សម្តេចតេជោ​ ហ៊ុន សែន​ នឹងសរសេរប្រវត្តិរំលឹក​ខួប៤០ឆ្នាំនៃថ្ងៃរៀបការ​របស់សម្តេច​នៅដើមខែមករា

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម​ ( Facebook)​ សម្តេចតេជោ ហ៊ុន សែន ​បានសរសេរបង្ហោះនៅ​ប៉ុន្មាននាទីមុននេះ​ ​មានខ្លឹមសារទំាងស្រុងថា " ខ្ញុំច្បាស់ជាមានកំហុស​ ប្រសិនបើមិនបាន​បកស្រាយលើរូបថតប៉ុន្មាន​សន្លឹកស្តីពីការរៀបការរបស់ខ្ញុំនិងភរិយា។ ​កំហុសនេះវាទាក់ទង​នឹ​ងប្រវត្តិសាស្ត្រនៃរបបនយោបាយ នៅកម្ពុជាទៀតផង ​។ ដោយមានសំណួរថាតើក្នុងរបប​ ប៉ុល ពត ​មានសម្លៀកបំពាក់រៀបការ​ដូចរូបថតខ្ញុំ និង​ ភរិយាបានស្លៀកដូច​មានក្នុងរូបថតនេះឬទេ?

សូមជំរាបជូនថា ​ ពុំមានសេសសល់ទេនូវ​ទំនៀមទម្លាប់ប្រពៃណីក្នុង​រយៈពេលនៃការកាន់អំណាចរបស់ពួកប៉ុល ពតពីឆ្នាំ១៩៧៥​ដល់ដើមឆ្នាំ១៩៧៩។ ​សំរាប់ការស្លៀក ពាក់មនុស្សទាំងអស់​ទូទាំងប្រទេសត្រូវតែស្លៀកពាក់ខ្មៅ។​ ថ្ងៃដែលខ្ញុំរៀបការភរិយាខ្ញុំស្លៀកសំពត់​ខ្មៅពាក់អាវខ្មៅបង់​កក្រមានិងកាត់សក់ខ្លីដូច​រូបថតមួយសន្លឹកនេះ។ ឯខ្ញុំស្លៀកខោខ្មៅ ​ពាក់អាវខ្មៅនិងបង់កក្រមា ​។ មិនថាតែខ្ញុំនិងភរិយានោះទេ ​មនុស្សទាំងអស់នាពេលនោះ​មានស្ថានភាពដូចៗគ្នា។

ខ្ញុំនឹងផ្សព្វផ្សាយ​នូវអត្ថបទដែលនិយាយ​លំអិតពីប្រវត្តិនៃការរៀបការ​របស់ខ្ញុំនៅថ្ងៃទី៣,៤, ៥ ខែ មករា ​ឆ្នាំ ២០១៦​ ដើម្បីរំលឹកខួប៤០ឆ្នាំ ​នៃថ្ងៃរៀបការរបស់ខ្ញុំ ​និង ភរិយា ដែលរៀបការម្តងចំនួន១៣គូរ​។ រូបថតដែលខ្ញុំនិងភរិយាថត​ក្នុងសម្លៀកបំពាក់ប្រពៃណីនេះ​ គឺថតនៅឆ្នាំ១៩៨៨ ​គឺនៅពេលដែលយើង​មានកូន៦នាក់ ​និងកូនពៅ ​អាយុ៥ឆ្នាំ រួចទៅហើយ។ ​ពេលរៀបការខ្ញុំមានអាយុ២៤ឆ្នាំ ​ឯភរិយាខ្ញុំអាយុ២២ឆ្នាំ។​ពេលថតរូបខ្ញុំមានអាយុ៣៦ឆ្នាំ ឯភរិយាខ្ញុំអាយុ៣៤ឆ្នាំ។​ក្រុមគ្រួសារខ្មែរដែលបានរៀបការក្នុងជំនាន់ ប៉ុលពត ​ហើយដែលនៅជួបជុំគ្នាមួយ​ចំនួនបានខិតខំទៅថតរូបទុក​ជាអនុស្សាវរីយសំរាប់កូនចៅ។

សូមកុំភ័ន្តច្រឡំថា ​សម័យ ប៉ុលពត ​មានសម្លៀកបំពាក់បែបនេះ​។ ដោយសាររបបឃោរឃៅព្រៃផ្សៃ​បែបនេះហើយ ​ទើបចាំបាច់ត្រូវវាយ​ផ្ដួលរំលំរបបនេះនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ​៧មករា ១៩៧៩​ បានផ្ដល់ឱយជាតិយើងរស់ឡើងវិញ​ និង​ រីកចំរើនរហូតដល់សព្វថ្ងៃ៕