ខឹង​ប្រដៅ​កូន​មិន​ស្តាប់​ជិះ​ម៉ូតូ​ដើរ​ផឹក​ស្រាទាល់​តែ​អស់​សាំង​ ប្រះ​ខ្លួនដេក​នៅ​ចិញ្ចើម​ថ្នល់​

ខេត្ត​ព្រៃវែង ៖ ហេតុ​ការ​ណ៍ដ៏​គួរ​ឱ្យហួសចិត្ត​មួយបាន​ធ្វើ​ឱ្យប្រជាពលរដ្ឋ និង​ក្រុម​អ្នកដំណើរ​នាំ​គ្នា​ចោមរោម​មើល​រាប់​សិប​នាក់ ដោយសារ​តែ​បុរស​ពិការ​ជើង​ម្នាក់ ជិះ​ម៉ូតូ​មក​បញ្ឈរ​ចោល​នៅ​នឹង​ចិញ្ចើមថ្នល់ ហើយ​ប្រះ​ខ្លួន​ដេក​នៅ​ក្បែ​ម៉ូតូ​នោះ ដោយ​មិន​ខ្វល់​ពី​នរណា​សួរនាំ​អ្វី​ទាំងអស់​។

ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៣ ​ធ្នូ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុង​តំបន់​ទីប្រជុំជន​អ្នក​លឿង ដែល​ស្ថិត​ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង ។

​​បុរស​ខាងលើ​នេះ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ ដោយសារ​តែ​អ្នកស្រុក​សួរនាំ​អ្វី​ក៏​គាត់​មិន​ឆ្លើយ គិតតែ​សំងំ​ដេក​ធ្វើ​ភ្នែក​ព្រិច​ៗ​នៅ​នឹង​ដី​ក្បែរម៉ូតូ​របស់​គាត់ ម៉ាក​ហុងដា​ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ​ចម្លែក​ ដោយ​មិនដឹង​ថា ​ចេញ​ដោយ​អង្គភាព​ណា​ទេ គឺ​លេខ​០២​វ ​៧៤៧៥​។

បុរស​ម្នាក់​នេះ​មាន​វ័យ​ប្រហែល​ជាង៥០​ឆ្នាំ សម្បុរ​ខ្មៅ ពាក់អាវ​ពណ៌​ទឹកក្រូច ស្លៀកខោ​ពណ៌​ខៀវ និង​ជើង​ខាងស្តាំ​ពិការ​ហើយ​ត​ជើង​ឈើ​។

ប្រភព​ព​ត៌​មាន​ពី​អ្នកស្រុក​ដែល​នៅ​ក្បែ​នោះ​បានឱ្យ​ដឹង​ថា គេ​ឃើញ​បុរស​​​ម្នាក់​នេះ ជិះ​ម៉ូតូ​មក​ឈប់​ចត​នៅ​ទីតាំង​ខាងលើ​នេះ តាំងពី​ម៉ោង​១​រសៀល​មក​ម្ល៉េះ ដោយ​មិនដឹង​ថា​ ចាំ​នរណា ឬ​មានរឿង​អ្វី​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកស្រុក​ចម្លែកចិត្ត ហើយ​នាំគ្នា​តាម​មើល​រហូត​នោះ គឺ​គាត់​អង្គុយ​នៅ​លើ​ម៉ូតូ​ម្នាក់ឯង​ទាំង​មេឃ​បើក​ថ្ងៃ​ក្តៅ​ស្ទើរ​បែកផ្សែង ហើយ​មិន​ព្រម​ចូល​ជ្រក​ក្នុង​ម្លប់​សោះ តាំងពី​ម៉ោង​១​រហូត​ដល់​ម៉ោង​៤​រសៀល​ស្រាប់តែ​ទន់​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​ដេក​ទៅ​លើ​ដី មិន​មាត់​មិន​.ក​អ្វី​ទាំងអស់ អ្នកស្រុក​សួរនាំ​អ្វី​ក៏​មិន​ឆ្លើយ ឯ​នៅ​លើ​ដងខ្លួន​ក៏​មាន​ក្លិន​ស្រា​ថែម​ទៀត ហើយ​ពេល​ពិនិត្យ​ម៉ូតូ​របស់​គាត់​ឃើញ​ថា មិន​មាន​សាំង​សូ​ម្បី​តែ​មួយ​តំណក់​សោះ ទើប​សន្និដ្ឋាន​ថា ​គាត់​ស្រវឹងស្រា ហើយ​ជិះ​ម៉ូតូ​ទាល់តែ​អស់​សាំង​ទៅ​មុខ​លែង​រួច មិនដឹង​ទៅ​ណា​ក៏​អង្គុយ​សំកុក​នៅ​លើ​ម៉ូតូ​តែ​ម្តង ប៉ុន្តែ​ដោយសារ​តែ​សំកុក​នៅ​ក្រោម​កំ​ដៅ​ថ្ងៃ​ក្តៅ​ខ្លាំងរយៈពេល​យូរ​ពេក ទើប​ធ្វើ​ឱ្យ​​រលំ​ដួល​ទៅ​មុខ​មិន​រួច​ទាំង​ម៉ូតូ ​និង​ម្ចាស់​បែប​នេះ​ទៅ​។

ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​ហួសចិត្ត​ទៅ​ទៀត​នោះ គឺ​គាត់​ដួល​ដេក​នៅ​លើ​ដី​បែប​នេះ​ហើយ តែ​គ្មាន​សមត្ថកិច្ច​ ឬ​អាជ្ញាធរ​ណា​ចេញ​ទៅ​ពិនិត្យ​មើល ឬ​ជួយ​លើក​ទៅ​ដាក់​នៅ​កន្លែង​ដ៏​សមរម្យ​នោះ​ទេ គឺ​ទុក​គាត់​ចោល​ឱ្យដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ​នោះ រហូត​ដល់​យប់​ជ្រៅ​ទើប​មាន​អ្នកស្រុក​ឆ្លងកាត់​ឃើញ​អាណិត ​នាំ​គ្នា​សែង​យក​ទៅ​ដាក់ឱ្យ​គាត់​សំរាកនៅ​លើ​គ្រែ​លក់​នំ​បញ្ចុក​ក្បែ​រនោះ​ទៅ​។

ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​បន្ទាប់ ពេល​ភ្ញាក់ពីដេក​ និង​ស្វាង​ស្រវឹង ហើយ​នោះ បុរស​ពិការ​ជើង​ម្នាក់​នេះ​បាន​បណ្តើរ​ម៉ូតូ​ទៅ​ដើរ​សុំ​លុយ​គេ​ចាក់​សាំង នៅ​ចំណុច​ផ្លូវបំបែក​ឡើង​ស្ពាន​អ្នក​លឿង ហើយ​ត្រូវ​បាន​ក្រុម​អ្នក​រត់​ម៉ូតូឌុប​ជួយ​ចាក់​សាំង​ និង​ទិញ​បាយ​ទឹក​ឱ្យហូប​ឱ្យ​មានកំ​លាំង ដើម្បី​​​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​បុរស​ចំណាស់​ម្នាក់​នេះ​បែរជា​អះអាង​ថា មិន​ទៅ​ផ្ទះ​វិញ​ទេ​។

គាត់​បាន​បញ្ជាក់​ថា ផ្ទះ​របស់​គាត់​នៅ​ត្រាំខ្នា ខេត្តតាកែវ ហើយ​គាត់​ដើរ​ផឹក​ស្រវឹង​មក​ដល់អ្នក​លឿង​នេះ គឺ​ដោយសារ​តែ​ខឹង​កូន​ទាំងស្រី​ទាំងប្រុស មួយ​ថ្ងៃ​ៗ​នាំ​គ្នា​ជក់​ថ្នាំ និង​ផឹកស្រា ស្រែកច្រៀង​រំខាន​អ្នកស្រុក​ដេក​ពួន​មិន​បាន ហើយ​គាត់​ជា​ឳ​ពុក​និយាយ​យ៉ាងណា​ក៏​មិន​ស្តាប់​ទើប​គាត់​ដើរ​ចេញ​ដោយ​ខ្លួនឯង ហើយ​ពេល​ជិះ​ម៉ូតូ​ឆ្លងស្ពាន​អ្នក​លឿង​អារ​ម្ម​ណ៍​ចេះ​តែ​នឹកឃើញ​រឿង​និយាយ​ស្តីឱ្យ​កូន​មិន​ស្តាប់ កើត​ក្តៅចិត្ត​ពេល​ឆ្លង​ផុត​ស្ពាន ក៏​ឈប់​ម៉ូតូ ហើយ​វាយ​កំទេច​ម៉ូតូ​ចោល​រហូត​បែក​ខ្ទេច​មួយ​កំណាត់​ខាង​មុខ តែ​ហត់​ពេក​ក៏​ឈប់​ហើយឡើង​ជិះ​ម៉ូតូ​រក​កន្លែង​ផឹក​ទៀត លុះ​ពេល​ផឹក​អស់​លុយ​ក៏​ជិះ​ម៉ូតូ​ដើរ​រក​កន្លែងដេក មក​ដល់កន្លែង​កើតហេតុ​ស្រាប់តែ​ម៉ូតូ​ខូច​ទៅ​មុខ​លែង​រួច ហើយ​មិនដឹង​ទៅ​ណា ទើប​គាត់​អង្គុយ​សំកុក​នៅ​លើ​ម៉ូតូ​តែ​ម្តង​ទៅ ប៉ុន្តែ​ពេល​អង្គុយ​យូរ​ៗ​ទៅ​ស្រាប់តែ​លែង​ដឹងខ្លួន លុះ​ពេល​ដឹងខ្លួនឡើង​វិញ គឺ​នៅ​លើ​គ្រែគេ ​និង​ព្រឹក​បាត់​ទៅ​ហើយ ទើប​បណ្តើរ​ម៉ូតូ​ដើរ​រក​សុំ​លុយ​គេ​ដើម្បី​ចាក់សាំង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​៕