ចាប់ខ្លួន​យុវជន​ម្នាក់ ពីបទ​ផ្តើមគំនិត​ក្នុង​អំពើហិង្សា ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ

កំពង់ស្ពឺ:  កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់ តាម​ដីកា​តុលាការខេត្ត​កំពង់ស្ពឺពីបទ​ផ្តើមគំនិត​ក្នុង​អំពើហិង្សា មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណ​ភាព នៃជនរងគ្រោះ​។ ការអនុវត្ត​ដីកា​នេះ​បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​អូ​ឃ្លៃ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ ឈ្មោះ ញ៉ា​ញ់ យ៉ាន ហៅ យ៉ាន់ ភេទ​ប្រុស អាយុ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រសព​ជុំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ច​ចាប់បាន នៅ​ចំណុច​ភូមិ​អូ​ឃ្លៃ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជន​ត្រូវ​ចោទ​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកាលេខ​១៩៧ ចុះ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៣ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ លោក ជូលឹម​ហ៊ាង នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពីបទ​ផ្តើមគំនិត​ក្នុង​អំពើហិង្សា មាន​ស្ថានទម្ងន់ទោស​ដោយសារ​មរ​ណ​ភាព នៃ​ជនរងគ្រោះ ប្រព្រឹត្ត​នៅ​ភូមិ​ទី​១ ឃុំត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន ទៅ​ស្នងការដ្ឋាននគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​R