ពលករ​ទាំង​ក្រុម​ឆ្លង​ដែន​ចូល​ស្រុក​ថៃ​ដូច​ហែ​កឋិន

ពលករ​ទាំង​ក្រុម​ឆ្លង​ដែន​ចូល​ស្រុក​ថៃ​ដូច​ហែ​កឋិន

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ចំណាកស្រុក កំពុង​សម្រុក​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ទៅ​មក​ដី​ថៃ​ដូច​ហែ​កឋិន តាម​ច្រករបៀង ក្នុងភូមិ​ល្វា ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ជាប់​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។ នៅ​មាត់ច្រក​របៀង​ខាងលើ គេ​មិនឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​នៅ​ទីនោះ​ទេ ប៉ុន្តែ​ប្រភព​ប្រាប់​ថា ចំណុច​នោះ​គ្រប់គ្រង​ដោយ​យោធា​សឹក​រង​ស្រុក​ម៉ា​ឡៃ ។ ពលករ​បាន​ដើរ​កាត់​ចម្ការពោត និង​ដំឡូង មុន​ឆ្លង​អូរ​ព្រំដែន ។ ចំណែក​អីវ៉ាន់​ផ្សេង​ៗ គឺ​ក្រុម​ពលករ​ជួល​អ្នកស្រុក​លី​សែង​ឆ្លង​អូរ ព្រោះ​អូរ​ព្រំដែន​នៅ​ទីនោះ មាន​ជម្រៅ​ជ្រៅ​ពិបាក​ឆ្លង ។
ថ្វី​ដ្បិតតែ​គេ​មិនឃើញ​មាន​សមត្ថកិច្ច​នៅ​មាត់​អូរ​ព្រំដែន តែ​ក្រុម​ពលករ​និយាយ​ថា ពួក​គាត់​អស់ប្រាក់​ម្នាក់​៣០០​បាត ទើប​អាច​ឆ្លង​ដែន​បាន គឺ​បង់​ឱ្យ​សមត្ថកិច្ច​ដែល​ស្ទាក់​យក​ប្រាក់​នៅ​កណ្តាល​ភូមិ ។ ក្រុម​ពលករ​និយាយ​ថា បើ​នៅ​ឯ​ស្រុក គឺ​ពួក​គាត់​គ្មាន​ការងារ​ធ្វើ​ទេ ដូច្នេះ​ហើយ​មាន​តែ​បង្ខំចិត្ត​ទៅ​រក​ការងារ​ធ្វើ​នៅ​ថៃ ម្យ៉ាង​ឆ្នាំ​នេះ​ធ្វើស្រែ​មិនសូវ​បាន​ផល​ទៀត ។
ភាគច្រើន​នៃ​ពលករ​ទាំងនេះ​បាន​និយាយ​ថា ខ្លួន​ឆ្លង​ដែន​នេះ គឺ​ដើម្បី​ទៅ​ស៊ីឈ្នួល​កាប់​អំពៅ ដក​ដំឡូង និង​ជម្រះ​ស្មៅ​ចម្ការ ឱ្យ​ជនជាតិ​ថៃ តែ​ពលករ​ខ្លះ​គេ​សង្ស័យ​ថា អាច​ចូល​ទៅ​ដល់​បណ្តា​ខេត្ត​នានា ឬ​ដល់​ក្រុង​បាងកក​ទៀត​ផង ព្រោះ​ពួក​គេ​ធ្លាប់​ទៅ​មក​ច្រើន​ដង​ហើយ ។
រថយន្ត​ដឹក​ជញ្ជូន​ប្រភេទ​ទួ​រី​ស​១២​កៅអី បាន​ដឹក​ពលករ​មក​ដាក់​ត្រឹម​កណ្តាល​ភូមិ ។ រីឯ​រថយន្ត​កាម​រី គេ​ជូន​ពលករ​មក​ជិត​ដល់​មាត់​អូរ​ព្រំដែន ព្រោះ​នៅ​ទីនោះ​អ្នកបើកបរ​គិត​ថា មាន​សន្តិសុខ​ល្អ ។ ទោះជា​យ៉ាងណា ករណី​ខាងលើ​កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ក្រុម​យោធា​សឹក​រក​ស្រុក​ម៉ា​ឡៃ ដែល​ប្រចាំការ​នៅ​បន្ទាត់​ព្រំដែន​នៅ​ភូមិ​កើតហេតុ​បាន​ទេ ព្រោះ​ពុំ​ស្គាល់​លេខ​ទូរស័ព្ទ ។
ពលករ​ចំណាកស្រុក​នៅ​តែ​ចាញ់បោក​គេ
ពលករ​ខុសច្បាប់​ប្រុស​ស្រី​ចំនួន​១៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​តាម​ដងផ្លូវ ខណៈ​កំពុង​ធ្វើ​ដំណើរ​វិល​ត្រ​ទ្ប​ប់​មក​ស្រុក​កំណើត ដោយ​បញ្ជូន​តាម​រថយន្ត​ទ្រុង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ហើយ​អះអាង​ថា ពួក​គេ​ម្នាក់​ៗ​ចំណាយ​អស់ប្រាក់​ជាង​២.០០០​បាត តែ​អ្នក​ទទួល​ប្រាក់​មិន​ទទួលខុស​ត្រូវធ្វើ​ឱ្យ​ពួក​គាត់​ក្លាយជា​ជន​រង​គ្រោះ​។ ករណី​ខាងលើ ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​កាលពី​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃ​ទី​១០ ខែធ្នូ នៅ​ទីតាំង​ទទួល​ពលករ​បញ្ជូន​ពី​ថៃ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។
ក្រុម​ពលករ​រង​គ្រោះ​ទាំង​១៨​នាក់​(​ស្រី​៦​នាក់​) មាន​៣​នាក់​មក​ពី​ខេត្តកំពង់ចាម ២​នាក់​មក​ពី​ខេត្តស្វាយរៀង និង​ក្រៅពី​នេះ​មក​ពី​ខេត្តសៀមរាប ។ ពួក​គាត់​បាន​ប្រាប់​មន្ត្រី​និង​សមត្ថកិច្ច​ថា បាន​ទៅ​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ខេត្ត​ទ្បាត​បូ​រី ប្រទេស​ថៃ ដោយ​ខុសច្បាប់​អស់​រយៈពេល​ជាង​២​ខែ លុះ​វិល​ត្រ​ទ្ប​ប់​មក​ស្រុក​ខ្មែរ​វិញ​នោះ​មាន​បុរស​ខ្មែរ​ម្នាក់​ឈ្មោះ​វី និង​បក្សពួក​ម្នាក់​នៅ​ឯ​ខេត្ត​ឡា​ត​បូ​រី​នោះ ធានា​ថា​ជូន​ពួក​គាត់​មក​ដល់​ព្រំដែន​ដោយ​គេ​យក​ប្រាក់​ពួក​គាត់​ក្នុង​ម្នាក់​ៗ​ចំនួន​១.៥០០​បាត​(​ប្រាក់​ថៃ​) ។ លុះ​ប្រគល់​ប្រាក់​ឱ្យ​បុគ្គល​ទាំង​២​នាក់​ខាងលើ​ហើយ បែរជា​ពួក​គាត់​ត្រូវ​គេ​ចាប់​តាម​ដងផ្លូវ​ក្នុងស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ​ទៅ​វិញ ។
ក្រុម​ពលករ​ទាំងនោះ​រៀបរាប់​ទៀត​ថា នៅ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន គឺ​ម្នាក់​ៗ​ត្រូវ​ចំណាយ​ប្រាក់​អស់់​៨០០​បាតផ្សេង​ទៀត ដែល​សរុប​ទាំងអស់​ជាង​២០០០​បាត ទើប​បញ្ជូន​ត្រ​ទ្ប​ប់​មក​ដល់​ដី​ខ្មែរ​វិញ ។ ខណៈ​ពេល​រថយន្ត​ទ្រុង​ថៃ​ដឹក​មក​ដល់ទី​តាំង​ទទួល​ពលករ គេ​ឃើញ​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​លឿង​១​គ្រឿង មក​ចាំ​ទទួល​ពលករ​ទាំង​១៨​នាក់​ខាងលើ ដោយ​អ្នកបើកបរ​អះអាង​ថា គេ​ឱ្យមក​ទទួល​ពលករ​ត្រ​ទ្ប​ប់​ទៅ​ស្រុក ។
ទោះជា​យ៉ាងណា ពលករ​ទាំងនេះ​មិន​ព្រម​ទ្បើ​ង​រថយន្ត​សាំ​យ៉ុ​ង​នោះ​ទេ ដោយ​ពួក​គាត់​ខ្លាច​ចាញ់បោក​គេ​ម្តងទៀត ។ នៅ​ពេល​មន្ត្រី​និង​សមត្ថកិច្ច​សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទទួល​ប្រាក់​ពី​ក្រុម​ពលករ​នៅ​ឯ​ប្រទេស​ថៃ​នោះ ក៏​នាំ​គ្នា​សួរនាំ​អ្នកបើកបរ​ហើយ​អ្នកខ្លះ​ក៏​ថត​លេខ​រថយន្ត​ទុក ។
ចំណែក​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុ​ង ក្រោយ​ពី​បើក​ចេញ​ទៅ​បាត់​មួយសន្ទុះ ក៏​ជិះ​ម៉ូតូ​ម៉ាក PCX មួយ​គ្រឿង​មក​រករឿង​មន្ត្រី​នៅ​ទីតាំង​ទទួល​ពលករ​ដែល​ថត​រថយន្ត​គេ​នោះ​ទៀត​ផង​។ ទោះជា​យ៉ាងណា បុរស​នោះ​និយាយ​ថា​ខ្លួន​យក​រថយន្ត​មក​ចាំ​ដឹក​ពលករ​ទាំង​១៨​នាក់​តាម​រយៈ​គេ​ទាក់ទង​ឱ្យ​ចាំ​ដឹក​ក្រុម​ពលករ​ទាំងអស់​ខាងលើ មិន​ពាក់ព័ន្ធ​នឹង​អ្នក​យក​ប្រាក់​ពលករ​នៅ​ឯ​ប្រទេស​ថៃ​នោះ​ទេ ៕