ប្រតិបត្តិការ​ក្តៅ​កម្ចាត់​ចោរប្លន់​ចាប់ខ្លួន​4​នាក់ បាញ់​ស្លាប់​2​នាក់

ប្រតិបត្តិការ​ក្តៅ​កម្ចាត់​ចោរប្លន់​ចាប់ខ្លួន​4​នាក់ បាញ់​ស្លាប់​2​នាក់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្លន់​ប្រដាប់​អាវុធ​១​ក្រុម ត្រូវ​បាន​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដាក់​បទបញ្ជា​ដល់​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ព្រែក​ព្នៅ ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់ ដោយ​បាញ់​ស្លាប់​២​នាក់​នៅ​នឹង​កន្លែង ខណៈ​ពេល​មានការ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច ចំណែក​៤​នាក់​ទៀត​ក្នុង​នោះ​ប្រុស​២​នាក់​និង​ស្ត្រី​២​នាក់ ត្រូវ​ចាប់ខ្លួន ព្រមទាំង​ដកហូត​បាន​ម៉ូតូ​ចំនួន​៤​គ្រឿង និង​កាំភ្លើងខ្លី​ចំនួន​២​ដើម ។
ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរប្លន់​នេះ ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ជា​ទូទៅ​នៅ​រាជធានី​ភ្នំពេញ ព្រោះ​ជា​ការ​ធ្វើសង្គ្រាម​មិន​ដក​ដៃ​ក្នុង​ការ​បង្ក្រាប​ក្រុម​ចោរប្លន់ ដែល​បាន​ធ្វើ​សកម្មភាព​គួរ​ឱ្យ​ភ័យ​ខ្លាច​សម្រាប់​ពលរដ្ឋ​ស្លូតត្រង់ ដោយសារ​តែ​អំពើ​ប្លន់​បាន​ឈាន​ដល់​ការ​បាញ់​សម្លាប់​ជា​បន្តបន្ទាប់  ហាក់ដូចជា​មិន​ញញើត​សមត្ថកិច្ច​បន្តិច​ណា​សោះ ហើយ​រាល់​សកម្មភាព​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​នូវ​រូបភាព​ដ៏​ព្រហើន​ដោយសារ​តែ​ការ​បាញ់​ប្លន់​សម្លាប់​យក​ម៉ូតូ​ទាំង​ព្រឹក​តែ​ម្តង ។
ការ​បង្ក្រាប​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ នៅ​តាម​ផ្លូវ​លេខ​១៥១ ក្នុង​ភូមិធំ​ខាងត្បូង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ បន្ទាប់​ពី​ក្រុម​ចោរ​ទាំងនោះ​បាន​បាញ់​សម្លាប់​កម្មករ​លើក​ក្រណាត់​ម្នាក់ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-0063 នៅ​មុខ​ផ្ទះ​លេខ​២២B តាម​ផ្លូវ​លេខ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។
តាម​មន្ត្រី​សមត្ថកិច្ច​ដែល​ស្និទ្ធ​នឹង​ប្រតិបត្តិការ​នេះ​ឱ្យ​ដឹង​ថា ក្រុម​ចោរប្លន់​ដែល​ត្រូវ​ចាប់ខ្លួន មាន​១-​ឈ្មោះ សេត ម៉ាត់​រ៉ូ​ហ្សេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម ស្នាក់​នៅផ្ទះ​ជួល​បន្ទប់​គ្មាន​លេខ ក្នុងភូមិ​ឡ​កំបោរ ផ្លូវលំ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ២-​ឈ្មោះ ប៉ែន ចំណាប់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ  មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​ខ​២ ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ៣-​ឈ្មោះ ញ៉ែ​ម ក​ន្ថា ហៅ​ម៉ី ភេទ​ស្រី​អាយុ​២១​ឆ្នាំ ជា​អ្នករៀន​អ៊ុតសក់ មាន​ទីលំនៅ​ម្តុំ​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​៤-​ពុំ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ ដោយសារ​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កង​រាជ​អា​វុង​ហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​ភ្លាម​ៗ ។
ចំណែក​អ្នក​ដែល​ស្លាប់​ត្រូវ​បាន​គេ​ស្គាល់​ម្នាក់​ឈ្មោះ​ម៉ី អាយុប្រមាណ​ជាង​២០​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ យោគ សាលី​ម ហៅ​យុទ្ធ អាយុ​២១​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម មាន​ទីលំនៅ​ភូមិ​ខ​១២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ។
តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ឱ្យ​ដឹង​ថា ក្រុម​ចោរប្លន់​ដែល​បង្ក្រាប​បាន​យា​៉​ង​កក្រើក​នា​ពេល​នេះ គឺជា​មុខសញ្ញា​ក្រុម​ប្លន់​យ៉ាង​សកម្ម​នា​ពេល​កន្លង​មក និង​បាន​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​បុរស​ម្នាក់​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ នៅ​មុខ​ផ្ទះ​លេខ​២២B ផ្លូវ​លេខ​៥៩៨ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។
ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរ​បាញ់​ប្លន់​នេះ​ឈ្មោះ ឌិន ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ​លើក​ក្រណាត់ ស្នាក់​នៅផ្ទះ​លេខ​២២A ជាប់​ផ្ទះ​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ភូមិ​ស្ទឹងធំ ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។ ជន​រង​គ្រោះ ត្រូវ​ក្រុម​ចោរ​បាញ់​១​គ្រាប់​ចំ​ក្បាល​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ពេល​ប្រតាយ​ជាមួយ​ពួក​ចោរ ដើម្បី​រក្សា​ម៉ូតូ​របស់​ខ្លួន ។
តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេ​៊​រី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CR.0063 មក​ពី​ដើរ​លេង​។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​មុខ​ផ្ទះ​លេខ​២២B ស្រាប់តែ​មាន​ជន​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មក​ស្ទាក់​ពីមុខ​ហើយ​ភ្ជង់​ប្លន់ តែ​ម្ចាស់​ម៉ូតូ​មិន​ព្រម​ក៏​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​១​គ្រាប់​ចំ​សៀតផ្កា​ខាងឆ្វេង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ហើយ​ក្រុម​ចោរ​ក៏​បាន​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល​។
បន្ទាប់​ពី​មាន​សកម្មភាព​បាញ់​ប្លន់​ប្រមាណ​៣​ម៉ោង កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក​ក៏​បាន​ស្រាវជ្រាវ​ដឹង​ថា គឺជា​មុខសញ្ញា​ចាស់ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ នៅ​វេលា​ម៉ោង​០៨ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ដដែល​នៅ បន្ទប់​ជួល​គ្មាន​លេខ ក្រុម​១ ភូមិ​ឡ​កំបោរ សង្កាត់់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ ក៏​ដកហូត​បាន​ម៉ូតូ​០២​គ្រឿង​គឺ សេ​១២៥ សេ​៊​រី​ឆ្នៃ​២០១៥ គ្មាន​ស្លាក​លេខ ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ និង MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FH-7935 និង​ស្លាក​លេខ​ម៉ូតូ​ចំនួន​០២​បន្ទះ រួម​មាន​លេខ ភ្នំពេញ 1CR-0063 ជា​ស្លាក​លេខ​ម៉ូតូ​របស់​ជន​រង​គ្រោះ និង​ស្លាក​លេខ កំពត 1A-1665 ។
នៅ​ក្នុង​ប្រតិបត្តិការ​នេះ ក៏​មានការ​ចូលរួម​សហការ​ផង​ដែរ​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ព្រែក​ព្នៅ ដោយ​មានការ​ឯកភាព​តាម​រយៈ​ទូរស័ព្ទ​ពី លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។
តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​បាន​បក្សពួក​២​នាក់ និង​ទទួល​បាន​ចម្លើយ​សារភាព សមត្ថកិច្ច​ក៏​បាន​តាម​ស្រាវជ្រាវ​រក​បក្សពួក​បន្ត​ទៀត ។ លុះដល់​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​តាម​រក​ជនសង្ស័យ​ជា​បក្សពួក និង​ប្រទះ​ឃើញ​ជនសង្ស័យ​៤​នាក់​ក្នុង​នោះ​មាន​ស្រី​២​នាក់​ប្រុស​២​នាក់ នៅ​ក្នុង​ហាង​សន្ទូច​ម្លប់​ត្នោត តាម​ផ្លូវ​លេខ​១៥១ ។
តាម​មន្ត្រី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ពេល​ប្រទះ​ឃើញ​កម្លាំង​សមត្ថកិច្ច ជនសង្ស័យ​ជា​បុរស​២​នាក់​ដែល​មាន​កាំភ្លើង​ម្នាក់​១​ដើម បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​ស្វាយ​ក្បែរ​របង និង​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច ហើយ​ត្រូវ​សមត្ថកិច្ច​បាញ់​ស្លាប់​ទាំង​២​នាក់​នៅ​ក្បែរ​មាត់បឹង​តា​មោក ។
ការ​ផ្ទុះអាវុធ​បាញ់​ត​គ្នា​នេះ​បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទោះបីជា​យ៉ាងណា​ពុំ​បណ្តាល​ឱ្យ​មន្ត្រី​សមត្ថកិច្ច​ណា​ម្នាក់​រង​រង​របួស​ឡើយ ។ នៅ​ក្នុង​ការ​បាញ់​តដៃ​គ្នា​នេះ សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើងខ្លី​២​ដើម គឹ​មួយ​ដើម​ម៉ាក​រូ​ឡូ និង​មួយ​ដើម​ទៀត​ម៉ាក​កា​៥៤ និង​ឃាត់ខ្លួន​ស្ត្រី​២​នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង​ទៀត គឺ​ម៉ាក​ស្គូ​ពី​ពណ៌​ស ពាក់​ស្លាក​លេខ កំពត 1F-0464 និង​ម៉ាក​ស្មាស ពណ៌​ក្រហម លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CS-0465  ។ ដូច្នេះ ទាំងអស់​ឃាត់ខ្លួន​បាន​៤​នាក់ ប្រុស​២​នាក់​ស្រី​២​នាក់ និង​ដកហូត​បាន​ម៉ូតូ​៤​គ្រឿង កាំភ្លើងខ្លី​២​ដើម និង​បាញ់​ស្លាប់​២​នាក់ ។
នៅ​ក្នុង​ការ​បង្ក្រាប​ក្រុម​ចោរប្លន់​នេះ ក៏​មានការ​ចូល​រូ​ម​ពី​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌទួលគោក​ផង​ដែរ​។ នេះ​ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន បាញ់​សម្លាប់​ជន​រង​គ្រោះ​ប្លន់​បាន​តែ​៥​ម៉ោង ក៏​ត្រូវ​សមត្ថកិច្ច​បាញ់​សម្លាប់​វិញ ខណៈ​ពេល​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច ៕