វត្តមាន​ប៊ិក​កាំភ្លើង​ដ៏​កម្រ​ បង្ក​ឲ្យ​បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ បុរស​ម្នាក់​ឈ្មោះ​ ធី​ ធាង​ អាយុ​២៨​ឆ្នាំ​ ធ្វើការ​នៅ​ក្រុមហ៊ុន​លក់​ការ៉ូ​ យីហោ​ SH​ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ​ បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ដោយសារ​ត្រូវ​គ្រាប់​ប៊ិក​កាំភ្លើង​ចំ​ក្រោម​ក្លៀក​ខាងឆ្វេង​ កាលពី​ព្រលប់​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៥​ម្សិលមិញ​ នៅ​ទីតាំង​មុខ​ឃ្លាំង​លក់​ការ៉ូ​ យីហោ​ SH​ តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤​ ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​សាក្សី​បាន​និយាយ​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​បាន​ប្រទះ​ឃើញ​កាបូប​ដាក់​លុយ​ពណ៌​ខ្មៅ​មួយ​ជ្រុះ​តាម​ផ្លូវ​ ពេល​នោះ​ជន​រង​គ្រោះ​បាន​រើស​កាបូប​យក​មក​មើលឃើញ​មាន​អត្តសញ្ញាណ​ប័ណ្ណសម្គាល់ខ្លួន​ទាហាន​មួយ​សន្លឹក​ និង​ប៊ិក​ពណ៌​ខ្មៅ​១​ដើម​ រួច​ហើយ​ជន​រង​គ្រោះ​ក៏​យក​មក​ប៊ិក​មក​សរសេរ​បាន​២​ទៅ​៣​តួអក្សរ​ ក៏​ឃើញ​ប៊ិក​នេះ​ប្លែង​ពី​ប៊ិក​ដទៃ​ នៅ​ត្រង់​មាន​កន្លែង​ចុច​ផ្សេង​មួយទៀត​ ។​ ឃើញ​សភាព​ប៊ិក​ប្លែង​ដូច្នេះ​ ជន​រង​គ្រោះ​ក៏​បាន​ចុច​ប៊ិក​ដោយ​ដាក់​ចុង​ប៊ិក​តម្រង់​មក​ខ្លួន​ត្រង់​ផ្នែក​ខាងឆ្វេង​ ស្រាប់តែ​លាន់​សំឡេង​ផ្ទុះ​ដូច​ផាវ​ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដួល​ដេក​ទៅ​លើ​ដី​ភ្លាមៗ​ ។​ ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ តែ​អកុសល​ ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ ដោយសារ​គ្រាប់​ប៊ិក​កាំភ្លើង​នោះ​ ។​

​បុរស​ម្នាក់​ឈ្មោះ​ សំ​ វាសនា​ ដែល​ជា​មិត្តភក្តិ​ជន​រង​គ្រោះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​នៅ​វេលា​ល្ងាច​នា​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ថា​ ខ្លួន​ជា​អ្នក​តម្រង់​ចុង​ប៊ិក​កាំភ្លើង​នោះ​ដាក់​ជន​រង​គ្រោះ​ ។​ នេះ​បើ​តាម​សេចក្តីរាយការណ៍​បន្ថែម​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​ ។​

​នេះ​គឺជា​ប្រការ​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​មួយ​ចំពោះ​វត្តមាន​ប៊ិក​កាំភ្លើង​នៅ​កម្ពុជា​ ៕​

វត្តមាន​ប៊ិក​កាំភ្លើង​ដ៏​កម្រ​ បង្ក​ឲ្យ​បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​