្តាយ​នាំ​មក​ទី​នេះ ដោយ​ប្រាប់​ឱ្យ​អង្គុយ​រង់ចាំ​ហាម​មិន​ឱ្យ​ដើរទៅ​ណា​មក​ណា​ទេ ព្រោះ​គាត់​ជាប់រវល់​ចូល​ទៅ​លេង​ក្នុង​កាស៊ីណូ​តាំងពី​ថ្ងៃ​មក​ម្លេ​៉ះ ។
ក្មេង​ស្រី​នេះ​និយាយ​ទៀត​ថា ពេល​នេះ​នាង​រង់ចាំ​ម្តាយ ដោយ​ចាំ​បាត់​ៗ​មិនឃើញ​ចេញ​មក​វិញ​សោះ ថែម​ទាំង​អត់បាយ​អត់​ទឹក​ផង​ដែរ​។ ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​ភ្ញៀវ​អាណិត​ក៏​បាន​ទិញ​នំ​ឱ្យ​នាង​ហូប នាង​អរ​ណាស់​ញ៉ាំ​នំ​ដូច​ឃ្លាន​ដាច់ដាប ។ ចំណែក​ភ្ញៀវ​ដែល​ឱ្យ​នំ​រួច​ក៏​ដើរ​ចេញ​ទៅ​ទុក​ឱ្យ​ក្មេង​ស្រី​ម្នាក់​នោះ​រង់ចាំ​ម្តាយ​បន្ត​ទៀត​ដែល​កំពុង​វក់​នឹង​ល្បែង​កាស៊ីណូ ។
អ្នក​នៅ​ទីនោះ​បាន​ធ្វើការ​រិះគន់​ទៅ​លើ​ស្ត្រី​ជា​ម្តាយ​ថា មិន​គួរ​យក​កូន​តូច​មិន​ទាន់​ដឹង​អី​ទៅ​ឱ្យ​អង្គុយ​រង់ចាំ​ខ្លួន​ចូល​លេងល្បែង​កាស៊ីណូ​នោះ​ឡើយ ត្រូវ​តែ​ទុក​ឱ្យ​ប្តី​ឬ​នរណា​ក្នុង​គ្រួសារ​ថែទាំ​នៅ​ឯ​ផ្ទះ​វិញ បើ​ខ្លួនឯង​ញៀន​ល្បែង​យ៉ាង     នេះ ។ អ្វី​ដែល​គេ​ហួសចិត្ត​នោះ​គឺ មិន​គួរ​ណា​ខ្លួន​ជា​មនុស្ស​ស្រី​សុខចិត្ត​ចូល​ទៅ​សម្ងំ​លេងល្បែង​ហើយ​ទុក​កូន​ចោល​ម្នាក់ឯង​បែប​នេះ​ទេ ។
អ្នកផ្សារ​ព្រំ​និយាយ​ថា បច្ចុប្បន្ន​នេះ​កាស៊ីណូ​ស្ទើរតែ​ទាំងអស់​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​ពពាក់ពពូន​ទាំងប្រុស​ទាំងស្រី ដោយ​គ្មាន​ការ​ហាមឃាត់​ពី​សមត្ថកិច្ច ឬ​អាជ្ញាធរ​ណាមួយ​ឡើយ ។
ទ​ង្វើ​អស់នេះ​ផ្ទុយ​ពី​ច្បាប់​ដែល​ហាម​ជនជាតិ​ខ្មែរ​មិន​ឱ្យ​ចូល​លេងល្បែង កាស៊ីណូ  ពោល​គឺ​បើក​ឱ្យ​តែ​ជនបរទេស​ចូល​លេង​ប៉ុណ្ណោះ ។ ដោយសារ​តែ​ច្បាប់​គេ​មិន​គោរព​បែប​នេះ​ហើយ​បានជា​ក្នុង​សង្គម​កើត​មាន អំពើ​ហិង្សា​ក្នុង​គ្រួសារ លួច ប្លន់ កាប់សម្លាប់ និង​អសន្តិសុខ​ផ្សេង​ៗ​ទៀត​រាប់​មិន​អស់នោះ ៕