សម្តេចតេជោ​ ​ហ៊ុន សែន​ ​ស្នើឲ្យរដ្ឋមន្រ្តីក្រសួង​​យុត្តិធ៌មកុំដាក់សំណើ​​ដោះលែង​ចោរប្លន់​​និងអ្នកជួញដូរ​គ្រឿងញៀន

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានមានប្រសាសន៍​ស្នើឲ្យរដ្ឋមន្រ្តីក្រសួង​យុត្តិធ៌ម លោក អង្គ វង្សវឌ្ឍានា​ ពិនិត្យពិចារណា​ឲ្យបានហ្មត់ចត់​ក្នុង​ការដាក់សំណើ​មកសម្តេចដើម្បីសុំលើកលែង​អ្នកទោស​ ពិសេសអ្នកទោស​ដែលមានប្រវត្តិជា​ចោរប្លន់ និងអ្នកជួញដូរ​គ្រឿងញៀន ។

បើតាមសម្តេចតេជោ​នាយករដ្ឋមន្រ្តីក្រុមចោរប្លន់ ​និងអ្នកជួញដូរគ្រឿងញៀន​មិនត្រូវដោះលែងនោះទេ ​ព្រោះបើលែង ​ចេញមកវិញធ្វើសកម្មភាព​និងមុខដដែលហ្នឹង ។

សម្តេចតេជោ​ ហ៊ុន សែន ​​​មានប្រសាសន៍ខាងលើបែបនេះ ​បានធ្វើឡើងនៅមជ្ឈមណ្ឌល​កោះពេជ្រ ​នាព្រឹកថ្ងៃទី១៤ ធ្នូ ២០១៥​ ក្នុងឱកាស​សម្តេចបានអញ្ជើញជាអធិបតី​នៅក្នុងពិធី​ផ្សព្វផ្សាយ​ទស្សនទាន​​ ​សីលធម៌សាសនា​​ ដើម្បីសុខដុមនីយកម្ម​នៅកម្ពុជា​​ ក្នុងទិវាសកម្មភាព​សាសនា ​​ដើម្បីកុមារនៅកម្ពុជា។

ការលើកឡើង​របស់ប្រមុខរាជរដ្ឋាភិបាល​អាណត្តិទី៥នេះដែរ ​បានធ្វើឡើងបន្ទាប់ពី​អំពើប្លន់ប្រដាប់អាវុធ​បានកើនឡើងនិងញ័ររន្ទឺក្នុង​រាជធានីភ្នំពេញនិង​នៅតាម​បណ្តាខេត្ត​មួយ​ចំនួននាប៉ុន្មានថ្ងៃនេះ ​ក្នុងនោះបានធ្វើឲ្យ​ជនរងគ្រោះស្លាប់ និងរបួសជាច្រើននាក់ ​និងបាត់បង់ទ្រព្យសម្បត្តិ​អស់ជាច្រើននោះថែមទៀត ៕