ពិធីប្រគល់​តុ​​​កៅអី​ដល់​​សាលា​បឋម​សិក្សា​ ប៊ុន រ៉ានី ហ៊ុន សែន ​ឧត្តម​សមាគម

ខេត្ត​ព្រៃវែង ៖ ​កាលពី​រសៀល​ថ្ងៃទី​១៣ ខែ​ធ្នូ ​ឆ្នាំ២០១៥ ​​លោក យក់ ប៊ុនណា ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ ប្រចាំ​ស្រុក​ពាមរក៍ និង​ជា​ប្រធានក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​ព្រែក​ខ្សាយ​«ក» បាន​នាំ​យក​តុ​ចំនួន​៣៥ និង​កៅអីចំនួន​៧០ មក​ប្រគល់​ជូន​ដល់​​​សាលា​បឋម​សិក្សា​​ ប៊ុន រ៉ានី ហ៊ុន សែន ឧត្តម​សមាគ ស្ថិតនៅ​ក្នុង​ភូមិ​ឧត្តម ​ឃុំ​ព្រែក​ខ្សាយ​«ក»​ ស្រុក​ពាម​រក៍ ។

ពិធី​​ប្រគល់​​តុ​និង​កៅ​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​លោក​​និង​ក្រុម​ការ​ងារ​ មាន​អាជ្ញាធរ ភូមិ​ឃុំ និង​ស្រុក បាន​ចុះ​ពិនិត្យ​ស្ថានភាព​ និង​ទិដ្ឋភាព​​ទូទៅ​​នៅ​ក្នុង​​បរិវេណ​​ក្រៅ​និង​ក្នុង​សាលា ក៏​ដូច​ជា​​​តាម​​ថ្នាក់​រៀន​​​ ឃើញ​​ថា ​អគារ​​សិក្សា​មួយ​ចំនួន​មានការ​ទ្រុឌ​ទ្រោម រី​ឯ​គ្រឿង​​សង្ហារិម​ ​មាន តុ កៅអី សម្រាប់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏មា​ន​ការ​បាក់​​​បែក​​ខូច​ខាត​អស់​ច្រើន ។​

លោក​ សេន វាសនា ជា​នាយក​​សាលា បាន​ឱ្យ​ដឹង​ថា ​សាលា​នេះ ​​មាន​អគារ​ចំនួន​៨​ខ្នង ស្មើ​នឹង​៣៤​បន្ទប់ មាន​​គ្រូ​បង្រៀន​សរុប​ចំនួន​៤៦​រូប (​អ្នកគ្រូ​២២​រូប) ​សិស្ស​៧៩៥នាក់ (ស្រី៣៩៦នាក់) ​។ ក្នុងនាម​លោក​ជា​នាយក​​ នាយករង ​និង​លោក​គ្រូ អ្នកគ្រូ ​ព្រម​ទាំង​សិស្សានុសិស្ស​​ទាំង​អស់ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ដល់​​លោក យក់​ ប៊ុនណា ​​​និងក្រុម​ការ​ងារ​ ។

លោក យក់​ ប៊ុនណា​ ​​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញា​ធរ​ដែន​ដី មាន​មេភូមិ មេឃុំ ​ធ្វើ​យ៉ាង​ណា​ជួយ​ណែនាំ​​ប្រជា​ពល​រដ្ឋ​​​ដែល​រស់នៅ​ជាប់​នឹង​របង​សាលា​ ​ឈប់​រំលោភ​យក​ដី​សាលា ឈប់​សង់​បង្គន់​បុក​ចូល​សាលា ត្រូវ​ចេះ​ជួយ​​ថែ​រក្សា និង​ការ​ពារ​​សាលា ព្រោះ​​សាលារៀន​​ជា​របស់​យើង​ទាំង​អស់គ្នា​ទុកសម្រាប់កូនចៅ​បាន​​សិក្សា​រៀន​សូត្រ​យូរ​អង្វែង ​ក៏​ដូចជា​​​​ជួយ​​លើវិស័យ​​​អប់​រំ​​ផង​ដែរ ៕