ជន​ស្ទាវ​ចាប់​ក្រមុំចាស់រំលោភ​សេពសន្ថវៈ​រួចរឹត​ក​ប៉ង​សម្លាប់​បំបិទមាត់

ជន​ស្ទាវ​ចាប់​ក្រមុំចាស់រំលោភ​សេពសន្ថវៈ​រួចរឹត​ក​ប៉ង​សម្លាប់​បំបិទមាត់

ខេត្តកំពង់ចាម ៖ ជន​ម្នាក់​ឈ្មោះ ផាត់ ធានី ហៅ​ឡូញ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ និង​មនុស្សឃាត​មិន​បាន​សម្រេច​លើ​ស្ត្រី​ក្រមុំចាស់ អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ជាមួយ​គ្នា ។

លោក​វរសេនីយ៍ទោ ជា ធា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កំពង់សៀម បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​២ រសៀល​ថ្ងៃ​ទី​៨ ខែធ្នូ ស្ត្រី​រង​គ្រោះ​បាន​ដឹកគោ​ចំនួន​៤​ក្បាល​ចេញពីផ្ទះ​របស់​ខ្លួន យក​ទៅ​ឃ្វាល​នៅ​វាលស្រែ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ ដែល​ជា​កន្លែង​ស្ងាត់​។ ពេល​នោះ​ជន​ឈ្មោះ ឡូញ  ដែល​ដឹកគោ​ចំនួន​១៧​ក្បាល​ទៅ​ឃ្វាល​ក្បែរ​គ្នា បាន​ចាប់រំលោភ​សេពសន្ថវៈ​ដើម្បី​បំពេញ​កាមគុណ​របស់​ខ្លួន បន្ទាប់​មក​យក​ខ្សែ​គោ​រឹត​ក       ទៀត​ដើម្បី​សម្លាប់​បំបាត់ភស្តុតាង ព្រោះ​ជា​មនុស្ស​ស្គាល់គ្នា​ខ្លាច​ជាប់គុក ។

លោក​អធិការ​បន្ត​ថា ប៉ុន្តែ​សំណាង​ណាស់​ដោយ​ទឹកដោះ​ម្តាយ​ថ្លៃ ស្រី្ត​រង​គ្រោះ​មិន​ស្លាប់​ទេ និង​បានដឹង​ខ្លួន​ពី​សន្លប់​វិញ​ហើយ​ដើរ​ត្រឡប់​មក​ផ្ទះ ដោយ​ដឹកគោ​មក​ជាមួយ​ផង ។ ពេល​មក​ដល់​ផ្ទះ ក៏​ប្រាប់​ពី​រឿងហេតុ​ដែល​បាន​កើតឡើង ដល់​ក្រុម​សាច់ញាតិ ទើប​មានការ​រាយការណ៍​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កោះ​រកា​ភ្លាម​ៗ និង​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ពី​ឈ្មោះ​ឡូញ​នោះ ។ លុះ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ជន​ឈ្មោះ ផាត់ ធានី ហៅ​ឡូញ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ។ 

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​នេះ​មិន​បាន​ឆ្លើយ​សារភាព​ពី​ទ​ង្វើ​របស់​ខ្លួន​ទេ តែបើ​ផ្អែក​តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ ជនសង្ស័យ​បាន​មក​ឈរ​និយាយ​ជាមួយនឹង​គាត់ បន្ទាប់​មក​ក៏​ចាប់រំលោភ​សេពសន្ថវៈ​ទាំង​កម្រោល​តែ​ម្តង ។ ជាមួយ​នេះ​ថែម​ទាំង​បាន​យក​ក្រមា​និង​ខ្សែ​គោ​មក​រឹត​ក​ដើម្បី​សម្លាប់​បំបិទមាត់ តែ​សំណាង​គ្រាន់តែ​សន្លប់​ប៉ុណ្ណោះ ។

លោក​អធិការ​បញ្ជាក់​ថា ផ្អែក​តាម​ភស្តុ​តាង​ដែល​ប្រមូល​បាន​នៅ​កន្លែង​កើតហេតុ និង​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ ករណី​នេះ​ពិតជា​បង្ក​ដោយ​ជន​ឈ្មោះ​ឡូញ ពិតប្រាកដ​មែន ៕