តុលាការ​ខ្មែរក្រហម បន្ត​សវនាការ​លើ​សំណុំរឿង​០០២ វគ្គ​២ ដោយ​ស្តាប់​សាក្សី​ថ្មី​មួយរូប មកពី​ខេត្តស្វាយរៀង​

ភ្នំពេញ: ​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​បន្ត​សវនាការ​ស្តា​ប់​ការសួរដេញដោល​ភស្តុតាង ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ប្រឆាំងនឹង​ជនជាតិ​វៀតណាម នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ ២០១៥​។ សាក្សី​ថ្មី​មួយរូប​ទៀត គឺ​អ្នកស្រី ស៊ីន ឆែម មាន​អាយុ ៧៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។

​អ្នកស្រី ស៊ីន ឆែម បាន​ថ្លែងថា ជនជាតិ​វៀតណាម​ចំនួន​បី​គ្រួសារ​ រស់នៅក្នុង​ឃុំ​​របស់​អ្នកស្រី ត្រូវបាន​ខ្មែរ ក្រហម​ចាប់​យកទៅ​សម្លាប់ចោល​។ អ្នកស្រី​បាន​ថ្លែងថា ជនជាតិ​វៀតណាម​ ដែល​រៀបការ​ប្តី ឬ​ប្រពន្ធ​ជាមួយ​ជនជាតិខ្មែរ ព្រមទាំង​កូនៗ​របស់​ពួកគេ ក៏​ត្រូវបាន​ចាប់ខ្លួន និង​យកទៅ​សម្លាប់​​ចោល​ដែរ​។​

អ្នកស្រី​ស៊ីន ឆែម បាន​ថ្លែងថា ប្តី​អ្នកស្រី​ជា​គណៈ​ឃុំ​ស្វាយ​យា ត្រូវបាន​ខ្មែរក្រហម​ចាប់ខ្លួន និង​ជំនួស​ដោយ​កម្មាភិបាល​ថ្មី ដែល​ធ្វើការ​បោសសម្អាត លើ​ជនជាតិ​វៀតណាម ដែល​នៅ​សេសស់​។

​អ្នកស្រី​បាន​ថ្លែងថា អ្នកស្រី​មាន​បងប្អូន​គាត់ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្រី​ជា​ជនជាតិ​វៀតណាម ហើយ​ត្រូវគេ​យកប្រពន្ធ​ទៅ​សម្លាប់ចោល​។

អ្នកស្រី​បាន​ថ្លែងថា អ្នកស្រី​មិនបាន​ឃើញ​ពី​ការសម្លាប់​មនុស្ស​ដោយផ្ទាល់​ភ្នែក​ទេ ប៉ុន្តែ​បានឃើញ​រណ្តៅ​សាកសព​នៅក្បែរ​ផ្ទះ​របស់គាត់ ដែលមាន​សាកសព​ជាច្រើន​។
​អ្នកស្រី បាន​ថ្លែងថា អ្នកស្រី​ក៏បាន​ដឹងថា មានការ​ចាប់បញ្ជូន​ជនជាតិ​វៀតណាម ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ប៉ុន្តែ​មិន​ច្បាស់​ថា តើ​ជនជាតិ​វៀតណាម​ទាំងនោះ បាន​ទៅដល់ ប្រទេស​វៀតណាម​វិញ ឬ​ត្រូវ​បាត់​ខ្លួន​នោះទេ​។​

​អ្នកស្រី ស៊ីន ឆែម បាន​លើកឡើងថា មានការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ក្រុមខ្មែរក្រហម និង​កងទ័ព​វៀតណាម និង​បាន​បង្ក​របួសស្នាម​ជាច្រើន​។

​តាម​ការបញ្ជាក់​របស់​សាក្សី មានការ​ចាប់ខ្លួន​កម្មាភិបាល​ខ្មែរក្រហម​ជាច្រើន​នៅក្នុង​ភូមិភាគ​បូព៌ា ដោយបាន​ចោទប្រកាន់​អ្នក​ទាំងនោះ​ថា ជា​ជន​ក្បត់​។

​អ្នកស្រី​បាន​ថ្លែងថា កុំ​តែ​បាន​ការជួយ​រំដោះ​ពី​កង​ទ័ព​វៀតណាម ទើប​អ្នកស្រី និង​ប្រជាពលរដ្ឋ​កម្ពុជា​ផ្សេងទៀត បាន​រួច​រស់រានមានជីវិតរ​ហូត​មកទល់ពេលនេះ​។
​ការ​ស្តាប់​សក្ខីកម្ម​សាក្សី ស៊ីន ឆែម ត្រូវបាន​បញ្ចប់​នៅ​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ហើយ​អង្គជំនុំជម្រះ​សាលាដំបូង នឹង​បន្ត​ដ​វនា​ការ​នៅ​ថ្ងៃទី​១៥ ខែធ្នូ បន្តទៀត​។​

​ដីកា​ដំណោះស្រាយ​ក្នុង​សំណុំរឿង​០០២ បាន​បង្ហាញថា យោងតាម​របាយការណ៍​របស់​អ្នកជំនាញ​ប្រជា​​សាស្ត្រ ចុះ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០០៩ បានធ្វើការ​សន្និដ្ឋានថា​មាន​ប្រហែល ៤០០.០០០ នៃ​ប្រជាជន​វៀតណាម​ ​ដែល​រស់នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧០​។ ក្នុងចំណោម ៤០០.០០០ នាក់ មាន​ប្រជាជន​ប្រហែល​ពាក់កណ្តាល ត្រូវបាន​គេ​​បណ្តេញ​​ឲ្យ​ទៅ​ប្រទេស​វៀតណាម​វិញ ឬ​ត្រូវបាន​សម្លាប់​ដោយ​របប លន់ នល់ នៅក្នុង​ឆ្នាំ​ដដែល ខណៈពេល​​ដែល​ជនជាតិ​វៀតណាម ១៥០.០០០ ទៅ​២០០.០០០ នាក់ ផ្សេងទៀត​បាន​ចាក​ចេញពី​កម្ពុជា​បន្ទាប់ពី​បក្ស​កុ​ម្មុយ​នី​ស​កម្ពុជា​កាន់អំណាច​នៅ​ខែមេសា ឆ្នាំ​១៩៧៥​។

​អ្នកជំនាញ​ការដែល​ស​រ​សេរ​របាយការណ៍ បាន​សន្និដ្ឋានថា មាន​ជនជាតិ​វៀតណាម ប្រហែល​ចំនួន ២០.០០០ នាក់ នៅ​បន្ត​រស់​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា​នៅឡើយ​នៅ​ខែមេសា ឆ្នាំ​១៩៧៥ ហើយ​ថា “​ពួកគេ​ស្ទើរតែ​ទាំងអស់​ត្រូវបាន​សម្លាប់​ក្រោម​ដៃ​របស់​ខ្មែរក្រហម​ក្នុង​ចន្លោះ​ខែមេសា ឆ្នាំ​១៩៧៥ ដល់ ខែមករា ឆ្នាំ​១៩៧៩​។ ទំនង​ដូចជា​មាន​ចំនួន​ប្រជាជន​វៀតណាម ដែល​នៅ​រស់រានមានជីវិត​ក្នុង​របប​កម្ពុជា​ប្រ​​ជា​ធិប​តេយ្យ មាន​ចំនួន​តិច​គួរ​ឲ្យ​កត់សម្គាល់​។

សាក្សី​ពីរ​នាក់​បានផ្តល់​ភស្តុតាង​ថា ពួកគេ​បានដឹងថា មាន​ប្រជាជន​វៀតណាម​ដែល​រួច​ផុតពី​ការសម្លាប់​ដោយបាន​លាក់ខ្លួន ឬ​បាន​បន្លំ​ខ្លួន​ជា​ប្រជាជន​ខ្មែរ​។​
            
លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែងថា អង្គជំនុំជម្រះ​សាលាដំបូង​គ្រោង​កោះហៅ សាក្សី និង​ដើម​បណ្តឹងរដ្ឋប្បវេណី​ចំនួន ១០ រូប ដើម្បី​ស្តាប់​សក្ខីកម្ម​ទាក់ទង​នឹង​អង្គហេតុ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​វៀតណាម​។ ​អង្គជំនុំជម្រះ​សាលាដំបូង ក៏​កំពុង​ពិចារណា​ផងដែរ​ថា តើ​នឹងត្រូវ​កោះហៅ​អ្នកជំនាញ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មក​ស្តាប់​សក្ខីកម្ម​ដែរ ឬ​យ៉ាងណា​។

​លោក​បាន​ថ្លែងថា រហូតមកទល់​ថ្ងៃទី​១៤ ខែធ្នូ​នេះ អង្គជំនុំជម្រះ​សាលាដំបូង បាន​ដំណើរការ​សវនាការ​សួរដេញដោល​លើ​អង្គហេតុ​ក្នុង​សំណុំរឿង ០០២/០២ បាន​ចំនួន ១២៣ ថ្ងៃ និង​បាន​ស្តាប់​ការផ្តល់​សក្ខីកម្ម​របស់​សាក្សី​ចំនួន ៥២ រូប ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន ៣១ រូប និង​អ្នកជំនាញ​ចំនួន ១ រូប​។

​តាម​ការគ្រោងទុក អង្គជំនុំជម្រះ​សាលាដំបូង​មាន​ផែនការ​ក្នុងការ​បញ្ចប់​ការ​សួរ​
​ដេញដោល​លើ​អង្គហេតុ ក្នុង​សំណុំរឿង ០០២/០២ នៅ​អំឡុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៦ និង​ការធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​ការសួរដេញដោល នៅ​អំឡុង​ត្រីមាស​ទី​៤ ឆ្នាំ ២០១៦ ខាងមុខ​៕​

តុលាការ​ខ្មែរក្រហម បន្ត​សវនាការ​លើ​សំណុំរឿង​០០២ វគ្គ​២ ដោយ​ស្តាប់​សាក្សី​ថ្មី​មួយរូប មកពី​ខេត្តស្វាយរៀង​