លោក មាស មុត ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​ឧក្រិដ្ឋ ក្នុង​សំណុំរឿង​០០៣

ភ្នំពេញ: សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ទើបតែ​ចេញ​សេចក្តីថ្លែងការណ៍ ប្រកាស​បានដាក់​លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ពជើងទឹក​ខ្មែរក្រហម ឲ្យ​ស្ថិតក្រោម​ការពិនិត្យ ពីបទ​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស ក្នុង​របប​ខ្មែរក្រហម​។ សេចក្តីប្រកាស​ជាថ្មី​នៅ​ថ្ងៃទី​១៤ ខែធ្នូ​នេះ បាន​លុបចោល​បទ​ចោទ​មួយចំនួន នៅក្នុង​ដីកា​សម្រេច​ចុះ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៥ ព្រមទាំង​លុបចោល​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ព្រោះថា លោក​មាស​មុត បាន​ចូល​បង្ហាញខ្លួន ដោយ​ស្ម័គ្រចិត្ត​។​

​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ នៅ​សាលាក្តី​ខ្មែរក្រហម បានដាក់​លោក​មាស​មុត ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​ឧក្រិដ្ឋ ដែល​បាន​ចោទប្រកាន់ រួមមាន​៖ អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ អំពើ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩ និង​ការរំលោភ​លើ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦​។
​លោក​មាស​មុត ជា​អតីត​មេបញ្ជាការ​កងទ័ពជើងទឹក​របស់​ខ្មែរក្រហម ដែល​ស្ថិតនៅក្នុង​សំណុំរឿង​០០៣​។​

​សេចក្តីថ្លែងការណ៍​រប​ស់​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ទាក់ទង​នឹង​សំណុំរឿង​០០៣ ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ បង្ហាញថា ឧក្រិដ្ឋកម្ម ដែល​ត្រូវបាន​ចោទ​លើ​លោក មាស មុត បាន​ប្រព្រឹត្ត​ផ្សេងៗ​គ្នា នៅ​មន្ទីរ​សន្តិសុខ​ផ្សេងៗ ក្នុងនោះ រួមមាន មន្ទីរ​សន្តិសុខ ស​២១ ( ទួលស្លែង ) ឧក្រិដ្ឋកម្ម​មកលើ​សមា​ជិ​ក​កងពល​លេខ ១៦៤, ៥០២, ១១៧ និង ៣១០ ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ វត្ត​ឥន្ទ​ញាណ នៅ​ការដ្ឋាន​ស្ទឹងហាវ ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្តឡើង​ដោយ​កងទ័ពជើងទឹក​ក​ម្ពុ​ជា​ប្រជាធិបតេយ្យ នៅលើ​កោះ និង​នៅ​ជុំវិញ​កោះ ដែល​កម្ពុជា​ប្រជាធិបតេយ្យ អះអាងថា ជា​របស់ខ្លួន ឧក្រិដ្ឋកម្ម​នៅ​សហករណ៍​តំបន់​រាម រួមមាន ការដ្ឋាន​នៅ​កេងកង ទីតាំង​សម្លាប់​មនុស្ស​ចម្ការ​ធូ​រេ​ន និង​មន្ទីរ​សន្តិសុខ ទឹកសាប ព្រមទាំង​ឧក្រិដ្ឋកម្ម នៅ​កំពង់សោម​។​

​ក្នុង​សេចក្តីថ្លែងការណ៍​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ បាន​គូសបញ្ជាក់ថា បទ​ចោទ​មួយចំនួន​នៅក្នុង​ដីកា​សម្រេច ចុះ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៥ ដែល​ដាក់​គាត់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ដោយ​កំបាំងមុខ ត្រូវបាន​លុបចោល​។ ឥឡូវនេះ ដីកា​សម្រេច​នោះ លែងមាន​សុពលភាព ហើយ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ចុះ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ ក៏​លែងមាន​សុពលភាព​ដែរ​។ រីឯ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន លោក មាស មុត ចុះ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥ ត្រូវបាន​លុបចោល ពីព្រោះថា លោក​មាស​មុត អតីត​មេបញ្ជាការ​កងទ័ពជើងទឹក ខ្មែរក្រហម បាន​ចូល​បង្ហាញខ្លួន​ដោយ​ស្ម័គ្រចិត្ត​។​

​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​១៤ ខែធ្នូ​នេះ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ បានប្រកាស​ពី​ឈ្មោះ​អតីត​កម្មាភិបាលជាន់ខ្ពស់​ខ្មែរក្រហម ៤ នាក់​ហើយ នៅក្នុង​សំណុំរឿង​០០៣ និង​សំណុំរឿង​០០៤ ក្នុងនោះ រួមមាន សំណុំរឿង​០០៣ មាន​លោក​មាស​មុត និង​សំណុំរឿង ០០៤ មាន​អ្នកស្រី អ៊ឹម ចែម លោក អោ អាន និង​លោក​យឹម​ទិ​ត្យ​។ ជន​ទាំង ៤ នាក់ មិន​ត្រូវបាន​ឃុំខ្លួន នៅ​សាលាក្តី​ខ្មែរក្រហម នោះទេ​៕​