កសិករ​ខេត្តស្វាយរៀង​លក់​លាមក​គោ​-​ក្របី​ឲ្យ​យួន​ និង​ទិញ​ជីគីមី​ពី​យួន​មក​ប្រើប្រាស់​វិញ​

​ប្រជា​កសិករ​រស់នៅ​ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​ ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម​ បាន​សម្រេចចិត្ត​ប្រមូល​លាមក​គោ​-​ក្របី​របស់​ខ្លួន​លក់​ឲ្យ​ទៅ​ឈ្មួញ​យួន​យ៉ាង​គគ្រឹកគគ្រេង​ ខណៈ​លាមក​សត្វពាហនៈ​មាន​តម្រូវការ​ច្រើន​សម្រាប់​ផលិត​ជា​ជីធម្មជាតិ​ បម្រើ​ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​វៀតណាម​ ហើយ​កសិករ​ខ្មែរ​បាន​ទិញ​ជីគីមី​ពី​យួន​យក​មក​ប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម​របស់​ខ្លួន​វិញ​ ។​

​លោក​ សំ​ មឹ​ប​ ជា​កសិករ​រស់នៅ​ភូមិ​អូរ​ ឃុំ​ថ្មី​ ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​ បាន​និយាយ​ឲ្យ​ដឹង​ថា​ លាមក​គោ​-​ក្របី​ មាន​តម្រូវការ​ច្រើន​ពី​ឈ្មួញ​វៀតណាម​ ហើយ​គាត់​លក់​លាមក​គោ​-​ក្របី​ឲ្យ​ឈ្មួញ​វៀតណាម​ក្នុង​១​បាវ​ថ្លៃ​ ៥.០០០​រៀល​ ឬ​ស្មើនឹង​ ៣០.០០០​ដុ​ង​(​លុយ​វៀតណាម​)​ ។​

​អ្នកជំនាញ​ផ្នែក​កសិកម្ម​បាន​អះអាង​ថា​ លាមក​សត្វពាហនៈ​ ដូច​ជា​គោ​-​ក្របី​មាន​សារៈសំខាន់​ណាស់​សម្រាប់​កសិករ​យក​ធ្វើ​ជា​ជី​ដាក់​ស្រែ​ ឬ​ដាំ​ដំណាំ​ផ្សេងៗ​ ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់​ និង​រក្សា​គុណភាព​ដីស្រែ​ចម្ការ​ផង​ ខណៈ​ការ​ប្រើប្រាស់​ជីគីមី​ គឺ​ធ្វើ​ឲ្យ​ថមថយ​ចុះ​គុណភាព​ដីស្រែ​ចម្ការ​ទៅ​វិញ​ទេ​ ។​ ដូច្នេះ​ ករណី​ប្រជា​កសិករ​ខ្មែរ​លក់​លាមក​គោ​-​ក្របី​ឲ្យ​ទៅ​វៀតណាម​ ហើយ​បែរជា​ទិញ​ជីគីមី​ពី​វៀតណាម​យក​មក​ប្រើប្រាស់​វិញ​ គឺជា​កំហុសឆ្គង​ធ្ងន់ធ្ងរ​ណាស់​ ក្នុង​ការ​ប្រកប​របរ​វិស័យ​កសិកម្ម​ ។​

​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ណាមួយ​ពី​មន្ត្រី​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្តស្វាយរៀង​ និង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ៕​

កសិករ​ខេត្តស្វាយរៀង​លក់​លាមក​គោ​-​ក្របី​ឲ្យ​យួន​ និង​ទិញ​ជីគីមី​ពី​យួន​មក​ប្រើប្រាស់​វិញ​