ទម្លាយ​មូលហេតុ ដែល​ដាក់​ប្រាក់​កាក់​ក្នុង​មាត់​ខ្មោច

នៅក្នុង​សង្គម​ខ្មែរ ទម្លាប់​ដាក់​ប្រាក់​កាក់​ក្នុង​មាត់​បុគ្គល​ស្លាប់​គឺជា​ទំនៀម​មួយ​ដែល​កើតមាន​តាំងពី​បុ រាណ​កាល​មក ហើយ​រហូតមកដល់​ស​ម័​យ​បច្ចុប្បន្ននេះ ក៏​តែងមាន​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ធ្វើ​តម​ករ​ហូត​ដូច្នេះ​ដែរ មិន​ថា​គ្រួសារ​ខ្មែរ​សុទ្ធ ឬ គ្រួសារ​ខ្មែរ​កាត់​ចិន​ឡើយ ។ ការធ្វើ​បែបនេះ​ដោយសារ​ខ្មែរ​យើង​មានជំនឿថា បុគ្គល​ដែល​ស្លាប់​ទៅហើយនោះ​អាច​នាំយក​នូវ​ទ្រព្យ​ជាប់​ខ្លួន​ខ្លះ ទោះជា​មិនបាន​ច្រើន ក៏​គេ​សង្ឃឹមថា​បាន​បន្តិចបន្តួច​តាម​ខ្លួន​បុគ្គល​ដែល​បាន​ស្លាប់​នោះ​ផងដែរ ។

ទម្លាយ​មូលហេតុ ដែល​ដាក់​ប្រាក់​កាក់​ក្នុង​មាត់​ខ្មោច

ម្យ៉ាង​ទំនៀម​នេះ​វា​ហាក់​បាន​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​ខ្មែរ​ដោយសារ​ថា ប្រាក់​កាក់​ដែល​បាន​បង់​ក្នុង​មាត់​បុគ្គល​ស្លាប់​នេះ ក្រោយពេល​បូជាសព​ហើយ បើ​មាន​សមាជិក​ក្នុង​គ្រួសារ​ណា​ម្នាក់​រើស​បាន​ប្រាក់​កាក់​នេះ គេ​ចាត់ទុកថា​ជា​បុគ្គល​មានសំណាង​ខ្ពស់ ចំពោះ​ប្រាក់​កាក់​នោះ​ទៀតសោត គេ​ចាត់ទុកថា​ជា​ប្រាក់​កាក់​នាំ​សំណាង ជា​វត្ថុ​ស័ក្តិសិទ្ធិ អាចជួយ​រំដោះ​គ្រោះថ្នាក់​ក្នុងពេល​មាន​អាសន្ន​បាន មិនតែប៉ុណ្ណោះ​ប្រាក់​កាក់​នោះ​ទៀត​ក៏​ត្រូវបាន​គេ​និយាយថា​ជា​កេរមត៌ក​ចុងក្រោយ​ដ៏​មានតម្លៃ​ផងដែរ ។

ទម្លាយ​មូលហេតុ ដែល​ដាក់​ប្រាក់​កាក់​ក្នុង​មាត់​ខ្មោច

​ទាក់ទង​នឹង​ទំនៀម​ដាក់​ប្រាក់​កាក់​ក្នុង​មាត់​បុគ្គល​ស្លាប់​នេះដែរ ក៏មាន​រឿងព្រេង​ពី​បុរាណ​ដំណាល​មក​ផងដែរ ។ ចង់ដឹងថា​ទំនៀម​ដាក់​ប្រាក់​កាក់​ក្នុង​មាត់​បុគ្គល​ស្លាប់​នេះ​មាន​ឥទ្ធិពល​ចំពោះ​មនុស្ស​ខ្មែរ​យ៉ាងណា​នោះ សូម​អាន​រឿងព្រេង​ខាងក្រោម​នេះ ដែល​«​ប្រជាប្រិយ​»​បាន​ដកស្រង់​ចេញពី​សៀវ ភៅ​«​ប្រជុំរឿងព្រេង​ខ្មែរ​» ភាគ​ទី ៩ ទំព័រ​ទី ៤៩ ដូចតទៅ ៖

​រឿងព្រេង​ទាក់ទង​នឹង​ទំនៀម​ដាក់​ប្រាក់​កាក់​ក្នុង​មាត់​បុគ្គល​ស្លាប់​

មានរឿង​បុរាណ​ដំណាល​តៗ​គ្នា​មក​ថា មាន​បុរស​ម្នាក់ នៅ​ជាមួយនឹង​ប្រពន្ធ តាំងពីក្មេង​ដល់​ចាស់ ខំ​រកស៊ី​បាន​មាស​មួយ​បាទ តែ​គ្មាន​កូន​សោះ ។ ប្តី​ប្រពន្ធ​នេះ​ផ្តាំ​គ្នា​ទៅវិញទៅមក​ថា​«​បើ​អ្នកណា​ស្លាប់​មុន ត្រូវយក​មាស​នេះ​ដាក់​មាត់​អ្នកនោះ​» ។ ចំណេរ​តម​ក​មិនយូរប៉ុន្មាន ប្តី​ស្លាប់​មុន​ទៅ ។

ប្រពន្ធ​ក៏​យក​មាស​នោះ​ដាក់​ក្នុង​មាត់​ប្តី ហើយ​យក​ខ្មោច​ប្តី​ទៅ​បូជា ។ ភ្លើង​ឆេះ​រលាយ​មាស​នោះ​អស់ នៅសល់តែ ៣ ស្លឹង ។

​សម័យមួយ ព្រះមហាក្សត្រ​មួយអង្គ មាន​លោភចិត្ត​មក​សង្កត់ ក៏​ចេញ​ព្រះរាជអាជ្ញា​ឱ្យ​រៃ​យក​មាស​ក្នុង​មួយ​ផ្ទះ​ចំនួន​មួយ​បាទ ដាច់​កំហិត ។ យាយ​ជា​ប្រពន្ធ​របស់​ខ្មោច​តា​នោះ ក៏​យក​មាស ៣ ស្លឹង ដែល​គាត់​រើស​ទុក​នោះ ទៅ​ថ្វាយ​ព្រះមហាក្សត្រ ហើយ​ក្រាបទូល​ថា​«​ក្រាបទូល​ព្រះករុណា​! មាស​នេះ​ពី​ដើម ពេញ​មួយ​បាទ តែ​ខ្ញុំម្ចាស់​យកទៅ​បង់​មាត់​ឱ្យ​ប្តី​ខ្ញុំ ខ្ញុំម្ចាស់​យកទៅ​ពុំបាន ក៏ត្រូវ​ភ្លើង​ឆេះ​ខាត​អស់​ខ្លះទៅ នៅសល់តែ​ប៉ុណ្ណេះ សូម​ព្រះករុណា មេត្តា​ដល់​សត្វ​ទ័លក្រ​ផង​ចុះ ខ្ញុំម្ចាស់​ទាល់​មធ្យោបាយ​នឹង​ទៅរក​មាស​ឯណា​ឱ្យ​គ្រប់​ចំនួន​ថ្វាយ​ព្រះអង្គ ពុំបាន​ឡើយ​» ។ ព្រះមហាក្សត្រ ទ្រង់​សណ្តាប់ ក៏​កើត​ធម្ម​សង្វេគ​ស្លុត​ព្រះទ័យ ទើប​ទ្រង់​ប្រកាស​ឱ្យ​លើកលែង​រៃ​យក​មាស​អំពី​បណ្តារាស្ត្រ​តទៅទៀត ។ អាស្រ័យ​រឿងនេះ ទើប​បណ្តារាស្ត្រ​ទាំងអស់​យល់ថា ប្រាក់ ឬ មាស ដែល​បង់​ក្នុង​មាត់​ខ្មោច មាន​អានុភាព​ទៅលើ​ទឹកចិត្ត​មនុស្ស​ណាស់ សូម្បី​ព្រះមហាក្សត្រ ក៏​ចុះចាញ់​អានុភាព​នេះដែរ ។ អានុភាព​នៃ​ប្រាក់ ឬ មាសបង់​ក្នុង​មាត់​ខ្មោច​នេះ ជា​វត្ថុ​ស័ក្តិសិទ្ធិ អាចជួយ​រំដោះ​គ្រោះថ្នាក់​ក្នុងពេល​មាន​អាសន្ន​បាន ។

ហេតុដូច្នេះ​ឯង ទើប​គេ​ធ្វើបែបនេះ​ជា​រៀង​ដរាប រហូត​កើត​ទៅជា​ទំនៀមទម្លាប់​មក ។ ប៉ុន្តែ​អ្នកប្រាជ្ញ​ពី​បុរាណ​ដែល​ឱ្យ​យក​មាស ឬ ប្រាក់​ដាក់​ក្នុង​មាត់​ខ្មោច គឺ​ដើម្បី​ជា​ប្រស្នា​ឱ្យ​ពិចារណា​ថា​«​សម្បត្តិ​ទាំងអស់ យើង​អាចយ​កជាប់​នឹង​ខ្លូន​ទៅបាន​ខ្លះ តែ​ក្នុង​វេលា​នៅមាន​ជីវិត កាលបើ​ស្លាប់​ហើយ យើង​មិនអាច​យកទៅ​បានទេ​» ។​
​រឿង​នេះឯង ដែល​ជាប់​ជា​ទំនៀម​រហូតមកដល់​ស​ព្វ​ថ្ងៃ ៕ សាកល​
​   ទម្លាយ​មូលហេតុ ដែល​ដាក់​ប្រាក់​កាក់​ក្នុង​មាត់​ខ្មោច